ថ្នាំអាស្ពៀរីនគឺជារបស់មួយក្នុងចំណោមរបស់ជាច្រើនទៀត ដែលមនុស្សគួរមាននៅផ្ទះ។ វាមានប្រសិទ្ធភាពសម្រាប់ព្យាបាលរោគនិងការឈឺចាប់ជាច្រើន ហើយជួនកាលមានប្រសិទ្ធភាពសម្រាប់គ្រុនក្តៅកម្រិតស្រាលទៀតផង។ ថ្នាំនេះត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា អាចកាត់បន្ថយការគាំងបេះដូងសម្រាប់អ្នកជំងឺបេះដូង ប្រសិនបើទទួលទានទៀងទាត់រាល់ថ្ងៃ។ ហើយវាក៏ជួយកាត់បន្ថយការស្ទះសរសៃឈាមចំពោះមនុស្សដែលប្រឈមហានិភ័យក្នុងការកកខ្លាញ់ក្នុងសរសៃឈាមផងដែរ។
ក្រៅពីព្យាបាលជំងឺមួយចំនួនហើយនោះ គេអាចប្រើថ្នាំអាស្ពៀរីនសម្រាប់ថែសម្រស់បានថែមទៀតផង ជាពិសេសសម្រស់ស្បែកក្បាល និងស្បែកដងខ្លួន។
១. ប្រឆាំងអង្គែស្បែកក្បាល
អាស៊ីត Salicylic ក្នុងថ្នាំអាស្ពៀរីនគឺជាភ្នាក់ងាររក្សាសំណើមដ៏ខ្លាំងក្លា ដែលអាចកាត់បន្ថយអង្គែស្បែកក្បាលបាន។ កិនថ្នាំនេះ ២ ទៅ ៣ គ្រាប់ទៅជាម្សៅ លាយជាមួយសាប៊ូកក់សក់។ កក់ក្បាលបួនប្រាំនាទីសឹមលាងទឹកចេញ។ ធ្វើរាល់ថ្ងៃលោកអ្នកនឹងសង្កេតឃើញអស់អង្គែយ៉ាងឆាប់រហ័ស។
២. ធ្វើឱ្យស្បែកស្អាត និងគ្មានមុន
អាស៊ីត Salicylic មានប្រសិទ្ធភាពសម្រាប់ស្បែកក្បាល និងស្បែកដងខ្លួន ដោយជួយកម្ចាត់ស្បែកងាប់និងជាតិខ្លាញ់ចេញ ខណៈជួយបើករន្ធញើសបញ្ចេញជាតិពុលនិងបន្ថយការហើមនិងកន្ទួល។ វារឹតតែមានប្រសិទ្ធភាពព្យាបាលប្រសិនបើស្បែកមានមុន ឬមានជំងឺស្បែកក្រហម។ គ្រាន់តែកិនថ្នាំនេះ ៥ គ្រាប់លាយជាមួយទឹក ១/៤ នៃកែវ និងទឹកឃ្មុំមួយស្លាបព្រាកាហ្វេ (ដាក់ក៏បានអត់ក៏បាន)។ លាបលើស្បែក ១០ នាទី សឹមលាងជម្រះជាមួយទឹកធម្មតា។ ធ្វើបែបនេះរាល់ថ្ងៃដើម្បីឆាប់ទទួលបានប្រសិទ្ធភាព៕
