adverise with khmeread 5

គ្រូបាធ្យាយបានជួយក្មេងប្រុសនេប៉ាល់ពីគ្រោះរញ្ជួយដី ២ លើក

​    តាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃពុធ ទី២៧ ខែមេសាបានឱ្យដឹងថា ​លោកស្រី ដូ​ល​ម៉ា បុ​មចាន តា​ម៉ាង (Dolma Bomjan Tamang) បាន​ពរ​កូនប្រុស​គាត់​ឡើង​ទាំង​មោតនភាព​។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត ក្មេង​នេះ​នឹង​អបអរ​ខួប​មួយឆ្នាំ​របស់ខ្លួន ជា​ខួប​មួយ​ដែល​ម្តាយ​វ័យក្មេង និង​ក្មេងប្រុស​ម្នាក់នេះ​មិន​រំពឹងថា​បានឃើញ​វា​នោះទេ​។ 

​    ​មុនពេល នី​សាន ណៅ​គី (Nishan Naoki) បានកើត​ពីរ​សប្តាហ៍ ផ្ទះ​របស់​ដូ​ល​ម៉ា​បាន​រលំ​សង្កត់​គាត់ និង កូនប្រុស​មិនទាន់​កើត ដោយ​ធ្វើឱ្យ​ផ្ទះ​ខ្ទេច​រាប​ដល់​ដី​ដោយសារតែ​រញ្ជួយ​ដី​នៅ​ថ្ងៃទី ២៥ ខែមេសា ឆ្នាំ​២០១៥ ដែល​សម្លាប់​មនុស្ស​ជិត ៩.០០០ នាក់ រួមទាំង​មនុស្ស ១៦០ នាក់​ក្នុងភូមិ​ផ្ទាល់​របស់លោក​ស្រី​។ 

​    ​ហើយ​បន្ទាប់មកទៀត ក្រោយ​កូនប្រុស​នេះ​កើត​បាន​ប៉ុន្មាន​ថ្ងៃ គាត់​ក៏​ជួប​គ្រោះ​រញ្ជួយ​ដី​ដ៏​មហន្តរាយ​ជា​លើក​ទី​ពីរ​។ 

​     រម្លឹក​ឡើងវិញ​អំពី​ទិដ្ឋភាព​រញ្ជួយ​ដី​ដំបូង ខណៈ​កំពុង​ស្ថិតក្រោម​គំនរ​បាក់បែក​ទាំង​ពរ​ពោះ ៩ ខែ រួមជាមួយ​ស្វាមី​របស់គាត់ លោកស្រី​ដូ​ល​ម៉ា​បាន​និយាយថា "​ខណៈពេល​ខ្ញុំ​ជាប់​ក្នុង​រញ្ជួយ​ដី ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនអាច​រស់​បានទេ​។ ខ្ញុំ​នឹកស្មានថា​ខ្ញុំ​នឹង​ស្លាប់​ទៅហើយ ប៉ុន្តែ​បុណ្យ​ឱ្យ​រួច​រស់​ជីវិត​។ ផ្ទះ​ជាច្រើន​បាន​រលំ និង​មនុស្ស​ច្រើន​នាក់​បាន​ស្លាប់​ក្នុងភូមិ​របស់​យើង​"​។​

​    ​គាត់​បន្តថា "​ខ្ញុំ​បារម្ភ​ពី​ទារក រហូតដល់​ថ្នាក់​លែង​ខ្វល់​ពី​សុខភាព​ខ្លួនឯង បើទោះបីជា​ខ្ញុំ​មាន​របួស​គ្រប់កន្លែង និង​មាន​បញ្ហា​ក្នុងការ​ដកដង្ហើម​ក៏ដោយ​"​។

​    ​ដូ​ល​ម៉ា និង​ស្វាមី​ត្រូវបាន​ទាញ​ចេញពី​គំនរ​បាក់បែក​ទាំង​រស់​ក្នុង​សហគមន៍​ជម្រាលភ្នំ បាន់​ស្កា​កា (Banskharka) ក្នុងស្រុក ស៊ីន​ឌូ​ផាល់​ឆុក (Sindhupalchowk)​។ 

​    ​ចលាចល​ជាច្រើន​ហូរហែ​បានកើត​ឡើង ខណៈដែល​អ្នកភូមិ​បាន​ព្យាយាម​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ផ្សេងទៀត​តាម​លទ្ធភាព​ដែលមាន​។ 

​    ​ហើយ​បន្ទាប់មក ដូ​ល​ម៉ា​ចាប់ផ្តើម​រកកល់​ប្រសូត​កូន នៅ​បី​សប្តាហ៍​ក្រោយ​។ ប៉ុន្តែ​មជ្ឈមណ្ឌល​សុខភាព​ក្នុងស្រុក​ត្រូវបាន​បំផ្លាញ ហើយ​ទាំង​ម្តាយ​និង​កូន​ជិត​កើត​ក្នុង​ផ្ទៃ​បាន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ គាត់​ដឹងថា​មិនអាច​ទៅ​មណ្ឌល​សុខភាព​ផ្សេង​បានទេ ព្រោះ​ត្រូវ​ចំណាយពេល​ដើរ​រហូតដល់​ទៅ​បី​ម៉ោង​ទើប​ដល់​។

 

​    ​ដូ​ល​ម៉ា​បាន​និយាយថា "​យើង​បាន​ទៅ​មណ្ឌល​សុខភាព​ប៉ុន្តែ​វា​បាន​រលំ​បាត់ទៅហើយ​។ យើង​គ្មាន​មធ្យោបាយ​ធ្វើដំណើរ​ទៅកាន់​ទីក្រុង Melamchi នៅក្បែរ​នេះ​បានទេ​។ ខ្ញុំ​មាន​អារម្មណ៍​ថា​នឹងមិន​អាច​រស់​ពី​ការ​សម្រាលកូន​បានទេ​"​។ 

