adverise with khmeread Edcc9aed dd2b 4fe9 b431 ea8eb052208d

ឆែកឆេរ​វីឡា​មួយ​នៅ​ជ្រោយចង្វារ ឃាត់៥​នាក់​ សង្ស័យ​ជួញដូរ​មនុស្ស និង​រំដោះ​នារី​ក្មេង​១២​នាក់​

      ភ្នំពេញ ៖ គ្រូបង្រៀន​ជា​ជនជាតិ​ថៃ​ម្នាក់​,​ខ្មែរ​ម្នាក់​ និង​ស្ត្រី​៣​នាក់​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​នៅក្នុង​ការឆែកឆេរ​វីឡា​មួយ​នៅក្នុង​ភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​ពីបទ​សង្ស័យ​លាក់ទុក​ក្មេងស្រី​ក្រមុំ​ដើម្បី ជួញដូរ​ផ្លូវភេទ​។ ក្រៅពីនោះ​អាវុធហត្ថ​បាន​នាំខ្លួន​ក្មេងស្រី​១២​នាក់​ទៀត ដែល​ក្នុងនោះ​មាន​អាយុ​១៤​ទៅ​១៨​ឆ្នាំ ដើម្បី​ទៅ​សាកសួរ​។​

      ​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅវេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៦ រហូតដល់​ម៉ោង​ប្រមាណ​១​រសៀល ក្រោម​ការដឹកនាំ ដោយ​លោក​វរៈសេនីយ៍ត្រី​សេន កូ​ម៉ុ​ន​នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានកា​ដឹកនាំ​សម្របសម្រួល​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​និង​មានការ​ចូលរួម​ពី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ អង្គការ ​IGM​ ព្រមទាំង​មានការ​ចូលរួម​ពី​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ផងដែរ​។​

     ការ​ឈានទៅ​ឆែកឆេរ​លើក​ទី​២​បន្ទាប់ពី​កម្លាំង​កងរាជអាវុធហត្ថ បាន​នាំ​ក្មេងស្រី​ម្នាក់​ឈ្មោះ​អ៊ា​ន់ សំណាង​ស្រី​ភិន អាយុ​១៥​ឆ្នាំទៅ​សាកសួរ​កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែមេសា ហើយ​បានធ្វើការ​ស្រាយ​ជ្រាវ​មានការ​សង្ស័យ​ភូមិគ្រឹះ​នេះ​មាន​មេខ្យល់​នាំ​ក្មេងស្រី​ក្រមុំ​មកពី​ជនបទ​មក​លាក់ទុក​ដើម្បី​ជួញដូរ​មនុស្ស​នាំទៅ​ប្រទេស​ថៃ​ដើម្បី​លក់​ព្រហ្មចារី​យ៍​ក្រោម​​រូបភាព​នាំមក​បង្ហាត់បង្រៀន​បណ្តុះ​បណ្តាល​ធ្វើ​ក្រចក​និង​អ៊ុតសក់​។​

     ចំណែក​ស្ត្រី​៣​នាក់​ដែល​បាន​ឃាត់ខ្លួន​១-​ឈ្មោះ​ចាន់ សុ​វណ្ណា​រី អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ ជា​មេការ ដែល​បាន​អះអាងថា ជា​ប្អូនស្រី​ឈ្មោះ​ម៉ា លីកា​ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ដែលជា​ម្ចាស់​បើក​កន្លែង​ស្ប៉ា​រ​ខាងលើ​,២ -​ឈ្មោះ​អាង សុភា​វី អាយុ​២៦​ឆ្នាំ​ជនជាតិខ្មែ​ជា​គ្រូបង្ហាត់ និង​៣-​ឈ្មោះ SAITHONG THIPPHATSORN​ជា​ជនជាតិ​ថៃ ជា​គ្រូបង្រៀន​។​

     លោក​សេន កូ​ម៉ុ​ន បានឱ្យដឹងថា  ដោយ​មានការ​ពាក្យបណ្តឹង​ពី​ក្រុមគ្រួសារ​ក្មេងស្រី​​ជន​រងគ្រោះ និង​មានការ​ស្រាវជ្រាវ ពី​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អ​និតិ​ជន​រាជធានី​ភ្នំពេញ​និង​មានការ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ទីតាំង​នេះ​បាន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ដោយ​ប្រើប្រាស់​រូបភាព​បង្រៀន​កាត់​ក្រចក​ម៉ា​ស្យ៉ា​មុខ​ក្នុងនោះ​មាន​អ​និតិ​ជន​អាយុ​១៤​ឆ្នាំ ,១៥​ឆ្នាំ ,១៧​ឆ្នាំ​និង​១៨​ឆ្នាំ​។​

