adverise with khmeread 11c5ba01 6345 4769 9ca6 3367b573506d

បើករថយន្ត​បុក​ដើមឈើ ស្លាប់​និង​របួស​៦​នាក់ស្រុក​សង្កែ​

    បាត់ដំបង ៖ មាន​ករណី​រថយន្តបុក​ដើមឈើ ស្លាប់​និង​របួស​៦​នាក់ ខណៈ​ងងុយដេក​មួយ​ផាំង​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​ក្រុមទី​៦ ភូមិ​សាលា​ត្រាវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

     ជនរងគ្រោះ​មួយ​គ្រួ​សារបាន​រងរបួស និង​ស្លាប់ ខណៈ​ពួកគេ​បាន​វិលត្រឡប់​មកពី​ធ្វើ​បុណ្យសព​ឲ្យ​ឪពុក​នៅឯ​ខេត្តព្រៃវែង ហើយ​បើករថយន្ត​ទាំងយប់ និង​ងងុយដេក បណ្ដាល​ឲ្យ​រថយន្ត​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅបុក​នឹង​គល់ឈើ​ពេញទំហឹង​តែម្តង។​

     គ្រោះថ្នាក់​ដោយ​ខ្លួនឯង និង​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​នីសា​ន់​ធុន​តូច ពណ៌​ឈាមជ្រូក ពាក់​ស្លាក​លេខ ភ្នំពេញ​2Q-8763 បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ដោយ​ឈ្មោះ ជិន នី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ឈើទាល ឃុំ​ជ្រេះ ស្រុក​ជុំ​គិរី ខេត្តកំពត​។​

      រថយន្ត​នេះ​គឺ​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បំផុត ដោយ​មកដល់​ត្រង់ចំណុច​កើតហេតុ ក៏​ស្រាប់តែ​រេ​ចង្កូត​ទៅ​ឆ្វេង​ធ្លាក់​ចេញពី​លើផ្លូវ​ជាតិ​ចុះទៅ​បុក​គល់​អំពិល​ទឹក​ពេញទំហឹង ធ្វើ​ឲ្យ​ក្បាល​រថយន្ត​រួញ​ជាប់​តែម្ដង​។​

      ខណៈនោះ​ដែរ ទាំង​សមត្ថកិច្ច ក៏ដូចជា​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​តំបន់​នោះ បានចេញ​មកជួយ ប៉ុន្តែ​មិនអាច​យក​រថយន្ត​ឡើង​មកលើ​បានឡើយ ដោយ​គ្រាន់តែ​បាន​ជួយ​បញ្ជូន​អ្នករបួស​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​តែប៉ុណ្ណោះ​។​

      ដោយឡែក​សព​គឺ​ទុក​នៅក្នុង​រថយន្ត​រង់ចាំ​រហូតដល់​ព្រឹក​ទើប​សាច់ញាតិ និង​ក្រុមគ្រួសារ​មក​នាំយកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​។ ​

      ក្រោយពី​បានធ្វើការ​សាកសួរ​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​បងស្រី​ឈ្មោះ​ ជិន សា​មៀត រស់នៅ​ភូមិ​ឫស្សី​ជួរ ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ពួកគាត់​ទាំងអស់គ្នា​បាន​វិលត្រឡប់​មកពី​ខេត្តព្រៃវែង ដោយ​ឡើង​ទៅធ្វើ​បុណ្យសព​ឪពុក ហើយ​វិលត្រឡប់​ទៅកាន់​ក្រុង​ប៉ោយប៉ែត​វិញ ដោយបាន​ធ្វើដំណើរ​ទាំង​យប់​។​

      ស្ត្រី​ដដែល​បាន​បន្ថែមថា នៅក្នុង​រថយន្ត​នេះ​មាន​អ្នកជិះ​ទាំងអស់​៦​នាក់ ហើយ​មក​តាមផ្លូវ​ប្អូន​របស់គាត់​បាន​ឈប់សម្រាក​នៅតាម​ផ្លូវ​ចំនួន​ពីរដង​រួចមកហើយ ដោយសារតែ​គេ ងងុយដេក​ខ្លាំងពេក​។​

    បន្ទាប់មក​ពួកគេ​ក៏បាន​ចេញដំណើរ​ទាំងយប់​បន្តទៀត ស្រាប់តែ​មកដល់​ត្រង់ចំណុច​ខាងលើ រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ ហើយ​ធ្លាក់​ទៅបុក​នឹង​គល់ឈើ​តែម្ដង ធ្វើ​ឲ្យ​ប្អូនប្រុស​របស់គាត់ ដែលជា​អ្នក​កាន់ចង្កូត​បាន​រង​របួស​ជា​ទម្ងន់។ រីឯ​ប្រពន្ធ​របស់គេ​ត្រូវបាន​ស្លាប់ ដោយសារតែ​មិនបាន​ដាក់​ខ្សែក្រវាត់ ធ្វើ​ឲ្យ​បោក​ទៅខាង​មុខ និង​មុត​កញ្ចក់​ត្រង់​បំពង់ករយៈ​យ៉ាង​ធំ​។​

    បច្ចុប្បន្ននេះ​សមត្ថកិច្ច​បានធ្វើការ​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ នាំយកទៅ​ធ្វើបុណ្យ​នៅឯ​ស្រុកកំណើត​ហើយ​។ ចំណែក​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ដោយសារតែ​អាកា​រៈ​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងពេក​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់