adverise with khmeread Warren buffett

រឿង ៨យ៉ាងដែលលោកវ៉ារិន ប៉ាហ្វហ្វិតធ្វើដើម្បីរកលុយ ៥៣.០០០ ដុល្លារនៅត្រឹមអាយុ ១៦ឆ្នាំ

លោកវ៉ារិន បាហ្វហ្វិត (Warren Buffett) គឺជាមហាសេដ្ឋីដ៏ល្បីបំផុតមួយរូបក្នុងពិភពលោក ហើយល្បីក្នុងហេតុផលល្អថែមទៀត។ លោកគឺជាបុរសដ៏គួរឲ្យចាប់អារម្មណ៍ណាស់ ហើយមុនក្លាយជាមហាសេដ្ឋី លោកក៏ធ្លាប់ជាក្មេងដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំងមួយរូបផងដែរ។ លោកបាហ្វហ្វិតបានរកប្រាក់ដល់ទៅ ៥៣.០០០ ដុល្លារនៅអាយុត្រឹម ១៦ ឆ្នាំប៉ុណ្ណោះ។ តើគាត់អាចធ្វើរឿងដ៏អស្ចារ្យនេះបានយ៉ាងដូចម្តេច?    

ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនរបស់លោកដើម្បីរកប្រាក់បានចំនួនបែបនេះនៅអាយុ ១៦ ឆ្នាំ។ 

១- លោកវ៉ារិន បាហ្វហ្វិតលក់ទឹកក្រូចកំប៉ុង និងស្ករកៅស៊ូ
នៅអាយុ ៦ ឆ្នាំ លោកវ៉ារិន បាហ្វហ្វិតបានប្រឡូកក្នុងអាជីពជាអ្នកលក់រួចបាត់ទៅហើយ។ លោកបានចាប់ផ្តើមលក់ស្ករកៅស៊ូមួយចំនួនតូច មុនពេលឈានទៅដល់ការលក់ជាទឹកក្រូចកំប៉ុង។

២- លោកវ៉ារិន បាហ្វហ្វិតដើរចែកចាយកាសែត
នៅអាយុវ័យក្មេងល្ហក់នៅឡើយ លោកបានធ្វើនូវអ្វីដែលក្មេងប្រុសធំជាច្រើនបានធ្វើដើម្បីរកលុយ នោះគឺលោកធ្វើការជាអ្នកដើរចែកចាយកាសែត។ ក្នុងនាមជាអ្នកចូលចិត្តអានសារព័ត៌មាន ដូចសមាជិកដទៃទៀតក្នុងគ្រួសារគាត់ដែរនោះ ការងារក្រៅម៉ោងបែបនេះគឺជាការងារសក្តិសមបំផុតសម្រាប់គាត់។ ប៉ុន្តែខុសពីក្មេងប្រុសភាគច្រើនទៀត លោកវ៉ារិន បាហ្វហ្វិត បានចែកចាយកាសែតបីប្រភេទ ឲ្យក្រុមហ៊ុនកាសែតគូប្រជែងចំនួនពីរ។ អ្វីដែលពិតជាធ្វើឲ្យលោកមានភាពលេចធ្លោគឺ របៀបដែលលោកប្រើប្រាស់ខួរក្បាលរបស់លោកខណៈកំពុងធ្វើការងារជាអ្នកចែកកាសែតនេះ។ ការងារចែកកាសែតនេះអនុញ្ញាតឲ្យលោកអាចប្រើពេលវេលាជាច្រើនដើម្បីសញ្ជប់សញ្ជឹងគិតរឿងផ្សេងៗ និងដើរមើលគេមើលឯងដើម្បីបង្កើនបទពិសោធន៍អ្វីមួយខាងមុខទៀត។

ខាងក្រោមនេះគឺជាករណីពិសេសរបស់គាត់ ដែលបានលើកឡើងក្នុងសៀវភៅជីវប្រវត្តិរបស់គាត់ឈ្មោះថា The Snowball: Warren Buffett and the Business of Life។ 

    "ខ្ញុំចូលចិត្តធ្វើការដោយខ្លួនខ្ញុំនៅកន្លែងដែលខ្ញុំអាចចំណាយពេលគិតអំពីរឿងផ្សេងៗ ដែលខ្ញុំចង់គិត [...] ខ្ញុំអាចអង្គុយក្នុងបន្ទប់មួយសញ្ជប់សញ្ជឹង ឬខ្ញុំអាចជិះកង់មើលអ្វីៗនៅជុំវិញ ហើយគិតសញ្ជប់សញ្ជឹងពីរឿងផ្សេងៗ"។  

