adverise with khmeread D361c555 175e 4abe a52f dc27686c7382

ព័ត៌មាន​បន្ថែម​ស្តីពី​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​

     ភ្នំពេញ ៖ រយៈពេល​ជាង​២​ម៉ោង​តាំងពី​វេលា​ម៉ោងជាង​៤​ និង​៥​នាទី​ល្ងាច​រហូតដល់​ម៉ោង​៦​ និង​២០​នាទី​យប់​ថ្ងៃទី​២៧ ​មេសា​ ឆ្នាំ​២០១៦​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​កក្រើក​រាជធានី​ភ្នំពេញ​ដោយ​ចាប់ខ្លួន​មេក្លោង​និង​បក្ខពួក​សរុប​៥​នាក់​និង​បាញ់​ស្លាប់​ម្នាក់​ខណៈពេល​បាញ់​តដៃ​គ្នា​ដូច​ក្នុង​សមរភូមិ​ជាមួយ​សមត្ថកិច្ច នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

     ដោយឡែក​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រាជធានី​ម្នាក់ បាន​ពលី​ជីវិត​ដោយ​គ្រាប់កាំភ្លើង​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់ស្រោច​មកលើ​គឺ​លោក​អនុសេនីយ៍ឯក​ទៀន កុរ​ណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​

     មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់ថា ហេតុការណ៍​នេះ ដំបូង​ឡើយ​បាន​ផ្តើមចេញពី កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព ជា​នាយការិយាល័យ និង​លោក​អនុសេនីយ៍ឯក ទៀន ករុណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់បាន​ជនល្មើស​ជួញដូរ​គ្រឿងញៀន​ម្នាក់ ឈ្មោះ​ លី វីរៈ ភេទ​ប្រុស ​អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​បឹង​ឈូក​ទល់មុខ​ពេទ្យ​លោកសង្ឃ និង​ដកហូត​ថ្នាំញៀន​បាន​២០៦​គ្រាប់​។​

     តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ម្នាក់នេះ បាន​ប្រាប់​ឱ្យដឹងថា មេក្លោង​ធំ​រប​ស់វា នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ទើប​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ និង​ព្រះរាជអាជ្ញារង សៀង សុខ ចុះទៅ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំញៀន​ទាំងនោះ​ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌទួលគោក​។​

     ពេល​ចុះទៅ​ដល់ផ្ទះ​ជនល្មើស​ដែលមាន​ពីរ​ជាន់ ថ្ម​ក្រោម ឈើ​លាយ​ថ្ម​ខាងលើ សមត្ថកិច្ច​អាវុធហត្ថ​ក៏​សម្រុក​ចូលដល់​ក្នុងផ្ទះ​ជាន់​ខាងក្រោម ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ និង​បន្ត​ឡើងទៅ​ជាន់​លើ​ឃាត់ខ្លួន​បាន​បក្ស​ពួកវា​ម្នាក់ទៀត ។​

     ភ្លាមៗ​នោះ​ជនល្មើស ដែលជា​មេក្លោង​ធំ​របស់​ពួកវា​បាន​ចេញមក​បាញ់ប្រហារ លើ​កម្លាំង​សមត្ថកិច្ច​បណ្តាលឱ្យ​អាវុធហត្ថ​ម្នាក់​ត្រូវ​១​គ្រាប់ ហើយ​សមត្ថកិច្ច​អាវុធហត្ថ​បាន​បាញ់​តបត ដើម្បី​រំដោះ​អ្នករបួស​យកទៅ​មន្ទីរពេទ្យ។ តែ​ជា​អកុសល​ត្រូវបាន​ពលី​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។​

