adverise with khmeread Srikanth bolla 600x343

ស្តាប់​គាត់​និយាយ​រួច​ព្រឺ​សម្បុរ​ជួស​! បុរស​ពិការភ្នែក​អាយុ​២៣​ឆ្នាំ​ម្នាក់នេះ​អាចបង្កើត​ក្រុមហ៊ុន​តម្លៃ​រាប់លាន​ដុល្លារ​

​    ​នៅ​អាយុ ២៣ ឆ្នាំ សហគ្រិន​ឥណ្ឌា លោក Srikanth Bolla គឺជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​មួយ​ដែលមាន​តម្លៃ​ជាង ៧,៥ លាន​ដុល្លារ​។ នេះ​ជា​សមិទ្ធផល​អស្ចារ្យ​មួយ​ហើយ ប៉ុន្តែ​អ្វីដែល​ជំរុញ​លើកទឹកចិត្ត​ពិតប្រាកដ​គឺថា​គាត់​អាចធ្វើ​រឿងនេះ​បាន បើទោះបីជា​កើតមក​ពិការភ្នែក​ទាំងស្រុង​ក៏ដោយ​។ សព្វថ្ងៃ លោក​ចាត់ទុក​ខ្លួនឯង​ជា​បុរស​មានសំណាង​បំផុត​ក្នុង​ពិភពលោក មិនមែន​ដោយសារ​ជោគជ័យ​របស់​គាត់​ទេ ប៉ុន្តែ​ដោយសារ​គាត់​មាន​ឪពុកម្តាយ​ដែល​គាំទ្រ​គាត់​ជានិច្ច​។ 

​    ​នៅពេល Srikanth កើតមក​ទាំង​ពិការភ្នែក មិត្តភក្តិ​និង​សាច់ញាតិ​របស់​ឪពុកម្តាយ​គាត់​ជាច្រើន​នាក់​បាន​ណែ​នាំឱ្យ​ពួកគាត់​ឱ្យ​បោះបង់ Srikanth ចោល​។ នេះ​ជា​រឿង​ងាយស្រួល​ធ្វើ​បំផុត ដោយហេតុថា​ពួកគាត់​ក្រីក្រ និង​គ្មាន​ចំណេះដឹង ដោយ​រកចំណូលបាន​ត្រឹមតែ ៣០០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ ប៉ុន្តែ​ពួកគេ​បានជ្រើសរើស​មិន​ត្រឹមតែ​មិន​បោះបង់ចោល Srikanth ទេ តែ​ថែមទាំង​ចិញ្ចឹម​បីបាច់ Srikanth ក្នុង​បរិយាកាស​វិជ្ជមាន​ទៀតផង​។ Srikanth តែង​និយាយ​ជារឿយៗ​ថា "​ពួកគាត់​គឺជា​អ្នកមាន​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់​ជួប​ពីមុនមក​"​។ 

​    ​ការចិញ្ចឹម​បីបាច់ Srikanth បាន​យ៉ាង​ល្អឥតខ្ចោះ​នេះ​បានផ្តល់​ផល​តបស្នង​ពួកគាត់​វិញ​ជាទី​គាប់ចិត្ត​។ សព្វថ្ងៃ Srikanth គឺជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Bollant Industries ជា​ក្រុមហ៊ុន​ស្ថិតនៅ​ទីក្រុង Hyderabad ដែល​ជួល​បុគ្គលិក​ពិការ​ដើម្បី​ផលិត​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​ចំណី​ការពារ​បរិស្ថាន ដែល​ផលិត​ចេញពី​ស្លឹកឈើ និង​ក្រដាស​កែច្នៃ​ឡើងវិញ​។ ក្រុមហ៊ុន​នេះ​មាន​សាខា​ផលិត​ចំនួន ៤ នៅក្នុង​រដ្ឋ​ចំនួន ៣ នៅ​ឥណ្ឌា​ភាគខាងត្បូង ក្នុងនោះ​មាន​រដ្ឋ Andhra Pradesh, Telangana, និង Karnataka​។ ការប្រឹងប្រែង និង​ជោគជ័យ​មិន​នឹកស្មាន​ដល់​របស់ Srikanth បានធ្វើឱ្យ​ពិភព​ជំនួញ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង ដោយ​ទាក់ទាញ​បានការ​វិនិយោគ​ជាច្រើន​ពី​សេដ្ឋី​ជំនួញ​ដូចជា លោក Ratan Tata ជាដើម​។ 

