adverise with khmeread Bbf8912b 483b 4448 9206 9f5672ce0037

អាវុធហត្ថ​រាជធានី​បង្ហាញ​លទ្ធផល​ចុងក្រោយ​ជុំវិញ​ករណី​ប្លន់​សម្លាប់​និស្សិត​ឆ្នាំ​ទី​៣

     ភ្នំពេញ ៖ ជនសង្ស័យ​ជា​ឃាតករ​៣​នាក់​ក្នុង​ប្លន់​សម្លាប់​ត្រូវ បាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅ​ស្រុក​អង្គស្នួល ខេត្តកណ្តាល​ និង​នៅ​ស្រុក​បូរី​ជលសា ខេត្តតាកែវ  នា​ថ្ងៃទី​១៨​ និង​១៩ ខែ​មេសា ហើយ​បាន​បញ្ជូនទៅ​តុលាការ​នា​រសៀល​ថ្ងៃទី​២០ ​ខែ​មេសា​នេះ បន្ទាប់ពី​បង្ហាញ​មុខជា​សាធារណៈ។​

      មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រោយពី​មាន​ករណី​ឃាតកម្ម​ប្លន់​សម្លាប់ កាលពី​ថ្ងៃទី ១៣​ ខែ​មេសា​ ឆ្នាំ​២០១៦​វេលា​ម៉ោង​៨​កន្លះ​យប់ ស្ថិតនៅ ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ទៅលើ​ជនរងគ្រោះ​ជា​និស្សិត​ឆ្នាំ​ទី​៣​ម្នាក់ ដោយ​ជនល្មើស​ប្រើ​ឈើ​ជ្រុង​យ៉ាង​ធំ​វាយ​ទៅលើ​ក្បាល​របស់​ជនរងគ្រោះ​រហូត​ដល់​ស្លាប់​រួចមក​កម្លាំង​អាវុធហត្ថ​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​បទល្មើស​ព្រហ្ម​ទ​ណ្ទ​រាជធានី​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌ​សែន​សុខ​និង​អាវុធហត្ថ​ខេត្តកណ្ដាល​ចុះបង្ក្រាប​ជនសង្ស័យ​បានជា​បន្តបន្ទាប់​ចំនួន​៣​នាក់​ចំ​ថ្ងៃ​ប្រារព្ធ​បុណ្យ​៧​ថ្ងៃ​ជនរងគ្រោះ​តែម្ដង​រួមជាមួយ​នឹង​វត្ថុតាង​មកជា​មួយ​ផងដែរ​។​

      មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បន្តថា នៅ​ថ្ងៃកើតហេតុ​ជនរងគ្រោះឈ្មោះ ឆាយ ហាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ និ​សិ​ត្ស​ឆ្នាំ​ទី៣​ បានធ្វើ​ដំណើរ​ទៅ​ឃ្លាំង​ដាក់​ហ្គេម​ដែល​ទុកចោល​យូរហើយ​ដើម្បី​អុជ​ធូប​សែន​ទទួល​ទេវតា​ឆ្នាំ​ថ្មី​។ ក្នុងអំឡុង ពេល​រង់ចាំ​ទទួល​ទេវតា​ឆ្នាំ​ថ្មី​យាងចុះ​មកដល់​នោះ ជនរងគ្រោះ​បាន​បើក​ម៉ាស៊ីន​ហ្គេម​ដែល​ទុកចោល​នោះ​លេង ហើយ​ជនល្មើស​ដែលជា​អ្នក​ស្គាល់គ្នា បាន​ចូល​មកសុំ​លេង​ហើយក៏​ឆ្លៀតឱកាស​វាយ​សម្លាប់​ប្លន់​ជនរងគ្រោះ​យក​កាបូប​លុយ​តែម្តង​។

      មន្ត្រី​ដដែល​បន្តថា ក្រោយពេល​កើតហេតុ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បាន​បើក​ការស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​កំណត់​មុខសញ្ញា​បាន​។ នៅ​យប់​ថ្ងៃទី​១៨​មេសា​ឆ្នាំ​២០១៦ ជា​ថ្ងៃ​គម្រប់​ខួប​៧​ថ្ងៃ​របស់​ជនរងគ្រោះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ស្រាវជ្រាវ​ដឹងថា​ជនល្មើស​ម្នាក់​ឈ្មោះ ពង់ វុទ្ធី (​ហៅ បា​ប៊ូ​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​(​ជនដៃដល់​) បាន​លាក់ខ្លួន​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

       នាឱកាស​នោះ​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ចុះទៅ​ចាប់​ជនសង្ស័យ​ម្នាក់នេះ​ដល់ទី​កន្លែង ដោយបាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកណ្តាល​ស្រុក​អង្គស្នួល។​

       បន្ទាប់មក​បាន​ស្រាវជ្រាវ​ទាំងយប់ បន្តទៅ​ចាប់​បក្សពួក​២​នាក់​ទៀត​នៅវេលា​ទៀបភ្លឺ​យប់​ថ្ងៃទី​១៩​មេសា​ឆ្នាំ​២០១៦ មានឈ្មោះ យាំ ភឿន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​(​ជនដៃដល់​) និង ឈ្មោះ ជិន ភក្តី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​(​អ្នក​ចាំមើល​ផ្លូវ​) នៅ​ភូមិ​អន្លង់​បាន ឃុំ​បូរី​ជលសា ស្រុក​បូរី​ជលសា ខេត្តតាកែវ  ដោយមាន​ការសហការ​ពី​កំលាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ​និង​ស្រុក​បូរី​ជលសា។​

       តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំងបី​នាក់​បាន​ប្រាប់ថា កន្លងមក​ក្រុម​វា​ធ្លាប់ធ្វើ​សកម្មភាព លួច ឆក់ ប្លន់​ជាច្រើន​ដង​មកហើយ ដូចជា​ករណី ឆក់​ខ្សែក  នៅ​ចំណុច​រង្វង់​មូល​ចោមចៅ, លួច​អាគុយ​នៅ​ឃ្លាំង​ធ្វើ​ឡាន​៥៩៨ ផ្លូវ​ជា​សុផារ៉ា, លួច​ម៉ូតូ នៅ​រោង​ទិញ​អេតចាយ សង្កាត់​ភ្នំពេញ​ថ្មី និង ចុងក្រោយ​ប្លន់​សម្លាប់​យក​កាបូប​លុយ នៅ​ឃ្លាំង​ដាក់​ហ្គេម ភូមិ​ទំនប់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​លុយ​ដែល​ទទួលបាន​ពី​ការ​លួច ឆក់ ប្លន់ គឺ​ក្រុម​វា​ចែកគ្នា​ដើរ​ស៊ីចាយ​និង​ជក់​គ្រឿងញៀន ក្នុងនោះ​ឈ្មោះ​ពង់ វុទ្ធី (​ហៅ បា​ប៊ូ​) ក៏​ធ្លាប់​ជាប់គុក​កាលពី​ឆ្នាំ​២០០៨​ផងដែរ។

       បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ដែល​ឃាត់ខ្លួន​បាន សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​រសៀល​នេះ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់