1

Ozil ក្លាយជា​កំពូល​អ្នកបង្កើត​ឱកាស​ច្រើនជាងគេ​នៅ Premier League

​    ​ខ្សែបម្រើ Arsenal កីឡាករ Mesut Ozil ប្រហែលជា​រង់ចាំ​រដូវ​កាល​ក្រោយ​ដើម្បី​បំបែក​កំណត់ត្រា Assist របស់ Thierry Henry ប៉ុន្តែ​ឥឡូវ​គាត់​ក្លាយជា​កីឡាករ​ដែល​បង្កើត​ឱកាស​ច្រើនជាងគេ​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ Premier League​។​

​    ​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បង្កើត​ឱកាស​បី​ដង​នៅក្នុង​តង់​ទីមួយ​កាលពី​ប្រកួត​ថ្ងៃអាទិត្យ​ជាមួយ Sunderland ប៉ុន្តែ​គ្មាន​មិត្ត​រួម​ក្រុម​របស់គាត់​ណា​ម្នាក់​អាចធ្វើ​ស៊ី​បានឡើយ ខណៈ​គាត់​បាន​បង្កើត​ឱកាស​បាន ១៣៥ ដង​ហើយ​ក្នុង​រដូវ​កាល​នេះ​។​

​    ​មាន​កីឡាករ​តែ​ពីររូប​ប៉ុណ្ណោះ​ដែល​បាន​បង្កើត​ឱកាស​ដល់​ខ្ទង់រយ ដោយ​ក្នុងនោះ​មាន​កីឡាករ Dimitri Payet របស់ West Ham (១០២ ដង​) និង Christian Eriksen របស់ Tottenham (១០៥ ដង​)​។​

​    ​ចំនួន​ដ៏​ច្រើន​របស់ Ozil មានន័យថា គាត់​បាន​បង្កើត​ឱកាស​ច្រើនជាងគេ​នៅក្នុង​មួយ​រដូវ​កាល ច្រើនជាង​កីឡាករ​ណាៗ​ទាំងអស់ ចាប់តាំងពី​ក្រុមហ៊ុន Opta បានចាប់ផ្តើម​កត់ត្រា​កំណត់ត្រា​នេះ​តាំងពី​រដូវ​កាល ២០០៣/០៤ ហើយ Arsenal នៅសល់​បី​ប្រកួត​ទៀត​ក្នុង​រដូវ​កាល​នេះ​៕

ប្រភព៖ Goal

មតិយោបល់