E78f7562 eeff 4c38 9afe 94a97a2e1790

បើក​កន្លែង​បញ្ចាំ​របស់ បន្លំ​បើក​លក់​គ្រឿងញៀន​ជាប់​ខ្នោះ​

    បាត់ដំបង ៖ ជនសង្ស័យ​ចំនួន​៣​នាក់ ដែល​សុទ្ធសឹងតែ​ជា​ខ្សែស្រឡាយ​នឹង​គ្នា ហើយ​មានមុខ​របរ​បើក​ទីតាំង​បញ្ចាំ​របស់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដែល​ដឹកនាំ​ដោយ​លោក​ព្រះរាជអាជ្ញារង ចុះ​ឆែកឆេរ និង​ធ្វើការ​ឃាត់ខ្លួន បន្ទាប់ពី​បាន​រកឃើញ​គ្រឿងញៀន មួយចំនួន​ដែល​បាន​លាក់ទុក​ក្នុងផ្ទះ​របស់គេ។​

    កិច្ចប្រតិបត្តិការ​នេះ​គឺ​យោងទៅលើ​ពាក្យបណ្តឹង​មួយចំនួន​របស់​ជនរ​ង​គ្រោះ ទើប​នៅវេលា​ម៉ោង១២ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៦ កម្លាំង​មន្ទី​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដោយមាន​ការដឹកនាំ​ដោយ​លោក ហេង លុយ ព្រះរាជអាជ្ញារង​ខេត្តបាត់ដំបង បាន​ចុះ​ទៅដល់​លំនៅដ្ឋាន​របស់​ឈ្មោះ គឹម លី អាយុ៣៥ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ ​ទិ​ត្យ ដា​ឡែ​ន អាយុ២៣ឆ្នាំ ដែល​ពួកគេ​មាន មុខរបរទទួល​បញ្ចាំ។​

    គួរ​បញ្ជាក់ថា ទីតាំង​ដែល​សមត្ថកិច្ច​បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ​នេះ​គឺ​ស្ថិត​ក្នុងភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ក្នុងនោះ​ផងដែរ​កម្លាំង​បាន​ឆែកឆេរ រក​ឃើញ​គ្រឿង​ញៀន ប្រភេទ​ម៉ា​ទឹកកក១កញ្ចប់ ទម្ងន់៧៥,៣៥ក្រាម និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​ចំនួន​មួយ។​

    ក្រោយពី​បានធ្វើ​ការឆែកឆេរ ព្រមទាំង​បាន​រកឃើញ​នូវ​វត្ថុតាង​រួចមក​កម្លាំង​កងរាជអាវុធហត្ថ បាន​ឃាត់ខ្លួន​ជន​ទាំងពីរ​នាក់​ដែលជា​អ្នកបើក​មុខរបរ​ទទួល​បញ្ចាំ​របស់ ព្រមទាំង​បងថ្លៃ​ម្នាក់ទៀត​ឈ្មោះ ទិ​ត្យ ប៉ូ​លីន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ដែលជា​ជន​រួមគំនិត​ក្នុងការ​ប្រកបមុខ​រប​រ​ចែកចាយ​គ្រឿងញៀន​នេះ។​

    លោក​វរសេនីយ៍ត្រី សូ ឌី ប្រធាន​មន្ទីរ​យុ​ត្តិ​ធ៌​ម នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាន​មានប្រសាសន៍ថា ទីតាំង​ខាងលើនេះ​គឺ​កម្លាំង​បាន​តាមដាន និង​ស្រាវជ្រាវ​ជា​យូរ​មកហើយ​ប៉ុន្តែ​វា​គ្មាន​ឱកាស​ទាល់តែសោះ។ លុះ​ដោយមាន​ការសង្ស័យ​កាន់តែច្បាស់​ខ្លាំង​ឡើង​ទើប​លោក​បាន​សុំ​គោល​ការ​ទៅ​លោក​ព្រះរាជអាជ្ញារង ហេង លុយ ដើម្បី​សុំឱ្យ​លោក ចូលរួម ដឹក​​នាំ​កម្លាំង​ក្នុង​ការចុះ​ឆែកឆេរ​លំនៅដ្ឋាន​ខាងលើ នៅ​ទីបំផុត​គឺ​សម្រេចបាន​ជោគជ័យ​មែន ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្ល​ឈង​ជំនាញ​រៀបចំ​ឯកសារ​ដើម្បី​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្តហើយ និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់៕

មតិយោបល់