adverise with khmeread 1. jackie chan

តារាភាពយន្ត​អាស៊ី​ផ្នែក​បុរស​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ទាំង ១០ ប្រចាំឆ្នាំ ២០១៥

​តំបន់​អាស៊ី​បង្កើត​តារាភាពយន្ត​ឆ្នើមៗ​មួយចំនួន​ក្នុងចំណោម​តារាភាពយន្ត​ឆ្នើម​ក្នុង​ពិភពលោក​។ រៀងរាល់ឆ្នាំ ភាពយន្ត​រាប់រយ​រឿង​ត្រូវបាន​ចេញផ្សាយ​ទូទាំង​តំបន់​នេះ​។ ឧស្សាហកម្ម​ភាពយន្ត​បាន​ពង្រីក​ប្រជាប្រិយភាព​ហើយ​ផលិតករ​និង​ស្ទូ​ឌី​យោ​សម្រាប់​ភាពយន្ត​ដែល​ចំណាយ​ថវិកា​ច្រើន​កំពុងផ្តល់​ប្រាក់កម្រៃ​ខ្ពស់​ដល់​តារា​សម្តែង​ទាំងនោះ​។ សូម​ក្រឡេកមើល​តារាភាពយន្ត​អាស៊ី​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​ទាំង​១០​ប្រចាំឆ្នាំ​២០១៥ ដែល​ចងក្រង​ដោយ​ទស្សនា​វ​ដ្តី Forbes ។​

១០. កុំ​កុំ ឬ ដូន​នី យ៉េន (Donnie Yen) – ៧,២​លាន​ដុល្លារ​
​ជា​តារាភាពយន្ត​ដើមកំណើត​មកពី​ខេត្ត​ក្វាង​ចូ​វប្រ​ទេស​ចិន ជា​តារា​ក្បាច់គុន អ្នក​ដឹក នាំ​រឿង ផលិតករ​ភាពយន្ត​និង​ជា​អ្នករៀបចំ​ឈុត​វាយតប់ កុំ​កុំ ត្រូវបាន​គេ​ចាត់ទុកថា ជា​តារាភាពយន្ត​វាយតប់​កំពូល​នៅ​ហុងកុង​។ កុំ​កុំ ដែល​ទទួលបាន​ខ្សែក្រវ៉ាត់​ខ្មៅ​ផ្នែក​យូ​ដូ បច្ចុប្បន្ន​គឺជា​តារាភាពយន្ត​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត​នៅ​អាស៊ី​។ តាម​តារាង 2015 Forbes China Celebrity កុំ​កុំ​រកចំណូលបាន​៧,២​លាន​ដុល្លារ​(៤៦​លាន​យ័ន​) ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥​នេះ​។​

៩. ហួង សៀវ​មិ​ង (Huang Xiaoming) - ១២,៤​លាន​ដុល្លារ​
​ជា​តារាភាពយន្ត តារា​បង្ហាញ​ម៉ូត​និង​ជា​តារាចម្រៀង​ចិន​ដ៏​មាន​ប្រជាប្រិយ ហួង សៀវ មិ​ង គឺជា​តារាភាពយន្ត​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​ដែល​រកចំណូលបាន​ខ្ពស់បំផុត​នៅក្នុង ឧស្សាហកម្ម​ភាពយន្ត​ចិន​។ សៀវ​មិ​ង រកចំណូលបាន​សរុប​១២,៤​លាន​ដុល្លារ (៧៩​លាន​យ័ន​) នេះ​បើតាម​តារាង​ចាត់ថ្នាក់ 2015 Forbes China Celebrity ដោយសារតែ​ការបង្ហាញ​មុខ​នៅក្នុង​ភាពយន្ត​ល្បី​ជាច្រើន​ដែល​ទទួលបាន​ជោគជ័យ​សម្រាប់​ចំណូល​បានមកពី​ការលក់​សំបុត្រ​ផងដែរ​ក្នុង​ឆ្នាំ​២០១៤ រួមមាន​រឿង “Love in the Buff” រឿង “An Inaccurate Memoir” និង​រឿង “White-Haired Witch” ។ 

