adverise with khmeread 1

Arsenal ទាត់ចោល​ឱកាស​ប្រជែង​ពាន Premier League ដោយ​ខ្លួនឯង បន្ទាប់ពី​ស្មើ​ជាមួយ Crystal

​    ​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទាត់ចោល​ឱកាស​ប្រជែង​ជើងឯក Premier League ទាំងស្រុង បន្ទាប់ពី​ធ្វើបាន​ត្រឹម ១-១ ជាមួយ​ក្រុម​ខ្សោយ Crystal Palace កាលពី​យប់មិញ​។​

​    ​Arsenal បាន​គ្រប់គ្រង​ការប្រកួត​សឹង​ទាំងស្រុង​ក្នុង​តង់​ទីមួយ ប៉ុន្តែ​មិនសូវ​មានឱកាស​ស៊ុត​ឡើយ រហូតដល់​កីឡាករ Alexis Sanchez បានតែ​ត​បញ្ចូល​ទី​នៅ​ចុង​តង់​ទីមួយ និង​បានផ្តល់​ក្តីសង្ឃឹម​ដល់​ក្រុម​យ៉ាង​មុតមាំ​។​

​    ​នៅក្នុង​តង់​ទី​ពីរ ពួកគេ​ក៏មាន​ឱកាស​ច្រើន​គួរសម​ដែរ ប៉ុន្តែ​មិនមាន​កីឡាករ​ណា​ម្នាក់​អាចធ្វើ​ស៊ី​បានឡើយ​រហូតដល់​នាទី​ទី ៨១ កីឡាករ Bolasie របស់ Crystal បាន​ស៊ុត​មួយ​ជើង​ដូច​រន្ទះ​នៅលើ​ដំបូលទូក និង​បាន​ចូល​ទី​យ៉ាង​ស្រួល​ខណៈ​អ្នកចាំទី Petr Cech មិនអាច​ជួយសង្គ្រោះ​បាល់​នោះបាន​នោះទេ​។​

​    ​តាំងពី​ចូលមក​ដល់​ឆ្នាំ ២០១៦ ថ្មី​នេះ Arsenal បាន​ទាត់ចោល​ឱកាស​យកឈ្នះ​ការប្រកួត​ជាច្រើន ដែល​ភាគច្រើន​ពួកគេ​បាន​យកឈ្នះ​ក្នុង​តង់​ទីមួយ ឬក៏​ដល់​តង់​ទី​ពីរ ប៉ុន្តែ​កាំភ្លើង​ធំ បាន​បំផ្លាញ​លទ្ធផល​របស់ខ្លួន​ឯង ខណៈ ៩៥% គឺ​ភ្លាត់​នៅ​ចុង​ម៉ោង​តង់​ទីមួយ​និង​ទី​ពីរ​៕

 

adverise with khmeread

មតិយោបល់