ប្រសិនបើអ្នកមានជម្រើសក្នុងការជ្រើសរើសនរណាម្នាក់ក្នុងពិភពលោកនេះដើម្បីបង្រៀនអ្នកពីរបៀបលេងបាល់ម្ខាង ៥ នាក់ តើម្នាក់នោះគួរតែជានរណា? ចុះបើលោក Arsene Wenger តើអ្នកគិតយ៉ាងណា?
គ្រូបង្វឹកកាំភ្លើងធំ Arsenal លោក Arsene Wenger នឹងផ្តល់នូវក្បួនច្បាប់ទាំង ៥ ដែលនឹងជួយអ្នកអភិវឌ្ឍការប្រកួត Futsal របស់អ្នកឱ្យកាន់តែប្រសិទ្ធិភាព។
១. លេងឱ្យត្រូវតួនាទី
វាពិតជាសំខាន់ណាស់ដែលអ្នកមានកីឡាករដែលស្ថិតនៅទីតាំងត្រឹមត្រូវ។ ប្រសិនបើអ្នកមិនដឹងថាតើតួនាទីណាដែលស័ក្តិសមនឹងមិត្តរួមក្រុមរបស់អ្នក អ្នកប្រហែលជាត្រូវមើលទៅលើបុគ្គលិកលក្ខណៈរបស់ពួកគេហើយ។ មនុស្សដែលអត់ធ្មត់នឹងការងារ ជាខ្សែប្រយុទ្ធដ៏ល្អបំផុត។ ប្រសិនបើពួកគេមិនសូវរួសរាយហើយមិនចេះមាត់កទៀតនោះ ពួកគេនឹងក្លាយជាខ្សែប្រយុទ្ធដ៏មានប្រសិទ្ធិភាព។ ចំពោះអ្នកដែលចូលចិត្តចែករំលែក ចូលចិត្តអ៊ូអរនិងដើរលេងច្រើន គួរចាត់ពួកគេឱ្យធ្វើជាខ្សែបម្រើ។ ហើយចំពោះអ្នកដែលលេងកាចនិងសម្តីកាច ហើយចូលចិត្តដណ្តើមរបស់អ្នកដទៃ និងចូលចិត្តបញ្ឈប់ដំណើរការរបស់នរណាម្នាក់ រៀបចំឱ្យពួកគេធ្វើជាខ្សែការពារ។
២. ជ្រើសរើសក្បួន ១-២-១
ដូចការប្រកួតម្ខាង ១១ នាក់ដែរ ព្រោះអ្នកមានជម្រើសក្នុងការជ្រើសរើសក្បួនដ៏ត្រឹមត្រូវ។ អ្នកអាចលេងខ្សែការពារ ២ នាក់ ខ្សែបម្រើម្នាក់ និងម្នាក់នៅចាំប្រយុទ្ធ ឬក៏អ្នកមានខ្សែប្រយុទ្ធម្នាក់និងខ្សែការពារបីនាក់ ប៉ុន្តែលោក Arsene Wenger បានណែនាំឱ្យប្រើក្បួនដែលខ្សែការពារនិងប្រយុទ្ធមានទំនាក់ទំនងជាមួយគ្នា។ ក្បួន ១-២-១ គឺជាជម្រើសដ៏ល្អ! ខ្សែការពារម្នាក់ ខ្សែប្រយុទ្ធម្នាក់ និងខ្សែការពារសម្រាប់គាំទ្រការប្រយុទ្ធ ២ នាក់។ កីឡាករ ២ នាក់នេះគួរតែត្រឡប់មកក្រោមវិញនៅពេលដែលគ្មានបាល់ហើយត្រូវតែត្រៀមជានិច្ចដើម្បីប្រយុទ្ធនៅពេលដែលចាំបាច់។ ក្បួននេះនឹងអនុញ្ញាតអ្នកឱ្យលេងបាល់ Futsal ដែលមានប្រសិទ្ធិភាពបំផុត។ អ្នកនឹងខ្លាំងខាងការពារហើយគ្រោះថ្នាក់ផ្នែកប្រយុទ្ធ។
៣. ស្វែងរកអ្នកចាំទីដ៏ត្រឹមត្រូវម្នាក់
