adverise with khmeread Fc198ff1 75b7 4401 a784 cdcf1d3a8872

មេបញ្ជាការ​អាវុធហត្ថ​ធានារ៉ាប់រង​ដល់​ជីវភាព​គ្រួសារ​សព​លោក​ ទៀន កុរ​ណា

    ភ្នំពេញ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​អះអាង​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​សព​លោក​ទៀន កុរ​ណា ដែល​កំពុង​ដំកល់​ធ្វើបុណ្យ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ​មេសា​នេះ​ថា លោក​និង​អាវុធហត្ថ​ក្រុង​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​សព​លោក​ទៀន កុរ​ណា ជា​រៀងរហូត។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ និង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្តថា ខណៈ​ពេលនេះ​ការរៀបចំ​ធ្វើ​ពិធី​បុណ្យសព​លោក​ ទៀន កុរ​ណា គឺ​លោក​ទទួល​រ៉ាប់រង​ទាំងស្រុង។ បន្ទាប់មក​ការរៀបចំ​ធ្វើបុណ្យ​៧​ថ្ងៃ​នៅផ្ទះ​លោក​ទៀន កុរ​ណា ​ក៏​លោក​ទទួល​រ៉ាប់រង​ទាំងស្រុង​ផងដែរ។ ចំណែក​បច្ច័យ​ដែល​សប្បុរសជន​ចូល​បុណ្យ​លោក​ប្រគល់ឱ្យ​ភរិយា​សព​លោក ​ទៀន​ កុ​ណា ​ទាំងអស់​សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​និង​ចិញ្ចឹម​កូន​២​នាក់​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ដែល​កំពុង​នៅ​រៀន។​

    លោក​រ័ត្ន ស្រ៊ាង បន្តថា នៅពេល​កូនលោក​ទៀន កុរ​ណា រៀន​ចប់​ហើយ​មានបំណង​ចង់​បម្រើ​ជា​កងរាជអាវុធហត្ថ លោក​នឹង​ស្នើសុំ​ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា ដើម្បី​បញ្ចូល​ពួកគេ​ក្នុង​ក្របខណ្ឌ​កងរាជអាវុធហត្ថ​បន្ត​ពី​ឪពុក​របស់​ពួកគេ។​

    សូមបញ្ជាក់ថា លោក​អនុសេនីយ៍ឯក ទៀន កុរ​ណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពលី​ជីវិត​កាលពី​ល្ងាច​ថ្ងៃទី​២៧​មេសា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​សម្បុក​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ហើយ​មេក្លោង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បាញ់​ស្លាប់​និង​ចាប់ខ្លួនបាន​៥​នាក់។ ខណៈពេល​នេះ​សព​លោក​ទៀន កុរ​ណា​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ វរៈសេនីយ៍ត្រី ជា​កិ​ច្ចប​ច្ឆា​មរណៈ។ សព​លោក​ទៀន កុរ​ណា​ដែល​នឹង​ដង្ហែ​ទៅ​បូជា ថ្ងៃ​សៅរ៍ វេលា​ម៉ោង​២​រសៀល​នៅ​វត្ត​ន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់