adverise with khmeread Index

ផ្ទះកូដកម្ម៣រោងចក្រដោះស្រាយបានមួយរោងចក្រ

     ភ្នំពេញ ៖ កម្មករ កម្មការិនីនៅ៣រោងចក្របាននាំគ្នាធេី្វកូដកម្ម អហិង្សាដើម្បីទាមទារលក្ខខណ្ឌការងាររបស់ខ្លួននៅក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃទី១៧និង១៨ធ្នូឆ្នាំ២០១៥ ក្នុងនោះមានរោងចក្រមួយបានដោះស្រាយបញ្ចប់នៅរសៀលថ្ងៃទី១៨ធ្នូនេះ ។ ដោយឡែកកូដកម្មរ៊ាំរៃនៅរោងចក្រស្បែកជើងលីដវីនស៊ូ កូដកម្មនៅបន្ត តែចំនួនកម្មករចូលរួមធ្វើកូដកម្មមានការថយចុះ។
    ទី១-រោងចក្រកាត់ដេរអិចប្រេសិនដែលមានទីតាំងនៅភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ មានកម្មករសរុប២៨០នាក់ ហើយមានកម្មករប្រមាណ១០០នាក់ធ្វើកូដកម្មដឹកនាំដោយសហជីពលីវេងដើម្បីការទាមទារលក្ខខណ្ឌការងារ១៧ចំណុច ប៉ុន្តែចំណុចសំខាន់មាន៧។
    លក្ខខណ្ឌនោះគឺ១-ចំពោះថ្ងែបុណ្យនិងថ្ងែអាទិត្យក្រុមហ៊ុនត្រូវគុណនឹង២ជូនកម្មករ ២-ចំពោះការងារថែមម៉ោងត្រូវផ្អែកលេីគោលការណ៍ស្ម័គ្រពីកម្មករ ៣-សូមឲ្យក្រុមហ៊ុនផ្តល់លុយបាយថ្ងែត្រង់២ពាន់រៀលក្នុងមួយថ្ងែ ៤-ក្រុមហ៊ុនមិនត្រូវបញ្ឈប់កម្មករដោយគ្មានមូលហេតុនោះទេ ៥-ក្រុមហ៊ុនត្រូវរៀបចំបេីកប្រាក់ខែជូនកម្មករឲ្យបានមុនម៉ោង៤ល្ងាច ៦-សូមឲ្យក្រុមហ៊ុនទទួលយកឈ្មោះ សួង សុភាព
 ចូលធ្វេីការងារវិញនិង៧-សូមឲ្យក្រុមហ៊ុនទូទាត់សងរំលឹកជូនកម្មករនិងប្រាក់បន្ថែមម៉ោងដែលក្រុមហ៊ុនមិនបានអនុវត្តកន្លងមក។
     បន្ទាប់ពីមានការជួបចរចាត្រីភាគី ការដោះស្រាយចំពោះមុខក្រុមហ៊ុនបានហៅតំណាងកម្មករនិងតំណាងសហជីពចូលដោះស្រាយនៅក្នុងរោងចក្រដោយមានអាជ្ញាធរមូលដ្ឋានជួយសម្របសម្រួលហើយបានសះជានឹងគ្នានៅវេលាម៉ោង២កន្លះរសៀលថ្ងៃដដែល ដោយភាគីកម្មករសន្យាចូលធ្វើការវិញនៅព្រឹកថ្ងៃទី១៩ធ្នូ។
    ទី២-កូដកម្មរោងចក្រកាត់ដេរ ជីអេវើហ្គ្រីននៅភូមិព្រៃល្វា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានកម្មករជាច្រើននាក់បាននាំគ្នានាធ្វើកូដកម្មកាលពីថ្ងៃទី១៧ធ្នូ ហើយបន្តធ្វើដល់ថ្ងៃទី១៨ធ្នូនេះនៅពុំទាន់មានដំណោះស្រាយនៅឡើយ ក្នុងគោលបំណងទាមទារលក្ខខណ្ឌការងារ៩ចំណុច។
    លោកសៀង រិទ្ធី ប្រធានសហព័ន្ធសហជីពសាមគ្គីភាពការងារកម្ពុជាបានឲ្យដឹងថា លក្ខខណ្ឌ៩ចំណុចរួមមាន១-សុំផ្តល់លុយបាយថ្ងៃត្រង់២ពាន់រៀលក្នុងមួយថ្ងៃ ២-សុំកាត់លុយព្រីមតាមសមាមាត្រ ៣-នៅពេលកម្មករសុំច្បាប់មានសំបុត្រពេទ្យទទួលស្គាល់សុំក្រុមហ៊ុនរក្សាប្រាក់ឈ្នួលនិងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ៤-ពេលក្រុមហ៊ុនបន្តកិច្ចសន្យាសុំក្រុមហ៊ុនបើកប្រាក់៥ភាគរយក្នុងរយ:ពេល២ថ្ងៃ ៥-សុំក្រុមហ៊ុនបើកប្រាក់ធ្វើដំណើរ១០ដុល្លារក្នុង១ខែ ៦-កម្មការិនីមានផ្ទៃពោះបានសម្រាក១ថ្ងៃក្នុង១ខែដើម្បីពិនិត្យផ្ទៃពោះហើយរក្សាប្រាក់ឈ្នួល ៧-ធ្វើការថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្ត ៨-ចំពោះកម្មករដេរស៊ីបុង ពួកគាត់ដេរមិនគ្រប់តម្លៃបុង សុំក្រុមហ៊ុនបន្ថែមឲ្យគ្រប់តម្លៃបុង និង ៩-ចំពោះកម្មករសាកល្បងក្រុមហ៊ុនគួរគិតប្រាក់បន្ថែមម៉ោងតាមគោលការណ៍ច្បាប់។
    ទី៣-ដោយឡែកកូដកម្មនៅរោងចក្រស្បែកជើងលីដវីនស៊ូ ខេមបូឌា (Leadwind Shoes Cambodia)ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានកម្មករ កម្មការិនីប្រមាណជាង២០០នាក់ដែលបានធ្វើកូដកម្មជាច្រើនថ្ងៃមកនោះ ឥឡូវបានថយចុះនៅប្រមាណ១០០នាក់ប៉ុណ្ណោះ ទន្ទឹមនឹងតុលាការបានចេញដីការក្សាការពារបង្គាប់ឲ្យកម្មករទាំងអស់ចូលបម្រើការងារវិញ និងហាមឃាត់មិនឲ្យក្រុមបាតុកររារាំងដល់កម្មករដែលបន្តធ្វើការនៅមុខរោងចក្រ ៕

adverise with khmeread

មតិយោបល់