adverise with khmeread 1

របៀប​លាង​រន្ធ​ច្រមុះ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​ច្រមុះ​រ៉ាំរ៉ៃ​

​    ​ការលាង​រន្ធ​ច្រមុះ​ដោយ​ទឹកអំបិល​អាច​បន្ធូរបន្ថយ​បញ្ហា​បាន​ច្រើន​ដល់​អ្នក​ដែលមាន​បញ្ហា​រន្ធ​ច្រមុះ ឬ​រលាក​ច្រមុះ​រ៉ាំរ៉ៃ ដោយ​មិនចាំបាច់​ប្រើ​ឱសថ​នោះទេ​។ 

​    ​ប្រសិនបើ​លោកអ្នក​ឆ្លង​មេរោគ​ក្នុង​រន្ធ​ច្រមុះ​រ៉ាំរ៉ៃ ការលាង​សម្អាត​រន្ធ​ច្រមុះ​អាចមាន​ប្រយោជន៍​ក្នុងការ​កម្ចាត់​ចេញ និង​ពង្រា​វ​ស្លេស​ច្រើន​ហួស​ឱ្យ​ហៀរ​ចេញមកក្រៅ​។ ប្រសិនបើ​លោកអ្នក​មាន​បញ្ហា​រលាក​ច្រមុះ​ដោយសារ​អា​ឡែ​ស៊ី ការសម្អាត​ច្រមុះ​ក៏​អាច​នាំមក​នូវ​ភាព​ធូរស្បើយ​ឡើងវិញ​តាមរយៈ​ការ​កម្ចាត់​ជាតិ​ធ្វើឱ្យ​អា​ឡែ​ស៊ី​ចេញពី​រន្ធ​ច្រមុះ និង​រន្ធ​ឆ្អឹងច្រមុះ​ផងដែរ​។ 

​    ​ទោះបី​វិធី​លាង​មាន​ភាពងាយស្រួល ក៏ប៉ុន្តែ​ដំណើរ​ការលាង​សម្អាត​លើកដំបូង​អាច​មើលទៅ​ចម្លែក និង​ត្រូវការ​ពេលវេលា​ទើប​ស៊ាំ​នឹង​ការលាង​សម្អាត​។ 

​    ​ទិញ​ឧបករណ៍​សម្រាប់​លាង​សម្អាត​រន្ធ​ច្រមុះ​ដែល​អាច​រកបាន​គ្រប់​ឱសថស្ថាន​ដោយ​មិនចាំបាច់​មាន​វេជ្ជបញ្ជា​ទេ ឬ​បើ​មិន​អ៊ីចឹង​ទេ​យក​ដប​ជ័រ​ដែល​អាច​បាញ់​ទឹកបាន​យកមកប្រើ​ក៏បាន​។ 

​    ​* រូបមន្ត​លាង​សម្អាត​រន្ធ​ច្រមុះ​ដោយ​ប្រើ​ទឹកអំបិល​
​    ​១. អំបិល​គ្មាន​ជាតិ​អ៊ីយ៉ូត ៣ ស្លាបព្រា​កាហ្វេ ឬ ទឹក Saline មួយ​កូន​ដប (​អាច​រកបាន​នៅ​ឱសថស្ថាន​)
​    ​២. ម្សៅ​មេនំ​ប៉័ង (Baking Soda) ១ ស្លាបព្រា​កាហ្វេ​
​    ​៣. ទឹក​ក្តៅ​ឧណ្ហៗ ១ កែវ (២៤០ មិ​ល្លី​លីត្រ​)