៨. លី តឺ​ហួរ ឬ អែន​ឌី ឡាវ (Andy Lau) - ១៣​លាន​ដុល្លារ​
​អែន​ឌី ឡាវ ជា​តារាភាពយន្ត​និង​ជា​តារាចម្រៀង​ហុងកុង​រកចំណូលបាន​ប្រហែល​១៣​លាន​ដុល្លារ នេះ​បើតាម​តារាង​ចាត់ថ្នាក់​តារាភាពយន្ត​មានតម្លៃ​ខ្លួន​ខ្ពស់​របស់​ទស្សនា​វ​ដ្តី Forbes ។ ឡាវ ដែល​សម្តែង​រួមជាមួយ​តារាភាពយន្ត ចូ​វ យន់​ហ្វា​ត (Chow Yun Fat) ក្នុង​រឿង “From Vegas to Macau II” កាលពី​ឆ្នាំ​២០១៥ គឺជា​តារា​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​ដែល​ទទួលជោគជ័យ​និង​មាន​ឥទ្ធិពល​បំផុត​នៅ​ប្រទេស​ចិន​។​

៧. រ៉ា​ន​បៀ កាពួ (Ranbir Kapoor)- ១៥​លាន​ដុល្លារ​
​តារាភាពយន្ត​ឥណ្ឌា រ៉ា​ន​បៀ កាពួ បាន​បង្ហាញមុខ​លើកដំបូង​នៅលើ​តារាង​ចាត់ថ្នាក់​តារាភាពយន្ត​មានតម្លៃ​ខ្លួន​ខ្ពស់បំផុត​របស់​ទស្សនា​វ​ដ្តី Forbes ជាមួយនឹង​ទឹកប្រាក់​១៥​លាន​ដុល្លារ ដោយសារតែ​ប្រាក់​ឈ្នួល​ខ្ពស់​សម្រាប់​ការសម្តែង​របស់លោក​ក្នុង​រឿង “Roy” និង​រឿង “Bombay Velvet” ។ លោក​ស្ថិតនៅ​លេខ​រៀង​ទី​៣០ ក្នុងចំណោម​តារា​ដែល​រកប្រាក់​ចំណូល​បាន​ខ្ពស់បំផុត​ក្នុង​ពិភពលោក​។ កាពួ ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​ដែល​អ្នកដឹកនាំ​រឿង​របស់​ហូលីវូដ​ចង់​ធ្វើការ​ជាមួយ​។​

៦. ចូ​វ យន់​ហ្វា​ត (Chow Yun-fat) - ១៨​លាន​ដុល្លារ​
​លោក ដូ​ណា​ល់ ចូ​វ យន់​ហ្វា​ត ជា​តារាភាពយន្ត​ហុងកុង​និង​ហូលីវូដ ដែល​គេ​និយម​ហៅថា ចូ​វ យន់​ហ្វា​ត នោះបាន​សម្តែង​ជាង​១២១​រឿង​និង​ភាពយន្ត​ភាគ​ទូរទស្សន៍​២៤​រឿង ដែល​រូ​ម​ទាំង​ភាពយន្ត​របស់​ចិន អាស៊ី​និង​របស់​ហូលីវូដ​។ កាលពី​ឆ្នាំ​២០១៤ លោក ចូ​វ បាន​ជាប់​ចំណាត់ថ្នាក់​លេខ​២ ជា​តារាភាពយន្ត​រកចំណូលបាន​ខ្ពស់បំផុត​នៅ​ហុងកុង ដោយ​រកបាន​ប្រាក់​សរុប​២១,៩​លាន​ដុល្លារ (១៧០​លាន​ដុល្លារ​ហុងកុង​) ហើយ​នៅ​ឆ្នាំ​២០១៥ លោក​បាន​ជាប់​នៅក្នុង​តារាង​ចាត់ថ្នាក់​តារាភាពយន្ត​មានតម្លៃ​ខ្ពស់បំផុត​របស់​ទស្សនា​វ​ដ្តី Forbes ដោយ​រកបាន​១៨​លាន​ដុល្លារ​ដោយសារ​ការសម្តែង​ក្នុង​ភាពយន្ត​ដូចជា​រឿង “From Vegas to Macau II” ជាដើម​។​

