adverise with khmeread 7 things

រឿង ៧ យ៉ាង ដែលមនុស្សពោរពេញដោយផលិតភាពធ្វើក្នុងរយៈពេល ១០ នាទីដំបូងនៅកន្លែងធ្វើការ

តើរាល់ថ្ងៃធ្វើការនីមួយៗរបស់អ្នកពោរពេញដោយផលិតភាពដែរឬទេ? ទោះបីកន្លែងធ្វើការអាចជាកន្លែងដែលពិបាកព្យាករណ៍ក៏ដោយ ក៏ប៉ុន្តែមានរឿងមួយចំនួន ដែលមនុស្សពោរពេញដោយផលិតភាពបានធ្វើដើម្បីទាញយកប្រសិទ្ធភាពការងារឲ្យបានខ្ពស់បំផុតពីថ្ងៃធ្វើការនីមួយៗរបស់ពួកគេ។ 

មនុស្សពោរពេញដោយផលិតភាពដឹងថារយៈពេល ១០ នាទីដំបូងនៃថ្ងៃធ្វើការនៅការិយាល័យរបស់ពួកគេអាចធ្វើឲ្យការងារជោគជ័យ ឬបរាជ័យបាន។ មនុស្សពោរពេញដោយផលិតភាពតែងធ្វើឲ្យប្រាកដថា ត្រូវតែអនុវត្តសកម្មភាពមួយចំនួនមុនពេលពួកគេចាប់ផ្តើមធ្វើការ។ 

ដូច្នេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍ចង់បង្កើនផលិតភាពរបស់អ្នកឲ្យដល់កំពូល អ៊ីចឹងត្រូវធ្វើរឿងទាំង ៧ នេះនៅរយៈពេល ១០ នាទីដំបូងនៅកន្លែងធ្វើការរបស់អ្នក។

១- សរសេររឿង ៣ យ៉ាង ដែលអ្នកដឹងគុណបំផុត
ការសិក្សាមួយអំពីការដឹងគុណ ដែលធ្វើឡើងនៅសាកលវិទ្យាល័យ University of Miami បានរកឃើញថា មនុស្សដែលរក្សារការកត់ត្រាអំពីការដឹងគុណប្រចាំថ្ងៃមានភាពរីករាយជាង និងមានផលិតភាពជាង។ គ្រូបង្គោលផ្នែកអភិវឌ្ឍន៍វិជ្ជាជីវៈ លោកស្រី ​Sheryl Towers និយាយក្នុងសៀវភៅ Seeds of Success របស់ខ្លួនថា "លទ្ធផលនៃការសិក្សានេះចង្អុលបង្ហាញថា ការសរសេរអំពីការដឹងគុណរាល់ថ្ងៃជាលទ្ធផលនាំឲ្យមានការប្រុងស្មារតីខ្ពស់ មានក្តីអំណរសាទរ មានការប្តេជ្ញាចិត្ត មានសុទិដ្ឋិនិយម និង មានថាមពល។ លើសពីនេះទៀត ក្រុមដែលចេះដឹងគុណជួបបញ្ហាបាក់ទឹកចិត្ត និងស្ត្រេស៍តិចតួច មានចិត្តចង់ជួយអ្នកដទៃ ធ្វើលំហាត់ប្រាណបានទៀតទាត់ និង មានការវិវត្តន៍ទៅរកគោលដៅផ្ទាល់ខ្លួនបានខ្លាំងជាង។ យោងតាមលទ្ធផលសិក្សានេះ មនុស្សដែលមានអារម្មណ៍ចេះដឹងគុណក៏មានអ្នកស្រឡាញ់ច្រើនផងដែរ"។ 

២- រៀបតុធ្វើការឲ្យមានរបៀបរៀបរយ
គ្មានអ្វីអាក្រក់ជាងភាពរញ៉េរញ៉ៃដែលបង្អាក់ដល់ផលិតភាពការងារនោះទេ។ ប្រសិនបើអ្នកប្រវេប្រវាគ្រប់ពេលដែលអ្នកត្រូវការប៊ិក បង់ស្អិត កូនក្រដាសកត់សម្គាល់ ឬ ឯកសារសំខាន់ នោះអ្នកនឹងខាតពេលធ្វើការរបស់អ្នក។ ត្រូវយកពេលប្រហែល ១០ នាទីដំបូងនៃថ្ងៃធ្វើការរបស់អ្នករៀបចំអ្វីៗឲ្យមានរបៀប ទើបអ្នកអាចចាប់យករបស់ទាំងនោះចំៗកន្លែង និងមិនធ្វើឲ្យអ្នកខាតពេលដូចសព្វដងនោះទេ។ 

៣- ភ្ជាប់ទំនាក់ទំនងជាមួយនឹងសហការីរបស់អ្នក
ត្រូវចាប់ផ្តើមថ្ងៃធ្វើការជាមួយនឹងពាក្យស្វាគមន៍រាក់ទាក់មួយឃ្លាឬពីរឃ្លាទៅកាន់មិត្តរួមការងាររបស់អ្នក ដូចជាពាក្យថា "សួស្តី" ជាដើម។ ផ្នែកធំបំផុតនៃផលិតភាពការងារគឺការដែលដឹងថាពេលណាត្រូវសួរសំណួរ និងត្រូវសួរទៅនរណា។ ត្រូវធ្វើឲ្យប្រាកដថាអ្នកបានបង្កើតទំនាក់ទំនងធ្វើការប្រកបដោយភាពវិជ្ជមានជាមួយគ្រប់មិត្តរួមការងារទាំងអស់។ មនុស្សពោរពេញដោយផលិតភាពដឹងថារឿងនេះមានសារៈសំខាន់ប៉ុនណា ដូច្នេះត្រូវចំណាយពេល ១០ នាទីដំបូងរាល់ថ្ងៃដើរជុំវិញការិយាល័យនិយាយពាក្យថា "អរុណសួស្តី"។ 

