យោងតាមវេបសាយឆានែលញូវស៍អេស៊ាបានឱ្យដឹងថាព្យុះដ៏ខ្លាំង ដែលឃើញមានភ្លៀងដុំទឹកកកប៉ុនគ្រាប់កូនហ្គោលចាក់ស្រោចទូទាំងមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងតិចប្រាំបីនាក់ក្នុងប៉ុន្មានថ្ងៃនេះ ដោយបានផ្តួលរំលំវត្តអារាម និងបំផ្លាញអគារជាច្រើន ផ្អែកតាមការលើកឡើងរបស់ក្រុមមន្ត្រីកាលពីថ្ងៃអាទិត្យ។
ព្យុះចម្លែកនេះបានវាយប្រហារទូទាំងរដ្ឋទាំង ៥ កាលពីថ្ងៃសុក្រ និងសៅរ៍ បន្ទាប់ពីរលកអាកាសធាតុក្តៅប៉ុន្មានសប្តាហ៍មកនេះឡើងដល់ ៤០ អង្សា។
លោក ព្យូ ឡីឡី ថាន់ (Phyu Lei Lei Tun) នាយកផ្នែកជំនួយសង្គ្រោះ និងការតាំងទីលំនៅនៃក្រសួងសុខុមាលភាពសង្គមបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "ពីអ្វីដែលយើងបានដឹងឥឡូវនេះគឺថាមានមនុស្សប្រាំបីនាក់បានស្លាប់ និង ផ្ទះ ៧.៥០០ ខ្នងត្រូវបានបំផ្លាញអំឡុងប៉ុន្មានថ្ងៃនេះ"។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងខណៈពណ៌មានថ្មីៗបន្ថែមទៀតកំពុងចេញមកបណ្តើរៗ។
ជនរងគ្រោះប្រាំមួយនាក់ក្នុងចំណោមនោះបានស្លាប់នៅភូមិយ៉ៃថាយូគនៅកណ្តាលរដ្ឋម៉ាន់ដាឡៃ (Mandalay) បន្ទាប់ពីជំនន់ភ្លាមៗ។ តំបន់ផ្សេងទៀតដែលរងការវាយប្រហារដែរនោះរួមមានរដ្ឋសាហ្គែង (Sagaing) និងរដ្ឋម៉េកវ៉េ (Magway) ក៏ដូចជារដ្ឋសាន (Shan) និងរដ្ឋជីន (Chin)។
រូបភាព និងខ្សែអាត់វីដេអូបានបង្ហាញដុំទឹកកកដ៏ធំបានធ្លាក់ពាយពេញផ្លូវដែលជន់លិច និង បន្លឺសំឡេងលាន់យ៉ាងខ្លាំងលើដំបូលស័ង្កសីខណៈអ្នកស្រុកនាំគ្នារត់រកជម្រក។
កាសែតរដ្ឋ Global New Light of Myanmar បាននិយាយថា វត្តអារាមជាង ១.៧០០ កន្លែងត្រូវបានបំផ្លាញដោយខ្យល់កន្ត្រាក់នៅភាគខាងត្បូងរដ្ឋសានកាលពីយប់ថ្ងៃសុក្រ។
រូបភាពលើបណ្តាញសង្គមបានបង្ហាញវត្តអារាមចំណាស់រាប់រយឆ្នាំមួយចំនួនដួលលើដីរប៉ាត់រប៉ាយ។
ដូចមហាតំបន់ទន្លេមេគង្គភាគច្រើនដែរ ប្រទេសមីយ៉ាម៉ាបានរងការវាយប្រហារដោយគ្រោះរាំងស្ងួតក្នុងប៉ុន្មានសប្តាហ៍មកនេះចំពេលនៃរដូវក្តៅដ៏អាក្រក់បំផុតនេះ៕
ប្រភព៖ ឆានែលញូវស៍អេស៊ា
