adverise with khmeread 1

​ហេតុផល​នៅ​ពីក្រោយ​បុរស​ម្ចាស់​ហាង​ម្នាក់​សុខចិត្ត​លក់​ហាង​នំ​បុ័ង​ឱ្យ​ជនអនាថា​តែ ១ ដុល្លារ​!

​    ​ក្នុង​កាយវិការ​ដ៏​ល្អ​និង​កក់ក្តៅ​ដើម្បី​បង្ហាញ​ពី​ការដឹងគុណ កាលពីពេល​ថ្មីៗ​នេះ ម្ចាស់​ហាង​នំ​បុ័ង​ជនជាតិ​បារាំង លោក មី​ឆេ​ល ផ្លា​ម៉​ង់ បាន​លក់​ហាង​របស់គាត់​ឱ្យ​បុរស​ជនអនាថា​ម្នាក់​ក្នុងតម្លៃ​ត្រឹមតែ ១ ដុល្លារ ប៉ុណ្ណោះ​។ បុរស​ជនអនាថា ឈ្មោះ ជេ​រ៉ុ​ម អូ​កង់ បាន​ជួយ​លោក ផ្លា​ម៉​ង់​ឱ្យ​រួច​ផុតពី​សេចក្តីស្លាប់​នៅ​កន្លែង​ដាក់​ឡ​នំ​បុ័ង ដែល​នៅពេលនោះ​ភ្លើង​កំពុង​ឆាបឆេះ ដោយសារ​ម៉ាស៊ីន​ដុត​នំ​បាន​ធ្លាយ​ឧស្ម័ន​ពុល​។​

​     ជាការ​ពិត​លោក ផ្លា​ម៉​ង់ គឺជា​មនុស្ស​ល្អ​ម្នាក់ ដែល​មុននឹង​ហេតុការណ៍​អាក្រក់​នេះ​បាន​កើតឡើង គាត់​តែងតែ​ផ្តល់​នំ​បុ័ង​មួយ​ដុំ​និង​កាហ្វេ​មួយ​កែវជា​រៀងរាល់​ព្រឹក​ឱ្យ​លោក ជេ​រ៉ុ​ម អូ​កង់​ហើយ​អំពើ​ល្អ​របស់គាត់​ត្រូវបាន​តបស្នង​នៅ​ថ្ងៃកើតហេតុ​កាលពី​ខែធ្នូ​នៅពេលដែល​គាត់​ប៊ិះ​នឹង​ស្លាប់​ដោយសារ​ឧស្ម័ន​ពុល​កាបូនម៉ូណូអុកស៊ីត​។​

​    ​លោក ផ្លា​ម៉​ង់ វ័យ ៦២ ឆ្នាំ បាន​និយាយថា "​ប្រសិនបើ ជេ​រ៉ុ​ម​មិន​នៅក្បែរ​ហាង​នំ​បុ័ង​នៅថ្ងៃនោះ​ទេ ខ្ញុំ​ប្រហែលជា​អស់​ជីវិត​ទៅហើយ​"​។ នៅ​ព្រឹក​ខែធ្នូ​នាពេលនោះ គាត់​មិនអាច​ដកដង្ហើម​បានឡើយ​ដោយសារតែ​ចំហាយ​ឧស្ម័ន​ពុល ហើយ​នៅពេលដែល​លោក អូ​កង់ បាន​កត់សម្គាល់ថា លោក ផ្លា​ម៉​ង់ មិនអាច​ដើរ​បាន​នៅ​កន្លែង​ដុត​នំ គាត់​ក៏បាន​ហៅ​សេវា​សង្គ្រោះបន្ទាន់​ភ្លាមៗ​។ លោក ផ្លា​ម៉​ង់ បាន​ចំណាយពេល ១២ ថ្ងៃ​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ពីរ​បួស ប៉ុន្តែ​សំណាងល្អ​គាត់​មិន​រង​ផលប៉ះពាល់​ដល់​សុខភាព​ឡើយ​។​