​    ​ប៉ុន្តែ​ដូ​ល​ម៉ា​មាន​គ្រូបាធ្យាយ​ជួយ​នៅថ្ងៃនោះ ពោលគឺ​បុគ្គលិក​កាកបាទក្រហម​ម្នាក់​មកពី​ជប៉ុន បាន​ប្រទះឃើញ​គាត់​នៅក្នុង​ចំណោម​ភាពចលាចល ហើយ​អាច​ចំណាយពេល ៩០ នាទី​នាំ​គាត់​ចុះ​តាមផ្លូវ​របស់​ភ្នំ​ថ្ម​ទៅដល់​មន្ទីរពេទ្យ​ក្បែរ​នេះ​។ 

​    ​ទារក​បាន​ប្រសូត្រ​ភ្លាមៗ​បន្ទាប់ពី​ដឹក​មកដល់​ពេទ្យ និង​ត្រូវបាន​ដាក់ឈ្មោះ​តាម​បុរស​ដែល​រកឃើញ​ពួកគេ គឺ នី​សាន ណៅ​គី ដើម្បី​ជាការ​ដឹងគុណ​។ 

​    ​ប៉ុន្តែ​រឿងរ៉ាវ​នៅ​មិនទាន់​ចប់​សម្រាប់​គ្រួសារ​គ្នា​បីនាក់​នេះ​ទេ​។ នៅ​ថ្ងៃទី ១២ ខែឧសភា រញ្ជួយ​ដី​ទី​ពីរបាន​វាយប្រហារ​។ លោកស្រី​ដូ​ល​ម៉ា​បាន​និយាយថា "​ប្តី​របស់ខ្ញុំ​បាន​កំពុងស្ថិត​ក្នុងភូមិ​ទទួលយក​ជំនួយ​សង្គ្រោះ​។ ខ្ញុំ​នៅ​ម្នាក់ឯង​ក្នុង​ជម្រក​ក្រោលគោ ជាទី​ដែល​យើង​កំពុងស្នាក់នៅ​បន្ទាប់ពី​ផ្ទះ​យើង​បាន​ដួលរលំ​។ ភ្លាមនោះ​ក្រោលគោ​ក៏​ចាប់ផ្តើម​ញ័រ​។ ខ្ញុំ​បាន​ចាប់​ឱប​កូនប្រុស​ស្ទុះ​រត់ចេញ​ក្រៅ​។ ខណៈ​ខ្ញុំ​រត់គេច ក្រោលគោ​បានរ​លំនៅ​ពីក្រោយ​ខ្នង​ខ្ញុំ​។ ធ្នឹម​ធំ​បាន​បាក់​រាប​ដល់​ដី​"​។ 

​    ​ពួកគេ​មាន​សុវត្ថិភាព​ទាំងអស់គ្នា ប៉ុន្តែ​ឆ្នាំ​ដំបូង​នៃ​ជីវិត​របស់​នីសា​ន​ពុំមាន​ភាព​ស្រណុក​ស្រួល​នោះទេ​។ 

​    ​លោកស្រី​ដូ​ល​ម៉ា​និយាយថា "​យើង​គិតថា​យើង​នឹង​ស្លាប់​ច្រើនដង​មកហើយ​។ យើង​គ្មាន​លុយ គ្មាន​អាហារ ឬ​ថ្នាំសង្កូវ​អ្វី​ឡើយ​។ គ្រប់គ្នា​រងទុក្ខវេទនា​ទាំងអស់​"​។ 

​    ​ទោះយ៉ាងណា មួយឆ្នាំ​កន្លងផុតទៅ ពន្លឺ​ក៏​ចាប់ផ្តើម​រះ​នៅ​ជើងមេឃ​ឡើងវិញ​។ ជំនួយ​ជា​បន្តបន្ទាប់​បានមក​ដល់​ភូមិ​ដាច់ស្រយាល​របស់​ដូ​ល​ម៉ា ហើយ​កាកបាទក្រហម ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ឱ្យ​នី​សាន​បានកើត​លើ​ផែនដី បានផ្តល់​ឱ្យ​គ្រួសារ​គាត់​នូវ​អាហារ សម្ភារៈ​អនាម័យ និង​ភួយ ហើយ​គ្លីនិក​មួយ​នៅក្បែរ​នេះ​ក៏បាន​សាងសង់​រួច​ជា​ស្ថាពរ​។ 

​    ​លោកស្រី​និយាយថា "​ឥឡូវ​នីសា​ន​ចេះ​វារ​ហើយៗ​ចេះ​ជួយ​ជំនួស​ដៃជើង​គាត់​បាន​រួចទៅហើយ​ដែរ​។ យើង​រំពឹងថា​គាត់​នឹង​ឆាប់​ចេះ​ដើរ ហើយ​ជីវិត​របស់​យើង​នឹង​រឹតតែ​រវល់​មួយកម្រិត​ទៀត​។ យើង​បាន​វិល​មករក​ភាពប្រក្រតី​បន្តិច​ម្តងៗ​។ យើង​មាន​អារម្មណ៍​ជឿជាក់​។ យើង​នឹង​នៅតែ​អាច​រស់ក្នុង​ស្ថានភាព​នេះ​"៕  

ប្រភព៖ ដេលីមែល

adverise with khmeread

មតិយោបល់