adverise with khmeread 3325f9bf00000578 3550181 image a 94 1461183945679

រុស្ស៊ីព្រមានប្រើកម្លាំងតាមគ្រប់មធ្យោបាយប្រឆាំងអាមេរិកនិងណាតូ បន្ទាប់ពីយន្តហោះចម្បាំងរុស្ស៊ីហើរឆ្វែលនាវាអាមេរិកនៅបាល់ទិក

​    យោងតាមវេបសាយដេលីមែលបានឱ្យដឹងថា ​រុស្ស៊ី​បាន​ចោទប្រកាន់​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ថា​បានធ្វើការ​បំ​ផិត​បំភ័យ​ដោយ​បើក​នាវា​ពិឃាត​របស់​កងទ័ពជើងទឹក​អាមេរិក​មក​កៀក​នឹង​ព្រំដែន​រុស្ស៊ី​ក្នុង​សមុទ្រ​បាល់​ទិ​ក និង​បាន​ព្រមាន​ថា យោធា​រុស្ស៊ី​នឹង​ឆ្លើយតប "​គ្រប់​មធ្យោបាយ​ចាំបាច់​" ចំពោះ​ឧបទ្ទវហេតុ​ណាមួយ​ក្នុង​ពេលអនាគត​។ 

​    ​ថ្លែង​បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ប្រេសិត​អង្គការ​ណា​តូ និង​រុស្ស៊ី ដែលជា​កិច្ចប្រជុំ​ដំបូង​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ណា​តូ​បាន​និយាយ​កាលពី​ថ្ងៃទី ១១ មេសា​ថា ឧបទ្ទវហេតុ​នៅ​សមុទ្រ​បាល់​ទិ​កបាន​បង្ហាញថា នឹង​គ្មាន​ការប្រសើរ​ណាមួយ​ឡើយ​ក្នុង​ទំនាក់ទំនង ដរាបណា​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អាមេរិក​ដកចេញ​ពី​ព្រំដែន​រុស្ស៊ី​។ 

​    ​ប្រេសិត​រុស្ស៊ី លោក អា​ឡិច​សង់​ដឺ គ្រូ​ស្កូ (Alexander Grushko) បាន​និយាយថា "​នេះ​គឺជា​ការប៉ុនប៉ង​ដាក់​សម្ពាធ​យោធា​មកលើ​រុស្ស៊ី​។ យើង​នឹង​ប្រើ​គ្រប់​មធ្យោបាយ និង​ការប្រុងប្រយ័ត្ន​ចាំបាច់​ទាំងអស់​ដើម្បី​ឆ្លើយតប​ចំពោះ​ការប៉ុនប៉ង​ប្រើប្រាស់​កម្លាំងយោធា​ទាំងនេះ​"​។ 

​    ​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​ណា​តូ លោក ឌូ​ក្លាស លូត (Douglas Lute) បាន​សង្ខុញ​រុស្ស៊ី​អំពី​ឧបទ្ទវ​ហេតុនេះ ដោយ​ព្រមាន​ថា ឧ​ប​ទ្ទ​ហេតុនេះ​ពិតជា​គ្រោះថ្នាក់​ណាស់​។ 

​    ​សហរដ្ឋអាមេរិក​បាន​និយាយថា នាវា​ពិឃាត USS Cook ដែលមាន​មី​ស៊ី​លប​ញ្ជា​បាន​កំពុង​បំពេញ​ប្រតិ​ប​ត្ត​ការ​ប្រចាំថ្ងៃ​នៅក្បែរ​ប៉ូឡូញ នៅពេល​នាវា​នេះ​ត្រូវបាន​យាយី​រំខាន​ដោយ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ជាច្រើន​គ្រឿង​។ 

​    ​អ្នកការទូត​ណា​តូ​ម្នាក់​បាន​រាយការណ៍​ថា លោក​លូត​បាន​ប្រាប់​លោកគ្រូ​ស្កូ​អំឡុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ណា​តូ​-​រុស្ស៊ី​ថា "​យើង​បាន​កំពុងស្ថិត​ក្នុង​ដែនទឹក​អន្តរជាតិ​នៅ​ខណៈពេល​នោះ​"​។

​    ​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ច​ន ឃឺ​រី បាន​និយាយថា នាវា​ជើង​ទឹក​គួរតែ​បាញ់​យន្តហោះ​ហោ​ធា​រុស្ស៊ី ដែល​ហោះ​ឆ្វែល​ខ្លួន​៕

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់