បន្ទាយមានជ័យ ៖ ម៉ូតូដែលក្រុមក្មេងស្ទាវកែច្នៃបំពង់ស៊ីម៉ាំងឱ្យឮខ្លាំងៗ ចំនួន២៩គ្រឿងដែលចាប់បានក្នុងអំឡុងពេលបុណ្យចូលឆ្នាំ ត្រូវបានប៉ូលិសស្រុកមង្គលបូរីប្រគល់ឱ្យប្រើប្រាស់វិញជាបន្តបន្ទាប់ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមេសា ឆ្នាំ២០១៦ បន្ទាប់ពីធ្វើការអប់រំនិងមានអាណាព្យាបាលមកធានា។
ប៉ូលិសនិយាយថា ដោយមានការណែនាំពីលោក អាត់ ខែម ស្នងការប៉ូលិសខេត្តបន្ទាមានជ័យ ប៉ូលិសស្រុកមង្គលបូរីបានធ្វើការអប់រំ និងប្រគល់ម៉ូតូចំនួន ២៩គ្រឿង ឱ្យម្ចាស់យកទៅប្រើប្រាស់វិញ ខណ:ពេលអាណាព្យាបាល នៃក្មេងទាំងនោះ បានយកជាងមករៀបចំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដើមវិញគឺមិនលាន់ឮសំលេងខ្លាំងៗដូចកាលសមត្ថកិច្ចចាប់យកមកភ្លាមៗ។
ប៉ូលិសបន្ថថា ម៉ូតូទាំង២៩គ្រឿងខាងលើនេះ សមត្ថកិច្ចបានចាប់បានជាបន្តបន្ទាប់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរយៈពេល៤-៥ថ្ងៃកន្លងទៅនេះ ខណៈពេលពួកគេបើករោទិ៍ម៉ាស៊ីនខ្លាំងៗរំខានដល់ប្រជាពលរដ្ឋ៕