​    ​ទម្រាំ​បាន​ថ្ងៃនេះ​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់ Srikanth ទេ​។ គាត់​ត្រូវ​ជួប​ការ​ប្រឈម​ជាច្រើន​ពេញ​មួយជីវិត​របស់គាត់ ក្នុង​រួមមាន​ទាំង​ការ​ផាត់​ចោល​ពី​សំណាក់​មិត្តភក្តិ​គាត់​នៅក្នុង​សាលារៀន​នៅ​ភូមិ​របស់គាត់​។ ប៉ុន្តែ​ក្រោយមក​គាត់​បាន​ផ្ទេរ​ទៅ​សាលារៀន​សម្រាប់​ក្មេង​ពិសេស ជាទី​ដែល​គាត់​ក្រេបជញ្ជក់​យកចំណេះ​ដឹង និង​បង្កើត​ទម្លាប់​ចូលចិត្ត​លេងអុក និង​កីឡា​គ្រី​ឃី​ត​។ នៅពេល​គាត់​ធំ​ឡើង Srikanth បានចាប់ផ្តើម​ជួប​ការ​ប្រឈម​រឹតតែ​ធំ​ជាង​មុន​។ ទោះបី​គាត់​ពិបាក​តាម​ទាន់​ការសិក្សា​នៅ​វិទ្យាល័យ ក៏ប៉ុន្តែ​ទីបំផុត​គាត់​បាន​រកឃើញ​គ្រូ​ស្រី​ចិត្តល្អ​ម្នាក់​ដែល​រៀបចំ​មេរៀន​ទាំងអស់​ជា​អាត់​សំឡេង ដើម្បី​ជួយ​គាត់​ប្រឡង​បញ្ចប់​វិទ្យាល័យ​ដោយ​ជោគជ័យ​។ 

​    ​ការរើសអើង​ជាច្រើន​ទៀត​បាន​រង់ចាំ​គាត់​នៅខាងមុខ នៅពេល​គាត់​សុបិន​ចង់​រៀន​នៅ​សាកលវិទ្យាល័យ​ដើម្បី​រៀន​ផ្នែក​បច្ចេកវិជ្ជា​។ គាត់​ត្រូវបាន​សាលា​ទាំងនោះ​បដិសេធ​បើទោះបីជា​ប្រឡង​ចូល​បាន​ពិន្ទុ​ខ្ពស់​ក៏ដោយ ដោយយោង​លើ​ពិការភាព​របស់គាត់​។ ប៉ុន្តែ​គាត់​នៅតែ​តស៊ូ​និង​ប្រើប្រាស់​កំណត់ត្រា​ពិន្ទុ​សិក្សា​ខ្ពស់​របស់គាត់​ដើម្បី​ទទួលបាន​ការអនុញ្ញាត​ឱ្យចូល​រៀន​នៅ​វិទ្យាស្ថាន Massachusetts Institute of Technology របស់​អាមេរិក ជាទី​ដែល​គាត់​រៀន​ចប់​ក្នុង​ឆ្នាំ ២០១២​។ បន្ទាប់ពី​រៀន​ចប់​ភ្លាម​គាត់​បាន​វិល​ត្រឡប់មក​ឥណ្ឌា​វិញ​ភ្លែត និង​បាន​សម្រេចចិត្ត​បង្កើត​ក្រុមហ៊ុន​មួយ ដែល​ជួល​មនុស្ស​មានការ​លំបាក​ក្នុង​ជីវិត​ដូចជា​រូបគាត់​។ 