​    ​នៅពេលដែល​គាត់​វិល​ត្រឡប់មក​ធ្វើការ​វិញ លោក ផ្លា​ម៉​ង់ បានផ្តល់​ការងារ​ឱ្យ​ជនអនាថា​នោះ ហើយ​មិនយូរ​មិនឆាប់​គាត់​ក៏បាន​សង្កេតឃើញថា បុរស​ម្នាក់នេះ​ជា​មនុស្ស​យកចិត្តទុកដាក់​នឹង​ការងារ ហើយ​លោក អូ​កង់ មិន​ត្រឹមតែ​អាច​គ្រប់គ្រង​រាល់​ការបញ្ជាទិញ​នំ​បុ័ង​នោះទេ គាត់​ក៏​ជា​មនុស្ស​ឆ្លាត​ដែល​តែងតែ​ទទួលយក​យោបល់​ពី​លោក ផ្លា​ម៉​ង់ ដែលជា​ហេតុ​ធ្វើឱ្យ​ម្ចាស់​ហាង​នំ​បុ័ង​មានការ​ពេញចិត្ត​គាត់​យ៉ាងខ្លាំង​។​

​    ​បន្ទាប់ពី​ទទួលយក​អាជីព​ជា​អ្នកធ្វើ​នំ​បុ័ង​តាំងពី​អាយុ ១៤ ឆ្នាំ​ពី​គ្រួសារ​របស់គាត់​រួចមក លោក ផ្លា​ម៉​ង់ បាន​ស្វែងរក​អ្នកទិញ​មុខ​ជំនួញ​របស់គាត់​ហើយ​គាត់​នឹង​ចូលនិវត្តន៍​តែម្តង ព្រោះ​កូនស្រី​ទាំងបី​របស់គាត់​មិន​ចាប់អារម្មណ៍​លើ​អាជីព​នេះ​ទេ​។ ដូច្នេះ នៅពេលដែល​គាត់​ដឹងថា លោក អូ​កង់ មាន​ភាពប៉ិនប្រសព្វ​ខាង​នេះ​ស្រាប់ គាត់​ក៏បាន​សម្រេចចិត្តថា ដល់ពេល​សងគុណ​បុរស​នេះ​ដែល​បាន​ជួយ​ជីវិត​គាត់​ហើយ​។ គាត់​បាន​និយាយថា "​តើ​អ្វី​ទៅ​ដែល​សំខាន់​ជាងគេ​? លុយ​ឬក៏​ជីវិត​? ខ្ញុំ​មិន​ខ្វល់​អំពី​លុយ​នោះទេ​! ខ្ញុំ​មិនមែនជា​អ្នកមាន ប៉ុន្តែ​ខ្ញុំ​មិន​ខ្វល់​។ ខ្ញុំ​ចង់​រស់នៅ​ដោយមាន​សេរីភាព ហើយ​ចង់​ពី​ឥឡូវនេះ​ទៅ​។ ហើយ​ប្រសិនបើ​របរ​នេះ​ធ្វើឱ្យ​គាត់​សប្បាយចិត្ត គាត់​ស័ក្តិសម​នឹង​ទទួលបាន​នូវ​ឱកាស​នេះ​។ ហាង​នេះ​នឹង​ស្ថិតនៅលើ​គាត់​ដើម្បី​ធ្វើឱ្យ​វា​ដំណើរការ​"​។​

​    ​បច្ចុប្បន្ន លោក ជេ​រ៉ុ​ម អូ​កង់ កំពុងតែ​រៀន​គ្រប់គ្រង​អាជីវកម្ម​ហើយ​គាត់​នឹង​គ្រប់គ្រង​ហាង​នេះ​ដាច់​តែម្តង​នៅ​ខែកញ្ញា​ខាងមុខ​។ លោក​បាន​និយាយថា "​ខ្ញុំ​ពិតជា​ចង់​ធ្វើការ​ហើយ​ខ្ញុំ​មិនបាន​នឿយហត់​នោះឡើយ​។ ខ្ញុំ​ត្រូវតែ​យកចិត្តទុកដាក់ ១០០% លើ​ការងារ​នេះ​។ មី​ឆេ​ល បានផ្តល់​កាដូ​ពិតប្រាកដ​មួយ ហើយ​ខ្ញុំ​ចង់​ធ្វើឱ្យ​វា​កាន់តែ​រីកចម្រើន​។ ខ្ញុំ​បាន​គិតថា រឿង​ទាំងនេះ​បានកើត​ឡើង​តែ​ក្នុង​កុន​ទេ ប៉ុន្តែ​ខ្ញុំ​យល់​ខុស​ហើយ​។ ជោគវាសនា​របស់​មនុស្ស​ពិតជា​មើល​ពុំ​ឃើញ​មែន​"៕

 

adverise with khmeread
ប្រភព៖ La Depeche

មតិយោបល់