adverise with khmeread 26e928f9 7a35 4828 8140 d3763fe03da2

ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០២​ខ្នង ត្រូវបាន​ភ្លើង​ឆាបឆេះ​

     សៀមរាប​ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០២​ខ្នង ស្ថិតនៅ​ក្រុមទី​០៨ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្តសៀមរាប ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ធ្វើឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ ០១​ខ្នង ខូចខាត​ទាំងស្រុង និង​ផ្ទះ​ប្រជាពលរដ្ឋ​០១​ខ្នង​ទៀត​ខូចខាត​ប្រហែល ៥០​ភាគរយ។​

     ប៉ូលិស​និយាយថា អគ្គីភ័យ​នេះ បង្កឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង នៅវេលា​ម៉ោង១០ ​និង​១៥​នាទី ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១៦ ហើយ​អគ្គីភ័យ​ខាងលើនេះ​មានការ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​ការិយាល័យ​ប៉ូលិស​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ក្រុង​សៀមរាប កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម រួមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​ជួយ​អន្តរាគមន៍​។​

     សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ផ្ទះ​ទី​១ សង់​ពី​ឈើ​លើ ថ្ម​ក្រោម ប្រក់​ស័ង្កសី មាន​ទំហំ ៧​ម៉ែត្រ គុណ ៩​ម៉ែត្រ ខូចខាត​ទាំងស្រុង​ដែលមាន​ម្ចាស់ផ្ទះ ឈ្មោះ នួន យក់​នី ភេទ​ស្រី អាយុ​៦៨​ឆ្នាំ មុខរបរ​គ្រូបង្រៀន​។​

     ចំណែក​ផ្ទះ​ទី​២ សង់​ពី​ថ្ម​ប្រក់​ស័ង្កសី មាន​ទំហំ ៦​ម៉ែត្រ គុណ ១៥​ម៉ែត្រ ខូចខាត​ប្រហែល​៥០% ដែលមាន​ម្ចាស់ផ្ទះ ឈ្មោះ សេង ពៅ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ដឹក​ភ្ញៀវ ត្រូវជា​កូនប្រសារ ឈ្មោះ នួន យក់​នី​។​

     សមត្ថកិច្ច​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ភូមិសាស្ត្រ​នៅ​ទីនោះ​មាន​ផ្លូវ​តូច ចង្អៀត ធ្វើឱ្យ​កម្លាំង​សមត្ថកិច្ច​យើង​ពិបាក​ក្នុង​ការជួយ​អន្តរាគមន៍​បាន​ទាន់ពេលវេលា។ តែ​កម្លាំង​សមត្ថកិច្ច​យើង​នៅតែ​ខិតខំ​រក​វិធីសាស្ត្រ ដើម្បី​ជួយ​ទប់ស្កាត់​មិនអោយ​អគ្គីភ័យ​នេះ រាលដាល​ដល់ផ្ទះ​បងប្អូន​ប្រជាពលរដ្ឋ​ផ្សេងទៀត​បានឡើយ​។​

     ក្នុងការ​ពន្លត់អគ្គីភ័យ​នេះ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ប្រើប្រាស់​ឡានទឹក​ចំនួន ០៣​គ្រឿង ក្នុងនោះ​ឡាន​កងរាជអាវុធហត្ថ​ចំនួន ០២​គ្រឿង និង​ឡាន​របស់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តសៀមរាប​ចំនួន ០១​គ្រឿង ហើយ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន ០៤​ឡាន ទើប​ធ្វើឱ្យ​អគ្គីភ័យ​រលត់ទៅវិញ​ទាំងស្រុង​នៅវេលា​ម៉ោង ១១​នង​៤៦​នាទី។​

     ករណី​អគ្គីភ័យ​ខាងលើនេះ​កម្លាំង​សមត្ថកិច្ច​យើង​មិនទាន់​អាច​កំណត់​ពី​ទំហំ​នៃ ការខូច​ខាត​ថា អស់​ទឹកប្រាក់​ប៉ុន្មាន​នោះទេ ហើយក៏​មិនមាន​អ្នកណាម្នាក់​រងរបួស​នោះដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់