​    ​លោក​បាន​និយាយថា "​សេចក្ដី​មេ​ត្ដា​ករុណា​មិនមែនជា​ការផ្តល់​លុយ​មួយ​កាក់​មួយ​សេន​ដល់​អ្នកសុំទាន​នៅ​ភ្លើងស្តុប​នោះទេ​។ សេចក្ដី​មេ​ត្ដា​ករុណា​គឺជា​ការបង្ហាញ​ផ្លូវ​ដល់​មនុស្ស​ឱ្យ​ចេះ​រស់នៅ និង​ផ្តល់ឱកាស​ដល់​ពួកគេ​ដើម្បី​តស៊ូ​។ ត្រូវ​ចេះ​បង្ហាញ​សេចក្ដី​មេ​ត្ដា​ករុណា និង​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​ក្លាយជា​អ្នកមាន​។ ត្រូវ​រាប់រក​មនុស្ស​ក្នុង​ជីវិត​របស់​អ្នក និង កម្ចាត់​ភាព​ឯកោ​ចេញពី​ពួកគេ និង​ចុងក្រោយ ត្រូវធ្វើ​អំពើ​ល្អ​។ ផល​តបស្នង​នឹង​វិលត្រឡប់​មករក​អ្នក​វិញ​ជាមិនខាន​"​។ 

​    ​Srikanth បាន​បង្កើត​ក្រុមហ៊ុន Bollant Industries ជាមួយ​លោកស្រី Swarnalatha ជា​គ្រូ​ដ៏​មានគុណ​របស់គាត់ និង​ជា​អ្នក​ប្រៀនប្រដៅ និង​ជា​មិត្តភក្តិ​អស់​មួយជីវិត​របស់គាត់​។ អ្នកនាង Ravi Mantha ជា​អ្នកវិនិយោគ​មួយរូប​នៅ​ក្រុមហ៊ុន​បាន​និយាយថា "​គាត់ (​អ្នកគ្រូ​ស្រី​) បាន​បណ្តុះបណ្តាល​បុគ្គលិក​ដែល​ពិការ​ទាំងអស់​នៅ​ក្រុមហ៊ុន Bollant ដោយហេតុ​នេះហើយ​ទើប​បង្កើតបានជា​សហគម​ន៍​ដ៏​ខ្លាំងក្លា​មួយ ជាទី​ដែល​គ្រប់គ្នា​មាន​អារម្មណ៍​ថា​ខ្លួនឯង​មានតម្លៃ​។ Srikanth គឺជា​ប្រភព​នៃ​ការជំរុញ​ទឹកចិត្ត​របស់ខ្ញុំ​។ គាត់​មិន​ត្រឹមតែ​ជា​មិត្តភក្តិ​និង​សិស្ស​ប្អូន​វ័យក្មេង​របស់ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​អ្នក​ប្រៀនប្រដៅ​របស់ខ្ញុំ ដែល​បង្រៀន​ខ្ញុំ​រាល់ថ្ងៃ​ថា អ្វីៗ​ទាំងអស់​សុទ្ធតែ​អាចទៅរួច ប្រសិនបើ​អ្នក​ដាក់ចិត្ត​ធ្វើ​វា​"​។ 

​    ​គោលដៅ​បច្ចុប្បន្ន​របស់ Srikanth គឺ​បើក​រោងចក្រ​ទី ៥ ដែល​នឹង​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ទាំងស្រុង​។ បច្ចុប្បន្ន​គាត់​កំពុង​រៃ​អង្គារ​មូលនិធិ​ដើម្បី​សម្រេច​គោលបំណង​ទី ៥ នេះ​៕ 

ប្រភព៖ Indian Times

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់