adverise with khmeread 3 things successful leaders

រឿង៣យ៉ាងដែលមេដឹកនាំជោគជ័យរក្សាទុកក្នុងចិត្តសូម្បីនៅពេលមានរឿងមិនល្អកើតឡើងក៏ដោយ

គ្មាននរណាម្នាក់ដែលថាមិនដែលជួបរឿងស៊យនោះទេ។ សូម្បីមេដឹកនាំជោគជ័យ និងក្រុមការងារដ៏អស្ចារ្យក៏នៅមានថ្ងៃស៊យដែរ។ នេះគឺជារឿងដែលតែងតែកើតឡើងជាធម្មតាទៅហើយ។ ជួនកាលរឿងមិនល្អបាន​កើតឡើងដោយសារតែកាលៈទេសៈដែលមិនអាចព្យាករណ៍ទុកមុនបាន និងជួនកាលរឿងទាំងនោះបានកើតឡើងដោយសារតែមនុស្សក្នុងក្រុមធ្វើឲ្យមានកំហុស។ 

មិនថាជាហេតុផលអ្វីនោះទេ ទំហំនៃផលប៉ះពាល់អវិជ្ជមានដែលបង្កឡើងដោយពេលវេលាដ៏អាក្រក់បែបនេះតែងរងឥទ្ធិពលយ៉ាងខ្លាំងក្លាពីរបៀបដែលមេដឹកនាំមានប្រតិកម្មចំពោះអ្វី ដែលបានកើតឡើង។ មេដឹកនាំជោគជ័យដឹងថាសមាជិកក្រុមរបស់ពួកគេគឺជាមនុស្សដ៏សារៈសំខាន់អំឡុងពេលវេលាដ៏លំបាកនេះ។ មេដឹកនាំជោគជ័យក៏ដឹងផងដែរថា សមាជិកក្រុមបានរួមចំណែកដ៏មានឥទ្ធិពលលើរបៀប ដែលមេដឹកនាំនិយាយចេញនូវអ្វីដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ 

ខាងក្រោមនេះគឺជារឿងទាំង ៣ដែលមេដឹកនាំជោគជ័យរក្សាទុកក្នុងចិត្តអំឡុងពេលជួបស្ថានភាពមិនល្អ៖  

១- មេដឹកនាំជោគជ័យដឹងថាពួកគេត្រូវតែនាំមកនូវភាពស្ងប់ស្ងាត់ និងភាពជឿជាក់ត្រឡប់មកវិញ
នៅពេលមានរឿងមិនល្អកើតឡើង មិនមែនគ្រប់គ្នាសុទ្ធតែមានប្រតិកម្មដូចគ្នានោះទេ។ អ្នកដែលឆេវឆាវ ឬអ្នកដែលចលាចលអាចនឹងបង្កើតស្ថានភាពមិនល្អសម្រាប់អ្នកក្រោមឱវាទដែលកំពុងនៅមាត់ជ្រោះស្រាប់។ នៅពេលដែលបញ្ហាទុកចោលមិនបានដោះស្រាយ មនុស្សក្រោមឱវាទនឹងកើតគំនិតអវិជ្ជមានច្រើនឡើងៗរហូតធ្វើឲ្យគ្រប់គ្នាបរាជ័យធ្លាក់ទឹកទៅជាមួយគ្នាតែម្តង។ 

មេដឹកនាំជោគជ័យក្តោបក្តាប់ស្ថានការណ៍នេះបានយ៉ាងឆាប់រហ័ស តាមរយៈការនាំមកនូវភាពស្ងប់ស្ងាត់ និងភាពជឿជាក់ត្រឡប់មកវិញ។ ជាមួយនឹងបទពិសោធន៍របស់ពួកគេ ពួកគេអាចធ្វើការវិភាគដ៏មានឥទ្ធិលលើបញ្ហាបានយ៉ាងរហ័ស។ ដោយសារពួកគេមានភាពជឿជាក់ពីសមាជិកក្រុមគួបផ្សំនឹងឥទ្ធិពលរបស់ខ្លួន ពួកគេអាចនាំក្រុមឲ្យរួបរួមគ្នាជាធ្លុងមួយ និង ទាញចំណាប់អារម្មណ៍របស់ពួកគេទៅកាន់ជំហានបន្ទាប់ភ្លាមមួយទៀត។ ល្គឹកណាសមាជិកក្រុមសំខាន់ៗមានភាពស្ងប់ស្ងាត់ និងមានភាពជឿជាក់ហើយនោះ អ្នកក្រោមឱវាទដទៃទៀតក៏មានភាពស្ងប់ស្ងាត់ និងមានភាពជឿជាក់ដូចគ្នាផងដែរ។  

