adverise with khmeread Dfafec70 951e 4293 8249 0f5a1711ef8d

ជនជាតិ​ថៃ​៨​នាក់ និង​ខ្មែរ​២​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពីបទ​លួច​កាប់​ឈើ​គ្រញូង​

     ថៃ ៖ ជនសង្ស័យ​ចំនួន​១០​នាក់  ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ចំនួន​៨​នាក់ និង​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់ ត្រូវបាន​កម្លាំង​អភិរក្ស​យោធា​ថៃ​ឃាត់ខ្លួន​ដើម្បី​យកទៅ​សាកសួរ បន្ទាប់ពី​ពួកគេ​ទាំង​១០​នាក់​បាននាំគ្នា​លបលួច​ចូល​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​ខ្ពង់រាប ឧទ្យាន​ជាតិ  ដែលជា​តំបន់ហាមឃាត់ ក្នុង​ខេត្ត​ប្រា​ជីន​បូរី ជាប់​ព្រំដែន​ខ្មែរ​។​

     តាម​ប្រភព​ផ្ទៃក្នុង​ប្រទេស​ថៃ​បាន​រាយការណ៍​ថា កាលពី​រសៀល​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៦ នៅក្នុង​តំបន់​ឧទ្យាន​ជាតិ ស្ថិតនៅត្រង់​ចំនុច​បរិ​វេណ ព្រៃ​ហ៊ួ​យ​ខ្លង​ណង​កែវ​ស្ថិតក្នុង​ស្រុក​ប្រាក់​ចាន់​ខាម ខេត្ត​ប្រា​ជីន​បូរី ប្រទេស​ថៃ គឺមាន​ជនសង្ស័យ​មួយក្រុម​ដែល​បាន​លបចូល​ទៅក្នុង​តំបន់​ឧទ្យាន​ជាតិ ដែលជា​តំបន់​អភិរក្ស​ព្រៃឈើ​គ្រប់​ប្រភេទ។​

     បន្ទាប់​ពីស​ង្គេ​ត​ឃើញ​នូវ​ភាពមិនប្រក្រតី​នេះ​ភ្លាម លោក ត្រកូល កាត​អារញ្ញ នាយក​​គ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ បាន​បញ្ជា​ទៅ​កំលាំងយោធា​អភិរក្ស ធ្វើការ​រុករក និង​ឡោមព័ទ្ធ​ព្រមទាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១០​នាក់  ដែល​ក្រុម​នេះ​កំពុង​ធ្វើ​សកម្មភាព លួច​កាប់​ឈើ​គ្រញូង។​

     គួរ​បញ្ជាក់ដែរថា ការរុករក​ឈើ​គ្រញូង​ក្នុង​តំបន់​នេះ គឺ​ត្រូវ​ចំណាយពេល​ជិះ​រថយន្ត​ពីក្រោម​ទី​ទំនាប ដើម្បី​ឡើងទៅ​លើ​តំបន់​ខ្ពង់រាប​ដែលមាន​ចំងាយ​ប្រមាណ​ជាង​៦​គីឡូម៉ែត្រ​និង​ត្រូវ​បន្ត​ដោយ​ថ្មើ​ជើង​ប្រមាណ​ជាង​៦​គីឡូម៉ែត្រ​ទៀត ទើប​ដល់​កណ្តាល​តំបន់​នេះ​ដោយមាន​ដើមឈើ​ធំ​គ្រប់​ប្រភេទ។​

      ការឃាត់ខ្លួន​នោះគេ​ស​ង្គេ​ត​ឃើញថា ជនសង្ស័យ​ទាំង​១០​នាក់ គឺមាន​ជនជាតិ​ថៃ​ចំនួន​៨​នាក់ និង​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់ ដែលមាន​ឈ្មោះ យ៉ា សេង ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​ ​និង​ឈ្មោះ តុង មឿ​ន ភេទ​ប្រុស  អាយុ​៣៣​ឆ្នាំ​ដូចគ្នា គឺ​នៅពេល​នោះដែរ  កម្លាំងយោធា​ថៃ​បាន​ដកហូត​នូវ​ប្រភេទ​ឈើ​គ្រញូង​ដែល​ពួកគេ​កាត់​រួច​ចំនួន​ពីរ​កំណាត់​ធំៗ រួមទាំង​សម្ភារៈ​សម្រាប់ធ្វើ​សកម្មភាព និង​ស្បៀងអាហារ​សម្រាប់​ហូបចុក​ពេល​ស្នាក់នៅ​ផង។​

      ជនសង្ស័យ​ទាំងនេះ​បាន​សារភាពថា  ការដែល​ពួកគេ​ចូលមក​កាប់​ឈើ​គ្រញូង​នេះ​គឺ​ ដោយសារ​តែមាន​ការជួល​ពី​សំណាក់​មេ​ឈ្មួញ​ឈើ​ដ៏​ធំ​មួយ ដោយបាន​កំណត់ឱ្យ​តម្លៃ​ខ្លួន​ពួកគេ​ក្នុង​ម្នាក់ៗ​ចំនួន​១៥០០០​បាត។ ក្រោយពី​បានធ្វើ​សកម្មភាព​កាត់ឈើ​គ្រញូង​ទាំងនេះ​បាន  និង​បាន​ទម្លាក់​ទៅដល់​ជើងភ្នំ  ដោយ​គ្រាន់តែ​ចូលមក​ដំបូង​គេ​ឱ្យ​ម្នាក់​២០០០​បាត​សិន​ដើម្បី​យកមក​ធ្វើ​សោហ៊ុយ  ពេល​សម្រេច​គឺអាច​បើក​លុយ​បាន​ទាំងអស់​។​

      លុះ​នៅ​ថ្ងៃទី​២៤  ខែមេសា  ឆ្នាំ​២០១៦  វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច  នៅត្រង់​ចំនុច​ក្នុងព្រៃ​ភាគខាងត្បូង  ក្នុងភូមិ​ខាត់ណា  ឃុំ​តា​ទុំ  ស្រុក​សាំង​ខាក់  ខេត្ត​សុ​រិ​ន​គឺ​សមត្ថកិច្ច​ថៃ​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ដែលជា​ជនជាតិខ្មែរ​ចំនួន​ពីរ​នាក់​ដែល​បាន​លប​ចូលទៅ​កាប់​ឈើ​គ្រញូង​ក្នុង​តំបន់​នោះ។ ស្ត្រី​ទាំងពីរ​នាក់​មានឈ្មោះ ដន ណ​យ​ អាយុ​៥០​ឆ្នាំ និង​ឈ្មោះ នួន សែន អាយុ​៣៣​ឆ្នាំ  អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ដងទង់​ ឃុំ​ដងទង់ ស្រុក​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​សមត្ថកិច្ច​ថៃ​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​ដូចជា ឈើ​គ្រញូង​ចំនួន​១០៦​ដុំ ស្មើនឹង​០,៨៥៥ ម៉ែត្រគូប រណា​ចំនួន​៧ ពូថៅ​ចំនួន​២ ចប​ចំនួន​២  និង​គោម​ភ្លើង​សម្រាប់​បំភ្លឺ​ចំនួន​១។​

      បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​មុខសញ្ញា​ត្រូវបាន​ភាគី​ថៃ​រៀបចំ​បញ្ជូន​ទៅកាន់​អង្គភាព​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ ទៅតាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់