adverise with khmeread Untitled 1

រលក​កម្តៅ​មិនធម្មតា​គ្របដណ្តប់​អាស៊ីអាគ្នេយ៍​, កម្ពុជា​ក្តៅ​បំបែក​ឯតទគ្គ​កម្ម​ចាស់​ឆ្នាំ ១៩៦០

​    ​អ្វីដែល​ទំនងជា​រលក​កម្តៅ​ដ៏​ខ្លាំង​មិន​ធ្លាប់​សង្កេតឃើញ​ពីមុនមក​នៅ​អាស៊ីអាគ្នេយ៍​បាន​កំពុង​កើតឡើង​រយៈពេល​ច្រើន​សប្តាហ៍​កន្លងមកហើយ​។ អាកាសធាតុ​ក្តៅ​ខ្លាំង​មិន​ធ្លាប់មាន​ពីមុន​មកនេះ​ត្រូវបាន​សង្កេតឃើញ​កើតមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ឡាវ ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​វៀតណាម​។ ទន្ទឹមនេះ​អាកាសធាតុ​ក្តៅ​ខ្លាំង​មិនធម្មតា​ក៏បាន​កើតឡើង​ក្នុងប្រទេស​ម៉ា​ល់​ឌី​វ ឥណ្ឌា ចិន និង​ផ្នែក​ខ្លះ​នៃ​ទ្វីបអាហ្វ្រិក​ផងដែរ​។ 

​    ​យោងតាម​វេ​ប​សាយ Wunderground រលក​កម្តៅ​នេះ​បណ្តាលមកពី​បាតុភូត​រលក​កម្តៅ​ហៅថា El Nino ដ៏​ខ្លាំង ដែល​បណ្តាលឱ្យ​កើត​គ្រោះរាំងស្ងួត និង​ឡើង​សីតុណ្ហភាព​ខ្ពស់​នៅ​អាស៊ីអាគ្នេយ៍​។ ប្រទេស​នីមួយៗ​នៅ​អាស៊ីអាគ្នេយ៍​សឹងតែ​បាន​បំបែក​ឯតទគ្គ​កម្ម​អាកាសធាតុ​ក្តៅ​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ក្នុងឆ្នាំនេះ​។ លោក Maximiliano Herrera អ្នក​ព្យាករ​អាកាសធាតុ ដែល​តាមដាន​កំណត់ត្រា​សីតុណ្ហភាព​ជុំវិញ​ពិភពលោក បាន​ផ្តល់នូវ​ស្ថិតិ​កម្តៅ​នៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ដូចខាងក្រោម​៖

​    ​១. កម្ពុជា​
​    ​អាកាសធាតុ​ក្តៅ​បំផុត​គឺ ៤២,៦ អង្សា នៅ​ថ្ងៃទី ១៥ ខែមេសា​ឆ្នាំ ២០១៦ នៅ​ខេត្តព្រះវិហារ​។ កំណត់ត្រា​ចាស់​គឺ ៤១,៤ អង្សា​នៅ​ស្ទឹងត្រែង​ក្នុង​ឆ្នាំ ១៩៦០​។ 

​    ​២. ឡាវ​
​    ​អាកាសធាតុ​ក្តៅ​បំផុត​គឺ ៤២,៣ អង្សា​នៅ​ថ្ងៃទី ១៣ មេសា ២០១៦ នៅ​ខេត្ត​សេ​ណូ​។ កំណត់ត្រា​ចាស់​គឺ ៤២ អង្សា​នៅ​ខេត្ត​សុវណ្ណ​ខេត្ត​នៅ​ខែមីនា ឆ្នាំ​១៩៣៣​។ 

​    ​៣. ថៃ​
​    ​អាកាសធាតុ​ក្តៅ​ឆ្នាំនេះ​គឺ ៤៤,៣ អង្សា​នៅ​ថ្ងៃទី ១២ ខែមេសា នៅ​ខេត្ត​សុខោទ័យ​។ កំណត់ត្រា​ចាស់​គឺ ៤៤,៥ អង្សា​នៅ​ខេត្ត​យូ​តា​រ៉ា​ដិត​នៅ​ថ្ងៃទី ២៧ ខែមេសា ១៩៦០​។ 

​    ​៤. ម៉ាឡេស៊ី​
​    ​កំណត់ត្រា​អាកាសធាតុ​ក្តៅ​បំផុត​ឆ្នាំនេះ​គឺ ៣៩,២ អង្សា​នៅ​រដ្ឋ Batu Embun នៅ​ថ្ងៃទី ១០ មេសា​។ កំណត់ត្រា​ចាស់​គឺ ៤០,១ អង្សា នៅ​រដ្ឋ Chuping នៅ​ថ្ងៃទី ៩ មេសា ១៩៩៨​។ 

​    ​៥. សិង្ហ​បុរី​
​    ​កំណត់ត្រា​ឆ្នាំនេះ​គឺ ៣៦,៦ អង្សា​នៅ​ប៉ា​ពួ​នៅ​ថ្ងៃទី ១៣ មេសា​។ កំណត់ត្រា​ចាស់​គឺ ៣៧ អង្សា​នៅ Tengah នៅ​ថ្ងៃទី ១៧ មេសា ១៩៨៣​។ 

​    ​៦. មី​យ៉ាន់​ម៉ា​
​    ​កំណត់ត្រា​ឆ្នាំនេះ​គឺ ៣៩ អង្សា នៅ Dawei និង​កំណត់ត្រា​ចាស់​គឺ ៤៧,២ អង្សា​ក្នុង​ឆ្នាំ ២០១០​។​
​    ​
​    ​៧. វៀតណាម​
​    ​ឆ្នាំនេះ​ក្តៅ ៤១,៨ អង្សា និង​កំណត់ត្រា​ចាស់​គឺ ៤២,៧ អង្សា ក្នុង​ឆ្នាំ ១៩៦៦​។​

​     ៨. ហ្វ៊ី​លី​ពី​ន​
​    ​ឆ្នាំនេះ​ក្តៅ ៣៩,៤ អង្សា និង​កំណត់ត្រា​ចាស់​គឺ ៤២,២ អង្សា​ក្នុង​ឆ្នាំ ១៩៦៩៕

adverise with khmeread
ប្រភព៖ Wunderground

អ្នកនឹងចូលចិត្ត

មតិយោបល់