៤- សរសេរគោលដៅ ៣ សំខាន់ៗសម្រាប់ថ្ងៃធ្វើការនីមួយៗ
មនុស្សពោរពេញដោយផលិតភាពបានចំណាយពេលសរសេរនូវរឿងសំខាន់ ៣ ដែលនឹងធ្វើឲ្យថ្ងៃធ្វើការរបស់ពួកគេជោគជ័យ ប្រសិនបើសម្រេចបានរឿងទាំងនោះ។ ការធ្វើបែបនេះនឹងធ្វើឲ្យអ្នកផ្តោតសំខាន់តែលើរឿងទាំងនោះ នៅពេលដែលបរិយាកាសក្នុងការិយាល័យមិនអំណោយផល ឬមានភាពរញ៉េរញ៉ៃ។ 

៥- រំឭក និងបញ្ជាក់ឡើងវិញនូវបញ្ជីការងារត្រូវធ្វើរបស់អ្នក
ល្គឹកណាអ្នកបានសរសេរចូលនូវកិច្ចការអាទិភាពរបស់អ្នកហើយ វាសំខាន់ណាស់ដែលអ្នកត្រូវចំណាយពេលធ្វើឲ្យប្រាកដថា កិច្ចការ ដែលអ្នកបានកំណត់សម្រាប់ខ្លួនឯងស្របទៅនឹងគោលដៅ និងអាទិភាពរបស់អ្នក។ ការដែលមានបញ្ជីការងារត្រូវធ្វើដ៏ប្រិតប្រៀងមួយនឹងជួយធ្វើឲ្យថ្ងៃធ្វើការរបស់អ្នកមានរបៀប និងជួយឲ្យអ្នកយល់ពីការងារជាក់លាក់ ដែលអ្នកគ្រោងធ្វើ។ 

៦- សរសេរការបញ្ជាក់អះអាងប្រចាំថ្ងៃរបស់អ្នក
មនុស្សពោរពេញដោយផលិតភាពតែងមានភាពរីករាយ មានភាពវិជ្ជមាន និងមានសុទិដ្ឋិនិយម។ ពួកគេមិនចំណាយពេលជំពាក់ជំពិនក្នុងភាពអវិជ្ជមាននោះទេ តែផ្ទុយមកវិញពួកគេបានចំណាយពេលធ្វើសកម្មភាពដើម្បីឲ្យការងារដើរទៅមុខ។ លោក Matthew D. Della Porta អ្នកនិពន្ធសៀវភៅ The How of Happiness បានសរសេរថា "ការដែលគ្រាន់តែសរសេរចូលនូវការបញ្ជាក់អះអាងប្រចាំថ្ងៃគឺនឹងជួយបង្វឹកខួរក្បាលរបស់អ្នកឲ្យចេះគិតតែពីរឿងវិជ្ជមាន។ វាជួយជម្រុញឲ្យអ្នកចង់ជឿតែរឿងពិត និងមានភាពកក់ក្តៅចំពោះខ្លួនឯង និងពិភពលោកជុំវិញខ្លួនទាំងមូល។ ការសរសេរអំពីការបញ្ជាក់អះអាងប្រចាំថ្ងៃរបស់អ្នកគឺជាវិធីដ៏មានប្រសិទ្ធភាពមួយដើម្បីផ្លាស់ប្តូរការគិតរបស់អ្នកយ៉ាងសកម្មជារៀងរហូត"។

៧- អានសម្រង់ពាក្យដែលជម្រុញលើកទឹកចិត្ត
ត្រូវបង្កើនផលិតភាពការងាររបស់អ្នកឲ្យបានខ្លាំងជាមួយនឹងការអានសម្រង់ពាក្យប្រកបដោយគតិបណ្ឌិតរបស់មនុស្សជោគជ័យមុនពេលអ្នកចាប់ផ្តើមធ្វើការ។ មុនពេលចូលធ្វើការ មនុស្សពោរពេញដោយផលិតភាពតែងស្វែងរកការបំផុសទឹកចិត្តពីមនុស្សគំរូរបស់ខ្លួនតាមរយៈការអានសម្រង់ពាក្យជម្រុញលើកទឹកចិត្តមួយចំនួន។ 

រយៈពេល ១០ នាទីដំបូងនៃថ្ងៃធ្វើការពិតជាអាចកំណត់បាននូវកម្រិតនៃផលិតភាពការងារពេញមួយថ្ងៃរបស់អ្នក។ ធ្វើតាមការរៀបរាប់ខាងលើ អ្នកច្បាស់ជានឹងឃើញខ្លួនឯងកាន់តែមានផលិតភាពការងារ៕ 

adverise with khmeread

មតិយោបល់