     ប្រភព​បន្តថា បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ តែ​ដោយ​ផ្ទះ​របស់​ជនល្មើស​ចាប់​កា​ម៉ា​រ៉ា​គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​កម្លាំង​ប្រតិបត្តិ​ការមិនអាច​ចូលទៅក្នុង​ផ្ទះ​បាន ហើយ​ជនល្មើស​បាន​បាញ់​សង្គ្រប់​មកលើ​សមត្ថកិច្ច​ជា​បន្តបន្ទាប់​មិនតិចជាង​៥០​គ្រាប់ ទើប​ឯកឧត្តម រ័ត្ន ស្រ៊ាង បញ្ជា​ឲ្យ​កម្លាំង​របស់លោក បាញ់ កំទេច​កា​ម៉េ​រ៉ា​ចោល​មួយចំនួន និង​សម្រុក​ចូលទៅ​បាញ់ប្រហារ​តបត ជាមួយ​ជនល្មើស​ដែលជា​មេក្លោង​ធំ​នោះ បណ្តាល​ឲ្យ​ងាប់​នៅក្នុង​បន្ទប់ដេក​របស់​វា​ដែលមាន​ដាក់​កា​ម៉េ​រ៉ា​តែម្តង​។​

     ក្នុង​ប្រតិបត្តិការ​សម្រុកចូល​នោះ ជនល្មើស​ក៏បាន​បាញ់ប្រហារ​ត្រូវ​កម្លាំង​អាវុធហត្ថ​២​នាក់​ទៀតផង​ដែរ គឺ​ម្នាក់​ត្រូវ​ក្បាល​គ្រាប់​បៀម​ជាប់​អាវ​ក្រោះ​ត្រង់​ដើមទ្រូង និង​ម្នាក់ទៀត​ត្រូវចំ​ទូរស័ព្ទ Iphone​ពីរ​គ្រឿង នៅក្នុង​ហោប៉ៅ​ខោ​ត្រង់​ភ្លៅ​ឆ្វេង បណ្តាល​ឲ្យ​កំពិត​ទូរស័ព្ទ​ទាំងពីរ​គ្រឿង។​

     ពេល​សមត្ថកិច្ច​ចូលទៅ​ឆែកឆេរ​ក្នុង​បន្ទប់​របស់​ជនល្មើស បាន​រកឃើញថា​ជន​នោះបាន​ចាក់​គ្រឿងញៀន​ចោល​ចូលទៅក្នុង​បង្គន់​ទាំងអស់ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រមូល​បានតែ​កំទេចកំទី​ថ្នាំញៀន​មួយចំនួន​ដែល​វា​ធ្វើឱ្យ​កំពប់​ប៉ុណ្ណោះ ហើយ​ជនល្មើស​បាន​ដុតបំផ្លាញ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​មេក្លោង​ធំ​នេះ​បាន​នៅឡើយ​។​

        ក្រោយ​ប្រតិបត្តិការ​អស់​ប្រហែល​ជាង​២​ម៉ោង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​សភាពការណ៍​ទាំងស្រុង ដោយ​ឃាត់ខ្លួន​ជនល្មើស​សរុប​បាន​៥​នាក់ បាញ់​ងាប់​១​នាក់ ដកហូត​បាន​អាវុធ​វែង​ខ្លី​០៦​ដើម (​អាវុធខ្លី​៥​ដើម អាវុធ​វែង​AK១​ដើម​) រថយន្ត​០២​គ្រឿង គឺ​Luxus RX300 មួយគ្រឿង ស្លាក​លេខ ភ្នំពេញ 2AF-1549 និង​រថយន្ត AudiQ7 មួយគ្រឿង ម៉ូតូ​០៤​គ្រឿង ហើយ​ពលី​កម្លាំង​អាវុធហត្ថ​ម្នាក់​គឺ​លោក អនុសេនីយ៍ឯក ទៀន ករុណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តម្កល់​ធ្វើបុណ្យ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​នឹង​ដង្ហែ​ទៅ​បូជា ថ្ងៃ​សៅរ៍ វេលា​ម៉ោង​២​រសៀល​នៅ​វត្ត​ន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់