ភ្នំពេញ ៖ បុរស២នាក់ជិះឡានទៅទិញថ្នាំញៀនមិនទាន់បានប្រើផង ប៉ូលិសចាប់ខ្លួនកាលពីវេលាម៉ោង៤ និង៣០នាទីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប៉ូលិសនិយាយថា ជនសង្ស័យទី១-ឈ្មោះ ស្រ៊ាង បញ្ញា ភេទប្រុស អាយុ២៦ឆ្នាំមុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទី២-ឈ្មោះ ទ្រី ចាន់តារា ភេទប្រុស អាយុ២៨ឆ្នាំមុខរបរលក់ដូរ ស្នាក់ផ្ទះលេខ៥៤ ផ្លូវ២៨៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
ប៉ូលិសបន្តថា ដំបូងកម្លាំងអន្តរាគមន៍បានធ្វើការល្បាតនៅក្នុងមូលដ្ឋានដើម្បីការពារសុខ សុវត្ថិភាពជួនពលរដ្ឋហើយក៏មានគេរាយការណ៍ថាជនទាំងពីរបានទិញថ្នាំញៀនពីម្តុំមុខពេទ្យលោកសង្ឃ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចឃើញរថយន្តស៊េរីទំនើបម៉ាកព្រួស ពាក់ស្លាកលេខ ភ្នំពេញ 2P-5328 មកឈប់នៅចំណុចខាងលើក៏ឃាត់ត្រួតពិនិត្យឃើញមានថ្នាំញៀនចំនួន២កញ្ចប់តូចទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលទឹកថ្លា។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេពិតជាបានទិញថ្នាំញៀនដើម្បីយកទៅជក់ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជួនទៅកាន់អធិការដ្ឋាននគរខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕
