អស់ជាច្រើនឆ្នាំមកហើយ ក្រុមហ៊ុន Apple និង ខ្សែបណ្តាញផ្គត់ផ្គង់របស់ខ្លួនគឺក្រុមហ៊ុនយក្ស Foxconn និង Pegatron ត្រូវបានចោទប្រកាន់អំពីលក្ខខណ្ឌការងារដ៏កម្សោយនៅតាមរោងចក្ររបស់ខ្លួន ជាទីដែល iPhone ត្រូវបានដំឡើង។ Apple បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីបដិសេធការអះអាងទាំងនេះ និងបានកែលម្អលក្ខខណ្ឌការងារឱ្យប្រសើរឡើង ហើយជាលើកដំបូងមិនធ្លាប់មានពីមុនមកក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុង Cupertino មួយនេះបានផ្តល់រូបភាពសម្រាប់ចេញផ្សាយដល់វេបសាយ Bloomberg ជាមួយនឹងសិទ្ធិចូលទៅដល់ក្នុងរោងចក្រក្នុងប្រទេសចិនតែម្តង។
មានទីតាំងស្ថិតនៅជាយក្រុងសៀងហៃ រោងចក្រនេះត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Pegatron ជាក្រមហ៊ុនម៉ៅការផលិតគ្រឿងអេឡិចត្រូនិចធំបំផុតទីពីរក្នុងពិភពលោក។ រោងចក្រនេះគ្របដណ្តប់លើផ្ទៃដីទំហំ "ប៉ុនទីលានបាល់ទាត់ជិត ៩០"។ រោងចក្រដែលផ្ទុកកម្មករ ៥០.០០០ នាក់នេះក៏មានទីធ្លាដាំស្មៅ អាងបាញ់ទឹក រថយន្តក្រុងដឹកទៅវិញទៅមក និងកង់ទីនដ៏ធំសម្បើមជាច្រើនកន្លែង។
ដើម្បីអនុឡោមតាមច្បាប់ការងារ និងដើម្បីធានាថាកម្មករទាំងអស់មិនធ្វើការហួសម៉ោងកំណត់ រោងចក្រ Pegatron បានបង្កើតប្រព័ន្ធមួយ ដែលតម្រូវឱ្យកម្មករស្កែន ID និង មុខ មុនពេលចូលរោងចក្រ។ ប្រសិនបើកម្មករធ្វើការហត់នៅម៉ោងបន្ថែម (៦០ ម៉ោង ឬ ៦ ថ្ងៃជាប់គ្នាក្នុងមួយសប្តាហ៍) ពួកគេនឹងមិនត្រូវបានប្រព័ន្ធនេះអនុញ្ញាតឱ្យចូលរោងចក្រឡើយ។ ប្រព័ន្ធថ្មីនេះក៏បានជួយបង្កើនតម្លាភាពប្រាក់ចំណូលផងដែរ ដែលអនុញ្ញាតឱ្យកម្មករឆែកមើលប្រាក់ខែជាមុន រួមទាំងការចំណាយលើអាហារ និង ការចំណាយស្នាក់នៅប្រចាំខែតាមរយៈម៉ាស៊ីនថាច់ស្គ្រីនដាក់គ្រប់កន្លែងក្នុងរោងចក្រ។ ប្រព័ន្ធថ្មីនេះបានអនុញ្ញាតឱ្យរោងចក្រគោរពតាមច្បាប់ការងារសឹងតែ ១០០ ភាគរយ៕