ដំបូងបំផុត អ្នកត្រូវតែធានានូវអ្នកចាំទីល្អម្នាក់! មនុស្សម្នាក់នោះមិនមែនដាក់ឱ្យឈរនៅតែមុខទីទេ ប៉ុន្តែជាមនុស្សដែលផ្តល់នូវទំនុកចិត្តដល់កីឡាករដទៃនៅពេលដែលគូប្រកួតលេងផុតខ្សែការពាររបស់អ្នក។ អ្នកក៏មានជម្រើសប្តូរគ្នាចាំទីផងដែរ ប៉ុន្តែលោក Wenger ថា ធ្វើបែបនេះគឺអវិជ្ជមាន ហើយវានឹងធ្វើឱ្យក្បួនរបស់អ្នកបាត់ជើងកីឡាករដែលលេងនៅទីតាំងត្រឹមត្រូវ ដូច្នេះ ស្វែងរកអ្នកចាំទីដែលអ្នកគិតថាអាចចាប់បាល់បានល្អ។
៤. វាយបកលឿនៗគឺជាក្បួនល្អបំផុតសម្រាប់បំបាក់ក្រុមដែលលេងគ្រប់គ្រងភាគរយ
ការលេងគ្រប់គ្រងបាល់ជាកូនសោឆ្ពោះទៅរកភាពជោគជ័យមែនទេ? មិនប្រាកដទេ! ប្រសិនបើអ្នកមើលការប្រកួតម្ខាង ៥ នាក់ រាល់គ្រាប់បាល់ភាគច្រើនគឺកើតចេញពីការវាយបកលឿនៗពីក្រោមមក។ មួយប៉ះឬក៏ពីរប៉ះបន្ទាប់មកស៊ុតតែម្តង! ក្រុមដែលលេងគ្រប់គ្រងបាល់និងប៉ះចុះឡើងដ៏គួរឱ្យធុញទ្រាន់នេះ ទទួលបានជោគជ័យតិចតួចណាស់។ ដូច្នេះ លេងឱ្យរហ័សរហួន កុំខ្លាចគេធាក់ អ្នកនឹងទទួលបានជោគជ័យ។ ការលេងវាយបកនៅពេលគូសត្រូវបាត់បាល់ជាមួយការប៉ះរហ័សពីខ្សែការពារអាចមានប្រសិទ្ធភាពនិងជាក្បួនដ៏ល្អមើលនៅក្នុងបាល់ទាត់ម្ខាង ១១ នាក់ ហើយវាក៏អាចយកមកលេងនៅបាល់ទាត់ Futasl ផងដែរ។ ដោយការឈរបិទនិងធ្វើឱ្យគូប្រកួតមិនសុខស្រួលនៅពេលបុក ពួកគេនឹងបាត់បង់ទម្រង់ ហើយយើងចាប់ផ្តើមវាយបក។ ប៉ុន្តែដើម្បីលេងបែបនេះឱ្យបានល្អ ខ្សែការពារចាំគាំទ្រការប្រយុទ្ធទាំងពីរនាក់ឬក៏ខ្សែបម្រើត្រូវតែមានថាមពល។ ពួកគេត្រូវតែគាំទ្រខ្សែការពារនិងឆាឆៅគូប្រកួត ប៉ុន្តែនៅពេលវាយបក ចាប់ផ្តើមប្រេហើយអ្នកនឹងទទួលបានគ្រាប់បាល់។
៥. កុំធ្វើជាតួឯកលើទីលាន
ប្រសិនបើអ្នកមានកីឡាករចេញចរិកតួឯក សូមប្រញាប់ដកចេញជាបន្ទាន់។ ទីលានបាល់ទាត់គឺសម្រាប់លេងទាំងអស់គ្នា មិនមែនសម្រាប់លេងតែបុគ្គលណាម្នាក់នោះទេ។ សម្រាប់បាល់ទាត់ម្ខាងប្រាំនាក់ រឿងសំខាន់បំផុតគឺការប៉ះបាល់លឿនៗ។ បើក្រុមមានតួឯកចូលចិត្តលេងតែឯង អាងខ្លួនឯងល្អដាច់គេ និងចូលចិត្តលេងញាក់តែឯង ក្រុមនោះនឹងមិនដែលស្គាល់ជ័យជម្នះនោះឡើយ។ មួយវិញទៀត ក្នុងក្រុមមិនត្រូវប្រកាន់ថាខ្លួនជាខ្សែការពារ ប្រយុទ្ធ ឬបម្រើនោះទេ បើមានឱកាសត្រូវតែជួយគ្នាទៅវិញទៅមក គាំទ្រគ្នាទៅវិញទៅមក ទើបការប្រកួតលេងបានស៊ីចង្វាក់គ្នាល្អ និងបង្កើតឱកាសឈ្នះលើគូប្រកួតបានរឹតតែខ្ពស់៕
វីដេអូ៖
១. វិធីសាស្ត្របង្វិលខ្លួន
២. វិធីសាស្ត្រស៊ុត
៣. វិធីសាស្ត្រប្រយុទ្ធ
៤. វិធីសាស្ត្រការពារ
