adverise with khmeread Index

សមត្ថកិច្ចដេញក្រុមចោររហូតដល់ក្នុងព្រៃ ខណៈចោរបានរត់ចោលម៉ូតូ

    កំពង់ស្ពឺ ៖ ក្រុមចោរប្លន់ទូលក់មាសដែលបានកើតមានឡើង កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កដោយជនល្មើសចំនួន ២នាក់ស្លៀកពាក់ស៊ីវិល «អាវរងាធំ» ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់រីវ៉ូ ពណ៌ក្រហមលាយខ្មៅ គ្មានស្លាកលេខ ត្រូវសមត្ថកិច្ចដេញដល់ក្នុងព្រៃ ហើយពួកចោរបន្សល់ទុកម៉ូតូហើយរត់បាត់។ បានភ្ជង់អាជីវករលក់គ្រឿងអលង្ការប្លន់យកប្លាទីនប្រហែលជាង ២០តម្លឹង និងបាញ់បណ្ដាលឲ្យអ្នកទៅជួយម្នាក់រងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែពេលដល់មន្ទីរពេទ្យបានស្លាប់។
   សមត្ថកិច្ចនិយាយថា ក្រុមចោរ២នាក់ប្រដាប់ដោយកាំភ្លើងAK47 មួយដើមបានធ្វើសកម្មភាពបាញ់ប្លន់ទូលក់គ្រឿងអលង្ការមួយកន្លែងនៅកណ្ដាលផ្សារតាឡាត់ ដោយប្រមូលបានគ្រឿងប្លាទីនជាង២០តម្លឹង និងបានបាញ់ស្មៀនឃុំម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ រួចស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
   សមត្ថកិច្ចបន្តថា ជនរងគ្រោះ ដែលត្រូវក្រុមចោរចូលប្លន់មានឈ្មោះផាន ថានី ភេទប្រុស អាយុ ៤៧ឆ្នាំរស់នៅផ្សារតាឡាត់ ឃុំអូរ ពុំមានរងរបួសនោះទេ។
    ចំណែកជនរងគ្រោះឈ្មោះ អ៊ិន ធឿន ហៅប៉ោ អតីតស្មៀនឃុំមហាសាំង ស្រុកភ្នំស្រួច មានទីលំនៅភូមិ-ឃុំជាមួយគ្នា ត្រូវចោរបាញ់ចំមួយគ្រាប់របួសធ្ងន់ ហើយបានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណ:ពេលគាត់ចូលទៅជួយអាជីវករ។
   បន្ទាប់ពីមានករណីប្លន់ប្រដាប់អាវុធលោកអ៊ូ ផាតព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងប៉ូលិសនិងកងរាជអាវុធហត្ថចុះប្រតិបត្តិការរហូតមានការផ្ទុះអាវុធប្រមាណ៥ទៅ៦គ្រាប់ដើម្បីបង្ក្រាបចោរ ។
   ប៉ុន្តែក្រុមជនសង្ស័យបានផ្តួលម៉ូតូចោល រួចរត់ចូលព្រៃបាត់ ត្រង់ចំណុចភូមិក្រាំងរលួស ឃុំអូរ ស្រុកភ្នំស្រួច ហើយសមត្ថកិច្ចចម្រុះមានអាវុធហត្ថ ប៉ូលិសយោធា និងមានការជួយអន្តរាគមន៍ពីកងពលតូច៣១ផងនោះ បានព័ទ្ធព្រៃ និងចូលរុកព្រៃដើម្បីស្វែងរកមុខសញ្ញា ហើយគិតត្រឹមម៉ោង៥ល្ងាចថ្ងៃដដែលមិនទាន់មានលទ្ធផលអ្វីឡើយ។
   លោកផាន ថានីអាជីវករលក់មាសដូរប្រាក់ ដែលត្រូវចោរប្លន់បានរៀបរាប់ថា ដំបូងគាត់បានឈរលក់ក្នុងតូបជាធម្មតា ប៉ុន្តែពេលស្ងាត់មនុស្សចេញចូលផ្សារ ស្រាប់មានជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមកឈប់ រួចម្នាក់បានទាញកាំភ្លើង AK ភ្ជង់គំរាមឲ្យគាត់ក្រាបទៅសាបស៊ីម៉ងត៍ និងម្នាក់ទៀតវាយទូមាសប្រមូលយកគ្រឿងអលង្ការ។ បន្ទាប់មកបានឮសំឡេងបាញ់ ១គ្រាប់បណ្ដាលឲ្យគាត់ញ័រ។
    លោកបន្តថា ភ្លាមៗនោះក្រុមចោរបានឡើងជិះម៉ូតូចេញទៅបាត់ ទើបមានការស្រែកឆោឡោឡើងថា ស្មៀនប៉ោត្រូវចោរបាញ់ចំធ្វើឲ្យមានភាពភ្ញាក់ផ្អើលពេញផ្សារ ហើយអ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យ។
   សាក្សីបានឃើញហេតុការណ៍ផ្ទាល់ភ្នែកប្រាប់ថា នៅពេលចោរកំពុងតែធ្វើសកម្មភាពប្លន់នោះ លោកស្មៀនឃុំឈ្មោះ អ៊ិន ធឿន ហៅប៉ោ បានមកផ្ទះស្មៀនឃុំជាំសង្កែដើម្បីយកឯកសារ ។ប៉ុន្តែនៅពេលឮសំឡេងចោរវាយទូមាសគាត់បានចេញមកមើល និងបម្រុងចូលជួយព្រោះម្ចាស់ទូមាសត្រូវជាក្មួយរបស់គាត់ ទើបក្រុមចោរបាញ់ ១គ្រាប់ដួលរបួសធ្ងន់តែម្តង។
   មន្ត្រីអាវុធហត្ថ ស្រុកភ្នំស្រួចបានបញ្ជាក់ថា ក្រោយពីកើតមានករណីប្លន់កម្លាំងបានឡើងតាមគោលដៅដើម្បីស្ទាក់ និងចេញតាមប្រទះឃើញមុខសញ្ញាសង្ស័យនៅចំណុចព្រៃភូមិក្រាំងរលួស ខណៈពួកវាបត់ម៉ូតូចូលព្រៃ ទើបសមត្ថកិច្ចបានបាញ់ជាច្រើនគ្រាប់ ហើយក្រុមចោរបានផ្តួលម៉ូតូចោលរត់ចូលព្រៃបាត់។ ពេលនេះទាំងអាវុធហត្ថ ប៉ូលិស និងយោធាបានបើកប្រតិបត្តិការឡោមព័ន្ធ និងរុកក្នុងព្រៃតាមរកមុខសញ្ញា ប៉ុន្តែពុំទាន់ប្រទះឃើញសោះ៕

adverise with khmeread

មតិយោបល់