៥. សារូ​ក ខាន (Shah Rukh Khan) - ២៦​លាន​ដុល្លារ​
​ដោយ​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា “​ស្តេច​បូលីវូដ​”  ខាន គឺជា​តារាភាពយន្ត​ដែលមាន​ជាងគេ​នៅ​ឥណ្ឌា​និង​ជា​តារាភាពយន្ត​មាន​ជាងគេ​លំដាប់​ទី​២​ក្នុង​ពិភពលោក​។ ទស្សនា​វ​ដ្តី Forbes បាន​រាយការណ៍​ថា ខាន រកចំណូលបាន​២៦​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៥​ដោយសារ​ការសម្តែង​ក្នុង​ភាពយន្ត​ដូចជា​រឿង “Happy New Year” និង​រឿង “Fan” ព្រមទាំង​តាមរយៈ​កិច្ចព្រមព្រៀង​គាំទ្រ​ផលិតផល​ដែលមាន​ប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ជាមួយនឹង​យីហោ​ល្បីៗ​ដូចជា Pan Masala ជាដើម​។​


៤.​អា​កសាយ គូ​ម៉ា (Akshay Kumar)- ៣២,៥​លាន​ដុល្លារ​​

អា​កសាយ គូ​ម៉ា គឺជា​តារាភាពយន្ត​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​ដែលមាន​ឈ្មោះ​ល្បី​និង​មមាញឹក​បំផុត​នៅក្នុង​វិស័យ​ភាពយន្ត​បូលីវូដ​។ គូ​ម៉ា ជា​តារាភាពយន្ត ផលិតករ​និង​តារា​ក្បាច់គុន​ផង​នោះ បានបង្ហាញ​មុខ​ក្នុង​ភាពយន្ត​ជាង​មួយរយ​រឿង​។ គូ​ម៉ា ជា​មធ្យម​ថត​បួន​រឿង​ក្នុង​មួយឆ្នាំ​។ លោក​រកចំណូលបាន​ខ្ពស់​តាមរយៈ​ការសម្តែង​ក្នុង​រឿង “Baby” និង​រឿង “Gabbar” នៅក្នុង​ឆ្នាំ​២០១៥​។ លោក​ក៏​ជា​បង្កើន​ចំណូល​របស់ខ្លួន​តាមរ​យៈ​ការធ្វើជា​ពិធីករ​នៅក្នុង​កម្មវិធី “Khatro ke khiladi” របស់​ទូរទស្សន៍​ក្នុងស្រុក និង​តាមរយៈ​កិច្ចសន្យា​គាំទ្រ​ផលិតផល​ផ្សេងៗ​ផងដែរ​។ ទស្សនា​វ​ដ្តី Forbes បាន​ប៉ាន់ប្រមាណ​ប្រាក់ចំណូល​របស់ គូ​ម៉ា ក្នុង​ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥​ថា មាន​៣២,៥​លាន​ដុល្លារ ដោយ​ធ្វើ​ឲ្យ​លោក​ក្លាយជា​តារាភាពយន្ត​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ទី​៩​ក្នុង​ពិភពលោក​។​

