ភ្នំពេញ ៖ នារីគម្នាក់ត្រូវបានជនល្មោភកាមដែលទើបតែស្គាល់គ្នាជាលើកដំបូងតាមរយៈមិត្តភក្ត្ររបស់នាង ហើយមានបំណងប៉ុនប៉ងរំលោភតែនាងមិនព្រមក៏បានវាយធ្វើបាប និងសម្រាតសម្លៀកបំពាក់ចេញអស់ រួចដឹកមកទម្លាក់ចោលពីលើរថយន្តទាំងអាក្រាតកាយ។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ខាងក្រោយសណ្ឋាគារសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
សមត្ថកិច្ចបានឱ្យដឹងថា នារីរងគ្រោះឈ្មោះ ប៊ុន សីហា អាយុ២៣ឆ្នាំ ជាមនុស្សគ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្នុងសង្កាត់ភ្នំពញថ្មី ខណ្ឌសែនសុខជាមួយសង្សារជាអាណិកជន។
បើតាមប្រភពព័ត៌មានពីក្រុមគ្រួសារនារីរងគ្រោះដែលបានសួរនាំដំណើររឿងពីនាងបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុរូបនាងបានជិះម៉ូតូតែម្នាក់ឯង មកលេងមិត្តភក្ត្រស្រីៗនៅម្តុំផ្សារសូរិយាម៉ល ហើយពេលមកដល់ក៏មានមិត្តភក្ត្រប្រុសស្រីផ្សេងទៀតផងដែរ។
បន្ទាប់ពីជួបជុំគ្នារួចមក ក៏បានចែកផ្លូវគ្នាទៅរៀងៗខ្លួន ប៉ុន្តែជនសង្ស័យខាងលើបានបបួលរូបនាងឱ្យជិះរថយន្តជាមួយ ដើម្បីនាំនាងទៅដើរលេងនៅម្តុំវត្តភ្នំបន្តទៀតតែ២នាក់ ហើយរូបនាងក៏យល់ព្រមដោយគិតថាគេមិនមានបំណងអាក្រក់អ្វីនោះទេ។ គ្រាន់តែចង់រាប់អាជាមួយគ្នាធម្មតាប៉ុណ្ណោះ ម្យ៉ាងវិញទៀតគេជាមិត្តភក្ត្ររបស់មិត្តភក្ត្រនាងថែមទៀតផង។
ប្រភពបន្តថា ក្រោយពីដើរលេងនៅម្តុំវត្តភ្នំរួចហើយ ជនសង្ស័យបានហៅនាងឱ្យឡើងរថយន្តទៅកន្លែងផ្សេងជាបន្តទៀត។ ពេលមកដល់កន្លែងស្ងាត់មួយជនសង្ស័យក៏បានឈប់រថយន្ត និងបានចាប់សម្រាតសម្លៀកកបំពាក់បង្ខំនាងបំណងប៉ុនប៉ងរំលោភ តែនាងមិនព្រមគេក៏បានច្របាច់កវាយធ្វើបាប និងបានបើករថយន្តមកដល់កន្លែងកើតហេតុ រួចទម្លាក់នាងចុះពីលើរថយន្តទាំងអាក្រាតកាយ ហើយបើករថយន្តគេចខ្លួនបាត់តែម្តង។
បន្ទាប់មកប្រជាពលរដ្ឋដែលឃើញគេដឹកនារីគខាងលើមកទម្លាក់ចោលទាំងសភាពដូច្នេះ ក៏បានរកសម្លៀកបំពាក់ឱ្យនាង និងបានដឹកនាងមកប៉ុស្តិ៍រដ្ឋបាលជ្រោយចង្វារ ដើម្បីដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។
ក្រោយមកសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វារបានទំនាក់ទំនងទៅបងប្អូនក្រុមគ្រួសារសាចិញាត់ និងសួរនាំជនរងគ្រោះដើម្បីបានដឹងពីដំណើររឿង និងបានដាក់ពាក្យបណ្តឹងកំណត់អត្តសញ្ញាណជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ រួចក៏ប្រគល់នារីរងគ្រោះទៅឱ្យក្រុមគ្រួសារវិញផងដែរ៕