៣- លោកវ៉ារិន បាហ្វហ្វិតលក់គ្រាប់កូនហ្គោល
រួមជាមួយនឹងមិត្តភក្តិរបស់គាត់ ឈ្មោះ ស្ទូ អេរិកសុន (Stu Erickson) លោកបាហ្វហ្វិតបានលក់គ្រាប់កូនហ្គោលនៅទីលានវាយកូនហ្គោល Elmwood Park។ ពួកគេជួបបញ្ហាច្រើនជាមួយប៉ូលិសចំពោះការលក់គ្រាប់កូនហ្គោលនេះ ប៉ុន្តែឪពុកម្តាយរបស់លោកបាហ្វហ្វិតមិនដែលខ្វល់រឿងនេះទេ។ ពួកគេរឹតតែមានមោទនភាពចំពោះមហិច្ឆតារបស់កូនគាត់ថែមទៀត។ 

៤- លោកវ៉ារិន បាហ្វហ្វិតលក់សណ្តែកដី និងពោតលីងនៅការប្រកួតបាល់ឱប
កើតមកមានឈាមជ័រជាអ្នកលក់ លោកបាហ្វហ្វិតបានដើរឆ្លងកាត់កន្លែងអង្គុយជាច្រើននៅកីឡដ្ឋាន University of Omaha ដោយស្រែកពពាយនាយថា "សណ្តែកដី, ពោតលីង, ៥សេន, ១នីកែល (Nickel=៥សេន), កន្លះឌីម (Dime=១០សេន), ហ្នេះសណ្តែកដី និងពោតលីង!"។ 

៥- លោកវ៉ារិន បាហ្វហ្វិតលក់តែម
សេវាកម្មលក់តែមឈ្មោះថា Approval Service របស់លោកបាហ្វហ្វិតមានផ្តល់ជូនការលក់តែមដល់អ្នកប្រមូលទិញតែមមកពីរដ្ឋផ្សេងៗ ក្នុងតម្លៃមួយដែលចំណេញគួរសម។ 

៦- លោកវ៉ារិន បាហ្វហ្វិតរកលុយចេញពីម៉ាស៊ីនហ្គេម Pinball
លោកបាហ្វហ្វិតបានទិញម៉ាស៊ីនហ្គេម Pinball ខូចៗក្នុងតម្លៃ ២៥ដុល្លារ ហើយទៅរកមិត្តភក្តិឈ្មោះ Don Danly​ ឲ្យជួសជុលវា។ អ្នកទាំងពីរក្រោយមកក៏ចាប់ផ្តើមបើកក្រុមហ៊ុនទូរហ្គេមដាក់កាក់ឈ្មោះថា Wilson’s Coin-Operated Machine Company។ ពួកគេបានសួរម្ចាស់ហាងកាត់សក់ក្នុងស្រុកជាច្រើនថាតើពួកគេអាចដាក់ម៉ាស៊ីនហ្គេមនៅក្រោយហាងរបស់ពួកគេបានឬក៏អត់ ដោយប្តូរជាមួយនឹងប្រាក់តែពាក់កណ្តាលដែលរកបានប៉ុណ្ណោះ។ ក្នុងរយៈពេលតែមួយថ្ងៃ មានអតិថិជនល្មមគ្រប់គ្រាន់បានលេងហ្គេម Pinball ដោយរកប្រាក់បាន ៤ដុល្លារ។ ក្នុងរយៈពេលមួយសប្តាហ៍ លោកវ៉ារិនមានប្រាក់គ្រប់គ្រាន់ដើម្បីទិញម៉ាស៊ីនហ្គេម Pinball​ បន្ថែមទៀត ហើយលោកបានចរចាដាក់ទូហ្គេមជាមួយម្ចាស់ហាងកាត់សក់ជាច្រើន ដោយបង្កើតបានជាអាណាចក្រហ្គេមតូចមួយមុនពេលលោកឈានដល់អាយុអាចបោះឆ្នោតបាន។ 