      លោកនាយ​ការិយាល័យ​បាន​បន្តថា បុ​គ្ក​ល​ដែលជា​មេការ​មិនមាន​ឯកសារ​ណាមួយ​បញ្ជាក់ថា ខ្លួន​បានទទួល​មនុស្ស​ធ្វើការ​តាមផ្លូវ​ច្បាប់​នោះទេ​។​ចំណែក​កន្លែង​បង្កើតឱ្យមាន​ការបង្រៀន​វិជ្ជាជីវៈ​ក៍​ពុំមាន​ច្បាប់​អនុញ្ញាតិ​ដែរ។ ដូចនេះ​សមត្ថកិច្ច​បាន​នាំខ្លួន​ក្មេងស្រី​រងគ្រោះ​១៣​នាក់​និង​មេការ​,​គ្រូបង្រៀន​ជា​ជន​ជា​ខ្មែ​និង​ជនជាតិ​ថៃ​ចំនួន​៣​នាក់​ទៅ​សាកសួរ ។​ដោយឡែក​ម្ចាស់​ជា​ថៅកែ​កំពុង​គេច​ទៅ​ប្រទេស​ថៃ​។​

      កាលពី​រសៀល​ថ្ងៃទី​២៦ ខែមេសា អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ឆែកឆេរ​ក្នុងភូមិ​គ្រឹះ​​ខាងលើ​រកឃើញ​មាន​ក្មេង​ទំ​ទង់​ចំនួន​១៣​នាក់ បន្ទាប់ពី​បងប្អូន​ក្មេង​អាយុ​១៥​ឆ្នាំ​ម្នា​ក់បាន​ទៅប្តឹង អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​អោយជួយ​អន្តរាគមន៍ ។​

     តាម​ព័ត៌មាន​បានឱ្យដឹងថា មាន​ក្មេង​ស្ត្រី​ម្នាក់​ឈ្មោះ ​អ៊ា​ន់ សំណាង​ស្រី​ភិន​ អាយុ​១៥​ឆ្នាំ មាន​លំនៅ​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង ត្រូវបាន​មេខ្យល​នាំយក​មកឱ្យ​រៀន​ធ្វើ​ក្រចក អ៊ុតសក់ ដោយបាន​ប្រាក់ខែ​៤០​ដុល្លារ​។ ​នៅពេល​ធ្វើការ​បាន​២​ថ្ងៃ នាង​មិន​ចង់​នៅ​ព្រោះ​គេ​ឱ្យធ្វើ​ស​សៃ​ក៏​ត្រូវ​បងស្រី​និង​ម្តាយមីង​មកលេង ហើយ​ក្មេងស្រី​នោះ​មិន​ព្រម​នៅ ក៏សុំ​យកទៅ​ផ្ទះ​វិញ។ តែ​អ្នកមើលការខុសត្រូវ​មិនឱ្យ​ក្រុមគ្រួសារ​ក៏បាន​ប្តឹង អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ​ចុះទៅ​អន្តរាគមន៍​តែម្តង​។​ ភ្លាមៗ​សមត្ថកិច្ច​ក៏បាន​នាំខ្លួន​ក្មេងស្រី​ម្នាក់​ប្រគល់ឱ្យ​កម្លាំង​កង​រាជ​អាវុធ​សាកសួរ និង​ស្រាវជ្រាវ មានការ​សង្ស័យថា ភូមិគ្រឹះ​នោះ​លាក់ទុក​ក្មេងស្រី​ក្រមុំ​ដែល​មេខ្យល់​នាំមក​ពី​ជនបទ​សម្រាប់​ជួញដូរ​ដោយ​ប្រើ​រូបភាព​នាំមក​ធ្វើការ​ហើយក៏​បន្ត​មក​ឆែកឆេរ​ជា​លើក​ទី​២ ឃាត់​និង​នាំខ្លួន​ទៅ​សាកសួរ​ទាំងអស់​តែម្តង​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់