adverise with khmeread Unnamed

មួយ​យប់​ចោរប្លន់​២​លើក​នៅ​ខណ្ឌឫស្សីកែវ យក​អស់​ម៉ូតូ​២​គ្រឿង​

     ភ្នំពេញ ៖ នៅ​ខណ្ឌឫស្សីកែវ​មាន​ករណី​ក្រុមចោរ​ប្រដាប់អាវុធ​ភ្ជង់​កាំភ្លើង​ប្លន់​យក​ម៉ូតូ​២​លើក​ផ្សេងគ្នា ហើយ​ពួកចោរ​យក​ម៉ូតូ​២​គ្រឿង​ទៅ​បាត់  បន្ទាប់មក​ជនរងគ្រោះ​២​នាក់​បានដាក​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​ប៉ូលិស​ឱ្យជួយ​ស្រាវជ្រាវ។ 

     ១-​មាន​ករណី​វាយយក​ម៉ូតូ និង​កាបូប​លុយ នា​វេលា​ម៉ោង​១២​និង​៣០​នាទី រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រោម​ដើមឈើ​ផ្លូវ​លេខ​៧០ ក្រុមទី​៩ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ។ 

     កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ទួល​សង្កែ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ អង្គ ​វណ្ណ​ដេ​ត ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​សន្តិសុខ​សាលាខណ្ឌ​មានជ័យ ស្នាក់នៅ​សាលាខណ្ឌ​មានជ័យ​។ សម្ភារៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង​ម៉ាក់​ស្មាស់​វី​ពណ៌​ស ស៊េរី​២០១៣ ពាក់​ស្លាក់​លេខ​ភ្នំពេញ 1AX-0583 និង​លុយ​ចំនួន​២០​ដុល្លារ។ 

      អង្គ វណ្ណ​ដេ​ត និយាយប្រាប់​ប៉ូលិស​ថា ជនសង្ស័យ​មាន​គ្នា​ចំនួន​០៧​នាក់ ស្រី​០៣​នាក់ ប្រុស​០៤​នាក់ មិន​ស្គាល់​អត្តសញ្ញាណ​។ ខណៈពេល​លោក​កំពុង​ជិះ​ម៉ូតូ​លើ​ចំណុច​ផ្លូវ​លេខ​៧០ ពេលនោះ​មាន​នារី​រកស៊ី​ផ្លូវភេទ​ចំនួន​០៣​នាក់ បក់ដៃ​ហៅ​ឲ្យ​ចូល។ ពេលនោះ​គាត់​ចូលទៅ​ដល់ នារី​ទាំង​បីនាក់​ក៏​ចោមរោម​លូក​ហោប៉ៅ។ រួច​ក៏មាន​ជនសង្ស័យ​ប្រុស​ចំនួន​០៤​នាក់​ចេញមក​វាយយក​ម៉ូតូ និង​កាបូប​លុយ រួច​នាំគ្នា​គេចខ្លួន​បាត់អស់​តែម្តង​។
 
      ២- មាន​ករណី​ចោរ​២​នាក់​បានធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​នា​វេលា​ម៉ោង​១១ និង​១០​នាទី យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​០៤ ផ្លូវ​៥៩៨ ភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ។ 

      កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​១ បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ យឿ​ង មុយ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​បើកបរ​រថ​យន្ត ឲ្យ​ក្រុមហ៊ុន​ទ្រី​ភាព ស្នាក់​នៅក្នុង​ក្រុមហ៊ុន​។ សម្ភារៈ​បាត់បង់ ម៉ូតូ​០១​គ្រឿង ម៉ាក MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1AA -2292​។  

      យឿ​ង មុយ បាន​រៀបរាប់​ប្រាប់​ប៉ូលិស​ថា  ដំបូង​គាត់​ជិះ​ម៉ូតូ​មកពី​រង្វង់​កាំ​កូ​ស៊ី​ធី​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក MSX ពណ៌​ស មិន​ស្គាល់​ស្លាក​លេខ ជិះ​តាម​ពីក្រោយ មកដល់​ចំណុច​ខាងមុខ​ក្រុមហ៊ុន ជនរងគ្រោះ​ឈប់​ម៉ូតូ​មុខ​របង​បម្រុង​ចូលក្នុង​ក្រុមហ៊ុន។ 

       ពេលនោះ​ជនសង្ស័យ បាន​ដក​កាំភ្លើង​មិន​ម៉ាក​ភ្ជង់​ហើយ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ ហើយ​ស្រែក​ចោរៗ រួច​ជនសង្ស័យ​ក៏​លើក​ម៉ូតូ​ជិះ​ចេញទៅ​បាត់​តែម្តង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់