២- មេដឹកនាំជោគជ័យដឹងពីរបៀបបង្វែរការផ្តោតសំខាន់ទៅលើរឿងបន្ទាប់ទៀត
នៅពេលមានរឿងមិនល្អកើតឡើង ការចំណាយពេលច្រើនឥតហេតុផលទៅវិភាគរឿងស៊ាំញ៉ាំគឺជាការបង្ហិនពេលវេលាឥតប្រយោជន៍ទេ។ ក្រុមទាំងមូលគួរតែផ្តោតសំខាន់លើការរើបឡើងវិញចេញពីបញ្ហា។ គ្រប់វិនាទីសុទ្ធតែមានតម្លៃ។ មេដឹកនាំល្អដឹងថាប្រសិនបើពួកគេទុកឲ្យអ្វីៗរបូតចេញពីដៃ នោះពួកគេនឹងប្រែក្លាយបញ្ហាទាំងនោះទៅជាវិបត្តិដ៏ធំមួយ ខណៈដែលគម្រោងការជាច្រើនទៀតដែលពឹងផ្អែកលើគម្រោងដែលកំពុងជួបបញ្ហាបច្ចុប្បន្ននឹងចាប់ផ្តើមបរាជ័យជាបណ្តើរៗ។  

មេដឹកនាំជោគជ័យដឹងថារឿងត្រឹមត្រូវដែលត្រូវធ្វើគឺផ្តោតសំខាន់លើរឿងចាំបាច់បន្ទាប់ទៀត ដោយប្រើប្រាស់រាល់ធនធានដែលអាចរកបាន។ ធ្វើបែបនេះគឺដើម្បីទុកពេលដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតឡើង និងដើម្បីឲ្យអ្នកក្រោមឱវាទស្ងប់អារម្មណ៍ផងដែរ។

៣- មេដឹកនាំជោគជ័យនាំយកមេរៀនពីបទពិសោធន៍ទាំងនេះមកអនុវត្តក្នុងគម្រោងការពេលអនាគត
បរាជ័យ វិបត្តិ ព្រឹត្ដការណ៍អាក្រក់ និងព្រឹត្តិការណ៍ផ្សេងជាច្រើនទៀតបានបង្រៀននូវមេរៀនជាច្រើន។ មេដឹកនាំទាំងឡាយដឹងថាវាងាយស្រួលទេដែលស្តីបន្ទោសទៅលើនរណាម្នាក់ ឬអ្វីមួយ ដើម្បីយករួចខ្លួន។ ជាការពិត នេះគឺជាការខូចប្រយោជន៍ដ៏សម្បើម។ មេដឹកនាំជោគជ័យឆ្លុះបញ្ចាំងលើអ្វីដែលបានកើតឡើង មេរៀនអ្វីដែលអាចរៀនបានពីរឿងដែលបានកើតឡើង និងរបៀបក្នុងការកុំឲ្យកំហុសដដែលកើតឡើងម្តងទៀត។ 

សូម្បីនៅពេលរឿងមិនល្អកើតឡើងដោយសារតែអ្វីដែលពួកគេមិនអាចត្រួតត្រាបានក៏ដោយ ក៏ពួកគេនៅតែគិតពីរបៀបរៀនសូត្រពីហានិភ័យទាំងអស់នោះ និងចេះប្រយ័ត្នប្រយែងអំពីបញ្ហានានាក្នុងពេលរៀបចំគម្រោងការអនាគតជាច្រើនទៀត៕  

adverise with khmeread

មតិយោបល់