​    ​* របៀប​ផ្សំ​៖
​    ​លាយ​អំបិល​និង​ម្សៅ​មេនំ​ប៉័ង​ចូលគ្នា​ឱ្យ​សព្វ រួច​ដាក់​ក្នុង​កូន​ដប​ក្បាល​តូច​មួយ​។ ដាក់​ល្បាយ​លាយ​ហើយ​ចំនួន ១ ស្លាបព្រា​កាហ្វេ​ចូលក្នុង​ទឹក​ក្តៅ​ឧណ្ហៗ ១ កែវ​។ (​សម្រាប់​កូនក្មេង ត្រូវ​លាយ​ល្បាយ​អំបិល​និង​ម្សៅ​មេនំ​ប៉័ង​តែ កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹក​កន្លះ​កែវ​បាន​ហើយ )​។   

​    ​* របៀប​លាង​៖
​    ​១. បូមទឹក​អំបិល​ដាក់​ក្នុង​ប្រដាប់​បូម​ស្លេស​។ ឱនក្បាល​ទៅមុខ​លើ​ឡា​បូ​លុបមុខ ហើយ​ផ្អៀង​ក្បាល​ទៅ​ឆ្វេង​។ ច្របាច់​ទឹក​នេះ​ថ្នមៗ​ចូលក្នុង​រន្ធ​ច្រមុះ​ខាងស្តាំ (​រុក​ក្បាល​ប្រដាប់​បាញ់​ឱ្យដល់​មាត់​រន្ធ​ចម្រុះ​ខាងក្នុង​) ក្នុង​បរិមាណ​កន្លះ​កែវ​។ ដកដង្ហើម​តាម​មាត់​ធម្មតា​។ ក្នុង​រយៈពេល​ពីរ​បី​វិនាទី ទឹក​នេះ​នឹង​ហូរ​ចេញ​តាម​ច្រមុះ​ខាងឆ្វេង​។ បន្ទាប់មក​ផ្អៀង​ក្បាល​ទៅ​ស្តាំ ហើយ​ច្របាច់​ទឹក​សល់​កន្លះ​កែវ​ចូល​រន្ធ​ច្រមុះ​ខាងឆ្វេង​វិញ​ឱ្យអស់​។ 

​    ​២. តម្រង់​ក្បាល​ឱ្យបាន​ស្រួល​ដើម្បី​កុំឱ្យ​ទឹកអំបិល​ហូរ​ចូល​បំពង់ក ឬ ចូល​ភ្នែក​។ 

​    ​៣. ផ្លុំ​ខ្យល់​តាម​ច្រមុះ​តិចៗ​ដើម្បី​កុំឱ្យ​ទឹក​នេះ​ហូរ​ចូល​ត្រចៀក និង​បង្កឱ្យមាន​អារម្មណ៍​ពិបាក​ទ្រាំ​។ 

​    ​៤. បន្ទាប់ពី​លាង​សម្អាត​ច្រមុះ​រួច លោកអ្នក​អាច​ប្រើប្រាស់​ថ្នាំ​តាម​វេជ្ជបញ្ជា​បាន​ធម្មតា​។ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ច្រមុះ​ឆាប់​ជាសះស្បើយ​ជាង​មុន​។ 

​    ​* ប្រការ​គួរ​ចងចាំ​៖
​    ​មិនត្រូវ​លាង​សម្អាត​ច្រមុះ​ពេល​ច្រមុះ​កំពុង​តឹង​នោះទេ​។ ដោយសារ​នេះ​ជា​ផលិតផល​ស្រដៀង​ថ្នាំពេទ្យ​ដែរ ដូច្នេះ​ត្រូវ​សួរ​យោបល់​គ្រូពេទ្យ​អំពី​ការប្រើប្រាស់​ការលាង​សម្អាត​បែបនេះ និង​ឈប់​ប្រើ​ភ្លាម​ប្រសិនបើ​លោកអ្នក​ជួប​ការឈឺចាប់ ឈាម​ច្រមុះ ឬ​មាន​បញ្ហា​ផ្សេងទៀត​៕

 

adverise with khmeread
ប្រភព៖ អេអេអាយដត់

អ្នកនឹងចូលចិត្ត

មតិយោបល់