Shutterstock 40209766

អ្នកវិទ្យាសាស្ត្ររកឃើញថាចៅៗដែលជិតស្និទ្ធនឹងជីដូន​ជីតានឹងកាន់តែមានភាពរីករាយក្នុងជីវិត

ការសិក្សាគួរឲ្យកត់សម្គាល់មួយដោយសាកលវិទ្យាល័យ Bringham Young University បានរកឃើញថា ជីដូនជីតាគឺជាមនុស្សសំខាន់ និងជាអ្នកដើរតួដ៏សំខាន់ក្នុងជីវិតចៅៗរបស់ពួកគាត់។ ការសិក្សានេះបង្ហាញយ៉ាងច្បាស់ថា ពួកគាត់ដើរតួនាទីសំខាន់ក្នុងសុភមង្គលរបស់ចៅៗ។ 

លោក ជេរ៉េមី យ័រហ្គាសាន់ (Jeremy Yorgasun) ជំនួយការសាស្ត្រាចារ្យក្នុងការសិក្សាដែលមានឈ្មោះថា The School of Family Life បានមានប្រសាសន៍ថា "ទំនាក់ទំនងស្និទ្ធស្នាលរវាងជីដូនជីតា និងចៅៗរបស់ពួកគាត់អាចមានឥទ្ធិពលយ៉ាងសំខាន់ទៅលើការអភិវឌ្ឍន៍ផ្នែកសិក្សា ផ្លូវចិត្ត និងសង្គមរបស់ចៅៗ។ ជីដូនជីតាមានសារៈសំខាន់លើស និងខ្លាំងជាងឪពុកម្តាយ។ ពួកគាត់គឺជាប្រភពធនធានដ៏សំខាន់"។ 

ក្មេងសិក្សាសាលាថ្នាក់ទី ៥ ចំនួន ៤០៨ នាក់ត្រូវបានគេសួរសំណួរផ្សេងៗជាច្រើនអំពីទំនាក់ទំនងពួកគេជាមួយនឹងជីដូនជីតា។ សំណួរទាំងនោះត្រូវបានតាក់តែងឡើងដើម្បីវាស់ស្ទង់ថាតើពួកគេជិតស្និទ្ធនឹងគ្នាកម្រិតណា ធៀបនឹងរឿងផ្សេងទៀតជាច្រើន។ ក្មេងៗត្រូវបានសួរសំណួរអំពីប្រធានបទជាច្រើន ដូចជា លទ្ធភាពសុំដំបូន្មាន ឬ ការគាំទ្រពីលោកតាលោកយាយជាដើម។  

ការសិក្សាបានរកឃើញថា នៅពេលជីដូនជីតាបានចូលរួមកាន់តែច្រើនក្នុងជីវិតចៅៗ នោះចៅរបស់គាត់នឹងមានទំនោរចុះសម្រុងកាន់តែខ្លាំងក្នុងសង្គម និងកាន់តែចូលរួមក្នុងសកម្មភាពទាក់ទងសាលារៀន។ ចៅៗក៏ទំនងនឹងអភិវឌ្ឍន៍ជំនាញសង្គម ដែលជារឿងសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍន៍របស់ពួកគេនៅក្នុងសង្គម។ រឿងដែលគេកត់សម្គាល់ឃើញមុនគេក្នុងចំណោមក្មេងៗដែលស្និទ្ធស្នាលជាមួយជីដូនជីតាគឺចិត្តមេត្តាករុណារបស់ចៅៗចំពោះអ្នកដទៃ។ 

យោងតាមការសិក្សា ចំណូលមិនមែនជាកត្តាពាក់ព័ន្ធនៅក្នុងទំនាក់ទំនងជិតស្និទ្ធរវាងចៅ និងជីដូនជីតានោះទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ វាក៏មិនបានជាប់ពាក់ព័ន្ធនឹងថាតើចៅនោះមានឪពុកម្នាក់ ឬម្តាយម្នាក់ ឬមានទាំងពីរនាក់នោះថែមទៀត។ 

តែទោះយ៉ាងណា ការសិក្សានេះបានរកឃើញថា ចៅដែលមិនរស់នៅជាមួយជីដូនជីតាមានភាពជិតស្និទ្ធជាងចៅដែលរស់នៅអចិន្ត្រៃយ៍ជាមួយជីដូនជីតារបស់ខ្លួន។ នេះប្រហែលមកពីលោកតាលោកយាយដែលរស់នៅជាមួយមានវិន័យតឹងរ៉ឹងជាង។ ហើយជីដូនជីតាដែលមិនរស់នៅអចិន្ត្រៃយ៍ជាមួយចៅៗក៏ទំនងជម្រុញការអភិវឌ្ឍន៍ខ្លួនប្រកបដោយភាពវិជ្ជមានចំពោះចៅៗផងដែរ៕ 

ប្រភព៖ ឡាយហ៊ែក

មតិយោបល់