adverise with khmeread 27fe3547 2ca7 4937 8349 9f30e753184b

ជនបរទេស​២​នាក់ ស្រវឹងស្រា​ជោក​បើករថយន្ត​ជ្រុល​ទៅបុក​រថយន្ត​លុច​ស៊ីស​ក្រឡាប់​

    ភ្នំពេញ ៖ បុរស​២​នាក់​ជា​ជនបរទេស​ស្រវឹងស្រា​ឡើង​ជោកជាំ បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ដល់​ផ្លូវបំបែក​ជា​បួន មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​លុច​ស៊ីស ​RX400 បណ្ដាល​ឲ្យ​ក្រឡាប់​ជើង​មួយ​ចំហៀង តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មនុ​ស្សណា​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​នោះទេ។​

     គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ ​និង​២០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​១៦៣ កែង​និង​ផ្លូវ​៤៣២ ស្ថិតក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន​។​

     ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹងថា ដំបូង​គឺ​ពួកគាត់​ឃើញ​រថយន្ត ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្លែ ពាក់​ស្លាក​លេខ​ CD80-070 ដែល​បើកបរ​ដោយ​បុរស​ជនជាតិ​វៀតណាម​២​នាក់ ទាំង​ស្ថានភាព​ស្រវឹងស្រា​ឡើង​ជោគជាំ បាន​បើករថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន​ទិសដៅ​ពី​លិចទៅ​កើត។​

     ខណៈ​មកដល់​ចំណុចកើតហេតុ​ដែលជា​ផ្លូវបែក​ជា​បួន មិន​បន្ថយល្បឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​លុច​ស៊ីស ​RX400 ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AE-9276 ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​ល្មម​ទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ដែល​បាន​បើក​ឆ្លងផ្លូវ​ជិត​ផុត​ទៅហើយនោះ ក៏ត្រូវ​រថយន្ត​បង្ក​បុក​ចំហៀង​ក្រោយ​ពេញទំហឹង​បណ្ដាល​ឲ្យ​ផ្ងារជើង​ឡើងលើ​តែម្ដង ហើយ​រថយន្ត​បង្ក​បាន​រង​ការខូចខាត​ផ្នែក​ខាងមុខ​យ៉ាងដំណំ​។​

     ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ត​បង្ក​យកទៅ​ប៉ុស្តិ៍​រដ្ឋបាល ទួល​ទំពូង​១ និង​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍ ដើម្បី​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រថយន្ត​ទាំងពីរ​នោះ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់