adverise with khmeread 43e466b3 5daa 4598 b5aa effa327e6e1e

ចោរប្លន់​ស្ទីល​ថ្មី យក​ស្រី​ស្អាត​ជា​ធ្នាក់​ដើម្បី​សម្រេច​បំណង​ទុច្ចរិត​

     ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បង្ហាញមុខ​នា​ព្រឹក​ថ្ងៃទី​២៦ ​មេសា​នេះ បន្ទាប់ពី​បាន​បង្ក្រាបបាន​កាលពី​វេលា​ម៉ោង​១២ និង​៣៥​នាទី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៤​ឈានចូល​ថ្ងៃទី​២៥​មេសា​ឆ្នាំ​១០១៦ ក្នុងករណី​ប្លន់​យក​ម៉ូតូ​មាន​បក្ខពួក​ជា​ក្រុម​មាន​ប្រុស មាន​ស្រី​ស្អាត​ជា​ធ្នាក់​ទៀតផង។​

     មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា មាន​ករណី​ប្លន់​ម៉ូតូ​០១​គ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ស សេរី​២០១១ នៅ​ចំណុច​ក្បែរផ្លូវ​រថភ្លើង ក្រុម​១ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ កាលពី​យប់​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២៥​មេសា ដោយ​ជនល្មើស​ប្រើ​រូបភាព​ឱ្យ​ស្រី​ស្អាត ៣​នាក់​ឈរ​ចាំ​ហៅ​ម៉ូតូ​តាមផ្លូវ។

     លុះ​ពេល​ម្ចាស់​ម៉ូតូ​ឈប់​បក្សពួក​ប្រុសៗ ៤​នាក់​ផ្សេងទៀត​ក៏​ចេញមក​ធ្វើ​សកម្មភាព វាយ ប្លន់​យក​ម៉ូតូ​ម៉ាក​ស្មាស​ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​1AX-0583 ,​កាបូប​លុយ ២០​ដុល្លារ​និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​តែម្តង​។​

     មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បន្តថា ក្រោយពេល​កើតហេតុ​រយៈពេល​មួយ​ម៉ោង​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​អាវុធហត្ថ។ បន្ទាប់មក​កម្លាំង​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់វិធានការ​ជាបន្ទាន់​ហ៊ុមព័ទ្ធ​ភូមិសាស្ត្រ​ដែល​កើតហេតុ​ទាំងយប់ និង​រុករក​ស្រាវជ្រាវ​រហូតដល់​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល ទើប​ចាប់បាន​ជនដៃដល់​២​នាក់​ក្នុងចំណោម​បក្សពួក​ទាំង​៧​នាក់ និង​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​ត្រឡប់មកវិញ​ប្រគល់​ជូនទៅ​ម្ចាស់​ដើម​ឈ្មោះ​អង្គ វណ្ណ​ដេ​ត ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជា​សន្តិសុខ​សាលាខណ្ឌ​មានជ័យ។

      មន្ត្រី​ដដែល​បាន​បន្តថា បច្ចេកទេស​ប្លន់​ដោយ​យក​ស្រី​ស្អាត​ជា​ធ្នាក់​របស់​ក្រុម​នេះ​មិនមែន​ទើបតែ​ធ្វើ​លើក​ទី​១​ទេ។ ​ជាក់ស្តែង​កាលពី​ថ្ងៃទី​១៩​មេសា​២០១៦ ក្រុម​នេះ​ទើបតែ​ប្លន់​បាន​ម៉ូតូ ម៉ាក​ហុងដា សេរី​២០១៦​មួយគ្រឿង ដោយ​ប្រើ​រូបភាព​ដូចខាងលើ តែ​គួរឱ្យ​សោកស្តាយ​ជនរងគ្រោះ​មិន​បានមក​ដាក់ពាក្យ​បណ្តឹង និង​ផ្តល់​ពត៌មាន​ដល់​សមត្ថកិច្ច​ទើប​បណ្តាលឱ្យ​ក្រុម​នេះ​ចេះតែ​បានចិត្ត​នឹងធ្វើ​សកម្មភាព​យ៉ាង​ព្រហើន​ដូច្នេះ​។​

       ជនសង្ស័យ​ឈ្មោះ ​វី មិនា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ​ឡុង វាសនា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខ​បរ​មិន​ពិតប្រាកដ ពួកគេ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

       បច្ចុប្បន្ន​ជន​ស្ស័​យ​ទាំង​០២​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នឹង​បន្ត​នីតិវិធី​ស្វែងរក​បក្សពួក​ដែរ​នៅសល់​បន្តទៀត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់