adverise with khmeread Unnamed

ឆក់​កាបូប​បាន​ហើយ​រួច​រត់​បាត់​បន្សល់​ម៉ូតូ​មួយគ្រឿង

     ភ្នំពេញ​ ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៦ ​ខែមេសា​ ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​បន្ទាយ​ភេ​វរ​កម្ម​តាម​បណ្តោយផ្លូវ​បេតុង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចោរ​២​នាក់​ឆក់យក​កាបូប​បាន​ហើយ បើក​គេច​រួច​ដួល​រត់​បាត់​បន្សល់​ម៉ូតូ​មួយគ្រឿង។ 

     ជនរងគ្រោះ​ឈ្មោះ គីម បូ​ឡែ​ន ភេទ​ស្រី អាយុ​២៥ ឆ្នាំមាន​មុខរបរ​ជាង​អ៊ុតសក់ នៅ​ម្តុំ​សាលា​អង្គអេង និង​មាន​ទីលំនៅ ភូមិ​ថ្មគោល សង្កាត់ចោមចៅ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​វេ​វ​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1AE-4803 ឯ​សម្ភារៈ​ក្នុង​កាបូប​ដែល​ចោរឆក់​មិនបាន​សំរេច​នោះ​មានទូរស័ព្ទ​ម៉ាក សាម​សុង​មួយគ្រឿង លុយ​១២០​ដុល្លារ។​

     គឹម បូ​ឡែ​ន បាន​និយាយថា មុនពេល​កើតហេតុ​រូបគាត់​ចេញពី​សិក្ខាសាលា​របស់​ក្រុមហ៊ុន យូ​នី​ស៊ី​ធី ក្នុង​កោះ​ពេជ្រ។ ពេល​ចេញពី​កោះ​ពេជ្ររូបគាត់​បាន​ចូល​ទិញ​ឥ​វ៉ាន់​នៅក្នុង​ផ្សារ​ទំនើប​ឡាក់​គី ក្រោយមក​ក៏​ធ្វើដំណើរ​ត្រឡប់មកផ្ទះ​វិញ។​

     ពេលដែល​ជិះ​ម៉ូតូ​មកដល់​ក្រោយ​បន្ទាយ​ភេ​វរ​កម្ម​ដែលជា​កន្លែង​ស្ងាត់​ក៏​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ឆ្នាំ​ ២០១៦ ពណ៍​ខ្មៅ មក​អែប​ទន្ទឹម​ខាងឆ្វេង​ដៃ​របស់គាត់ ហើយ​បាន​ឆក់យក​កាបូប​របស់គាត់ ដែល​ស្ពាយ​ពីមុខ ធ្វើឱ្យ​រូបគាត់​ទាញ​ទៅ​ទាញ​មកជា​មួយជនសង្ស័យ​រហូត​ដាច់​ខ្សែ​កាបូប រួចហើយ​ជនសង្ស័យ​ក៏​បន្ថែម​ល្បឿន​ទៅ​បាត់​។ 

     នាង​បន្តទៀតថា ពេលដែល​រូបគាត់​ជិះ​ម៉ូតូ​ទៅមុខ​បន្តិច​ប្រហែលជា​១​គីឡូម៉ែត្រ ក៏​ឃើញ​ម៉ូតូ​ជនសង្ស័យ​ដួល រួមទាំង​កាបូប​របស់គាត់នៅក្បែរនោះ​ផងដែរ តែ​មិន​បានឃើញ​ជនសង្ស័យ​ទេ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់