adverise with khmeread C1 948733 620x413

បន្ទាប់ពី​អាន​ផុស​មួយ​លើ Facebook ព្រះសង្ឃ​ថៃ​មួយអង្គ​បាន​កាន់​កាំបិត​ចាក់​សម្លាប់​ប្រពន្ធ​ដើម្បី​បញ្ចេញ​កំហឹង​

    ​ប៉ូលិស​ថៃ​កាលពី​ថ្ងៃ​អង្គារ​បាន​ចាប់ខ្លួន​ព្រះសង្ឃ​មួយអង្គ ដែល​គេ​តាម​ចាប់ខ្លួន​ពីបទ​ចាក់​សម្លាប់​ប្រពន្ធ​ក្បត់ចិត្ត​របស់ខ្លួន​ដើម្បី​បញ្ចេញ​កំហឹង បន្ទាប់ពី​អាន​ផុស Facebook មួយ​ដែល​ធ្វើឱ្យ​សង្ឃ​នេះ​សន្ម​ត់​ថា នាង​បាន​ទៅ​មាន​គូស្នេហ៍​ថ្មី​។ 

​    ​ព្រះសង្ឃ​ព្រះនាម Phra Suraphon Sataesri ត្រូវបាន​ចាប់ខ្លួន​ប្រហែល ៥ គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​នៅ​ស្រុក Mancha Khiri នៃ​ភាគ​ពាយ័ព្យ​ខេត្ត Khon Kaen កាលពី​ល្ងាច​ថ្ងៃ​អង្គារ នេះ​បើតាម​សម្តី​លោក​វីរៈ​សេនីយ៍ Kittirat Noiphonthong មេ​ប៉ុស្តិ៍​ស្រុក Mancha Khiri ដែល​ដឹកនាំ​ការវែកមុខ​ឃាតករ​សម្លាប់​លោកស្រី Nid Buddaboon អាយុ ៣៩ ឆ្នាំ​។ 

​    ​អ្វីដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​មានកាំបិត​ពីរ​ដើម និង​ស្បង់​ចីពរ​ប្រឡាក់​ឈាម​។ 

​    ​ស្ត្រី​រងគ្រោះ​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់​នៅផ្ទះ​របស់គាត់​នៅ​តំបន់ Nakha នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ជាមួយ​ស្នាម​កាំបិត​ជាច្រើន​នៅលើ​មុខ ក និង ដងខ្លួន​។ សាក្សី​បាន​ប្រាប់​ប៉ូលិស​ថា ជនរងគ្រោះ​ជា​ប្រពន្ធ​របស់​ឃាតករ​។ 

​    ​លោក Suraphon អតីត​ព្រះសង្ឃ​ព្រះនាម Phra Suraphon ដែល​ត្រូវបាន​ចាប់​ផ្សឹក​ភ្លាមៗ​បន្ទាប់ពី​ប៉ូលិស​ចាប់ខ្លួន បាន​សារភាពថា​គាត់​បានរស់នៅ​ជាមួយ​ស្ត្រី​រងគ្រោះ​រយៈពេល ៦ ឆ្នាំ មុន​សម្រេចចិត្ត​បួស​ធ្វើ​លោក​នៅ​វត្ត​មួយ​នៅ​ខេត្ត Nong Khai ប្រហែល​មួយឆ្នាំ​មុន​។ ស្ត្រី​រូបនេះ​មានកូន​ពីរ​នាក់​ពី​អាពាហ៍ពិពាហ៍​មុន​។ 

​    ​ទោះបី​លោក Suraphon បាន​បួស​ជា​លោក​ក៏ដោយ ក៏​គាត់​នៅតែ​លួច​មើល​សកម្មភាព​លើ Facebook របស់​នាង​រាល់ថ្ងៃ​។ គាត់​បានឃើញ​ផុស​មួយ​ដែល​ធ្វើឱ្យ​គាត់​ជឿថា នាង​បាន​មាន​ស្នេហា​ជាមួយ​ប្រុស​ផ្សេង​។ 

​    ​ប៉ូលិស​និយាយថា លោក Suraphon បាន​សារភាពថា​ខ្លួន​មាន​អារម្មណ៍​ប្រច័ណ្ឌ ហើយ​បាន​ទៅ​ភូមិ​នៅ​ថ្ងៃ​ចន្ទ រង់ចាំ​នាង​មកដល់​ផ្ទះ​។ គាត់​និយាយទៀតថា បន្ទាប់មក​គាត់​បាន​ផ្លោះ​បង្អួច​ចូល​បន្ទប់ដេក រួច​ចាក់​សម្លាប់​នាង​តែម្តង ហើយ​ពេលនោះ​កូនស្រី​ក៏បាន​ឃើញ​ផ្ទាល់​ភ្នែក​ដែរ​។ 

​    ​ជនសង្ស័យ​បាន​ប្រាប់​ប៉ូលិស​ថា នាង​បាន​ក្បត់​សន្យាថា​នឹង​ស្មោះ​តែ​គាត់ ខណៈ​គាត់​កំពុង​នៅ​បួស​។ 

​    ​លោក​ប៉ូលិស Kittirat និយាយថា សង្ឃ​ផ្សឹក​នេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម និង​ឃុំខ្លួន​នៅ​ប៉ុស្តិ៍​ប៉ូលិស​រង់ចាំ​ចំណាត់ការ​ផ្លូវច្បាប់​៕

​ប្រភព​៖ បាងកក​ប៉ុស្តិ៍

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់