៣. សាល​ម៉ាន ខាន (Salman Khan)- ៣៣,៥​លាន​ដុល្លារ​
​ដោយ​ត្រូវបាន​ចាត់ទុកជា​តារាភាពយន្ត​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​នៅ​បូលីវូដ សាល​ម៉ាន ខាន បានបង្ហាញ​មុខ​ជាង​៨០​រឿង ចាប់តាំងពី​លោក​សម្តែង​ភាពយន្ត​រ៉ូ​ម៉ាន់​ទិ​ក “Maine Pyar Kiya” កាលពី​ឆ្នាំ​១៩៨៩​។ ខាន បន្ត​រកចំណូលបាន​ខ្ពស់​ដដែល​ក្នុងឋានៈ​ជា​ផលិតករ តារាភាពយន្ត ជា​អ្នកគាំទ្រ​ផលិតផល​និង​ជា​សហគ្រិន ជាមួយនឹង​យីហោ​សម្លៀកបំពាក់​ផ្ទាល់ខ្លួន​ឈ្មោះ Khan`s Being Human ដែល​រកបាន​ចំណូល​បាន​៣០​លាន​ដុល្លារ (​ចំណូល​នេះ​បាន​បញ្ចូល​ក្នុង​មូលនិធិ​របស់លោក​) កាលពី​ឆ្នាំមុន​។ កិច្ចព្រមព្រៀង​គាំទ្រ​ផលិតផល​របស់លោក រួមមាន​យី​យោ Thums Up (India`s Coca-Cola) និង Suzuki ។ តារាភាពយន្ត​ដ៏​ចម្រូងចម្រាស​រូបនេះ​ក៏​ជា​តារាភាពយន្ត​ដែលមាន​ចិត្ត​សប្បុរសធម៌​បំផុត​នៅ​ប្រទេស​ឥណ្ឌា​ផងដែរ​។ ភាពយន្ត​របស់ ខាន រួមទាំង​រឿង “Kick” កាលពី​ឆ្នាំ​២០១៤​។ ទស្សនា​វ​ដ្តី Forbes បាន​ប៉ាន់ប្រមាណ​ប្រាក់ចំណូល​របស់ ខាន ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥​ថា មាន​៣៣,៥​លាន​ដុល្លារ​។​

២. អា​មី​តាប បាច​ចាន (Amitabh Bachchan)- ៣៣,៥​លាន​ដុល្លារ​
​ដូចជា សាល​ម៉ាន ខាន ដែរ តារាភាពយន្ត​ជើងចាស់​នៅ​បូលីវូដ អា​មី​តាប បាច​ចាន ដែល​គេ​ស្គាល់​ថា រ៉ា​ម៉ន នោះ រកចំណូលបាន​ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥ ប្រមាណ​៣៣,៥​លាន​ដុល្លារ​។ លោក​សម្តែង​បាន​ជាង​១៨០​រឿង​នៅក្នុង​អាជីព​រយៈពេល​៤៦​ឆ្នាំ​របស់លោក​។ លោក បាច​ចាន បង្កើន​ចំណូល​របស់លោក​តាមរ​យៈ​អាជីព​ជា​ពី​ធី​ករ​នៅក្នុង​កម្មវិធី “Who Wants To Be A Millionaire?” ។ 

១. ឈិន ឡុង ឬ ជែក​ឃី ចាន (Jackie Chan)- ៥០​លាន​ដុល្លារ
​លោក ជែក​ឃី ចាន ឈរ​នៅ​ចំណាត់ថ្នាក់​កំពូល​លើ​តារាង​ចាត់ថ្នាក់​ជាមួយនឹង​ចំណូល​៥០​លាន​ដុល្លារ​ដែល​រកបាន​ចន្លោះ​ឆ្នាំ​២០១៤​ដល់​ឆ្នាំ​២០១៥ នេះ​បើតាម​ទស្សនា​វ​ដ្តី Forbes ។ លោក​ត្រូវបាន​គេ​ចាត់ទុកថា ជា​តារាភាពយន្ត​ចិន​ដែលមាន​ប្រជាប្រិយភាព​បំផុត​នៅក្នុង​ពិភពលោក ដោយសារតែ​ទេពកោសល្យ​សម្តែង​បែប​កំប្លែង​គ្មាន​ពីរ​និង​ជា​តារា​ក្បាច់គុន​ផងដែរ​។ តារា​ក្បាច់គុន​កុង​ហ្វ៊ូ​និង​ជា​តារា​ហូលីវូដ លោក ជែក​ឃី ចាន គឺជា​តារា​ម្នាក់​ក្នុងចំណោម​តារាភាពយន្ត​មួយចំនួន​តូច​ដែល​ហ៊ាន​សម្តែង​គ្រប់​ឈុត​គ្រោះថ្នាក់​។ លោក​សម្តែង​បាន​ជាង​១៥០​រឿង​។ លោក​បង្កើន​ចំណូល​របស់លោក​តាមរ​យៈ​ការចូលរួម​ដោយ​ប្រយោល​និង​ការសម្តែង​ផ្ទាល់​ក្នុង​រឿង “Dragon Blade” ដែល​រកចំណូលបាន​១២០​លាន​ដុល្លារ​នៅ​ប្រទេស​ចិន​៕ 

adverise with khmeread

មតិយោបល់