៧- លោកវ៉ារិន បាហ្វហ្វិតរកលុយចេញពីផ្លូវប្រណាំងសេះ...ដោយពុំបានលេងល្បែងភ្នាល់សេះសូម្បីបន្តិចទេ!
លោកបាហ្វហ្វិត និងមិត្តភក្តិឈ្មោះបុប រូសសេល (Bob Russell) នៅក្មេងណាស់មិនអាចលេងល្បែងភ្នាល់បានទេ ប៉ុន្តែរឿងនេះមិនអាចបញ្ឈប់ពួកគេពីការសម្អាតផ្លូវប្រណាំងសេះបានទេ។ ពួកគេបានមើលសព្វទីកន្លែងដើម្បីរកមើលសំបុត្រភ្នាល់ដែលគេបោះចោល ដែលអាចមានអ្វីមួយមានតម្លៃនៅក្នុងនោះ។ លោកបាហ្វហ្វិតបានពណ៌នាក្នុងពាក្យសម្តីផ្ទាល់របស់លោកថា៖ 

"អ្នកទាំងនោះគេហៅថាអ្នកចាញ់សេះ។ នៅការចាប់ផ្តើមរដូវប្រណាំងសេះ សម្បូរណាស់អ្នកគប់ចោលសំបុត្រភ្នាល់សេះ។ ហើយពួកគេគិតថា ប្រសិនបើសេះរបស់អ្នករត់នៅចំណាត់ថ្នាក់លេខ ២ ឬ៣ អ្នកច្បាស់ជាមិនឈ្នះលុយទេ ព្រោះគេផ្តោតលើសេះដែលឈ្នះលេខ ១ ដូច្នេះពួកគេក៏គប់ចោលសំបុត្រភ្នាល់របស់ពួកគេ។ ជួនកាលអ្នកឈ្នះធំបំផុតគឺនៅពេលការប្រណាំងមានបញ្ហា។ [...] នៅមុនពេលឈ្នះធំនោះ មនុស្សបាននាំគ្នាបោះចោលសំបុត្ររបស់ពួកគេអស់ទៅហើយ។ ទន្ទឹមនោះ យើងគិតតែពីដើរប្រមូលសំបុត្រដែលគេគប់ចោលប៉ុណ្ណោះ"។    

៨- លោកវ៉ារិន បាហ្វហ្វិតបានពូនដុំព្រិលកាន់តែធំទៅៗ
នៅដើមសៀវភៅ The Snowball អ្នកនិពន្ធឈ្មោះ អាលីស ស្ក្រូដឺ (Alice Schroeder) បានសរសេរអំពីរបៀបដែលលោកបាហ្វហ្វិតរើសដុំព្រិលតូចៗនៅអាយុ ៩ឆ្នាំ។ បន្ទាប់មកលោកក៏បានចាប់ផ្តើមកើបដុំព្រិលបានច្រើនទៅៗ។ លោកបានប្រែក្លាយព្រិលតូចៗទាំងនោះទៅជាដុំព្រិលធំ ហើយដាក់របស់ដែលលោកប្រមូលបាននៅដុំព្រិលនោះ។ លោកបានខំប្រឹងឈ្មុសឈ្មុល និងបន្តរើសព្រិលតូចៗច្រើនបន្ថែមទៀត ដោយពូនបានដុំព្រិលដែលកាន់តែធំទៅៗ។  

នេះហើយគឺជារបៀបដែលលោកវ៉ារិន បាហ្វហ្វិតរកលុយបាន ៥៣.០០០ ដុល្លារនៅត្រឹមអាយុ ១៦ឆ្នាំ: ដោយលោកបានបន្តបន្ថែមទៅលើអ្វីដែលលោកមានស្រាប់ជានិច្ច រហូតដល់លោករកបានទ្រព្យសម្បត្តិមួយចំនួនតូចនេះ។ ជាច្រើនឆ្នាំក្រោយមក ទ្រព្យសម្បតិ្តតូចមួយនេះបានកកើតទៅជាទ្រព្យសម្បត្តិដ៏ធំបំផុតមួយនៅក្នុងពិភពលោក។ និយាយដោយន័យធៀបទៅគឺថា អ្វីៗទាំងអស់កើតឡើងគឺដោយសារតែការប្តេជ្ញាចិត្តរបស់លោកបាហ្វហ្វិតដើម្បីពូនដុំព្រិលឲ្យកាន់តែធំឡើងៗ ដោយចាប់ផ្តើមចេញពីដុំព្រិលដ៏តូចបំផុត៕ 

adverise with khmeread

មតិយោបល់