adverise with khmeread 1

​គន្លឹះ​ហ្វឹកហាត់​របស់​កីឡាករ Cristiano Ronaldo

    ​១. លៃលក​ការហ្វឹកហាត់​ដើម្បីឱ្យ​ស្របតាម​កាលវិភាគ​
​    ​អំឡុង​រដូវ​កាលដែល​មានការ​ប្រកួត​ច្រើន ការហ្វឹកហាត់​អាចមាន​តិចតួច​ប៉ុណ្ណោះ ដោយ​ផ្តោត​តែ​លើ​តិច​និក​និង​ការហ្វឹកហាត់​បច្ចេកទេស​ត្រៀម​សម្រាប់​ការប្រកួត​ប៉ុណ្ណោះ​។ អំឡុងពេល​ជិត​បើក​រដូវ​កាល នៅពេល​ត្រឡប់​ពី​ការឈប់​សម្រាក ការហ្វឹកហាត់​ខ្លាំងក្លា​គឺ​មុខសញ្ញា​ចម្បង​មុនគេ​។ គេ​អាចមាន​ការហ្វឹកហាត់​ជាច្រើន​ក្នុង​មួយថ្ងៃ បូក​បញ្ចូល​ទាំង​ការហាត់​ប្រាណ​កាយសម្បទា​និង​រាងកាយ​។​

​    ​២. ប្រឹង​ហ្វឹកហាត់​រៀងរាល់ថ្ងៃ​
​    ​Ronaldo និយាយថា "​កីឡាករ​ដទៃ​ជួនកាល​មាន​ថ្ងៃ​ខ្លះ​គ្មាន​ទឹកចិត្ត​ហ្វឹកហាត់​ទេ ហើយ​ខ្ញុំ​ក៏​ដូចគ្នា​ដែរ ប៉ុន្តែ​ខ្ញុំ​ដឹងថា ដើម្បី​បន្ត​លេង​នៅ​កម្រិត​ខ្ពស់​បាន ខ្ញុំ​ត្រូវតែ​ជំរុញ​ការហ្វឹកហាត់​របស់ខ្ញុំ​បើទោះជា​ថ្ងៃនោះ​ខ្ញុំ​មិនមាន​អារម្មណ៍​ចង់​ធ្វើ​អ្វី​ក៏ដោយ​។ ខ្ញុំ​ស្រឡាញ់​ការប្រកួត​បាល់ទាត់ ការប្រកួតប្រជែង និង​ប្រិយមិត្ត​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​ធ្វើ​ការតស៊ូ​ដើម្បី​ពួកគេ​។ ពួកគេ​គាំទ្រ​ខ្ញុំ ដូច្នេះ​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​អាច​ដើម្បី​លេង​ឱ្យ​ពួកគេ​មើល​។ ខ្ញុំ​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ខ្លួនឯង​និង​កីឡាបាល់ទាត់ ដូច្នេះ​ខ្ញុំ​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​រៀង​រាល់ថ្ងៃ​ដើម្បី​ធានា​នូវ​ការលេង​នៅ​លំដាប់​កំពូល​បំផុត​នៅពេលដែល​ខ្ញុំ​ឈាន​ជើង​ចូល​ទីលាន​"​។​

​    ​៣. ស្តាប់​បទ​ចម្រៀង​ដែល​ធ្វើឱ្យ​អ្នក​ចង់​ឈ្នះ​
​    ​Ronaldo៖ "​ខ្ញុំ​បានដាក់​គោលដៅ​ដើម្បី​ហ្វឹកហាត់​ស្មារតី​ព្រមទាំង​រាងកាយ​របស់ខ្ញុំ​។ កម្លាំង​ផ្លូវចិត្ត​គឹ​សំខាន់​ដូច​កម្លាំង​ផ្លូវកាយ​អ៊ីចឹង​ដែរ ហើយ​វា​ជួយ​ខ្ញុំ​ឱ្យ​ទទួលបាន​ជោគជ័យ​នៅលើ​ទីលាន​និង​ក្រៅ​ទីលាន​។ ខ្ញុំ​តែងតែ​ធ្វើឱ្យ​ប្រាកដថា ខ្ញុំ​មាន​ចម្រៀង​ពិ​រោះ​សម្រាប់​ស្តាប់​។ វា​ជួយ​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ហើយ​ធ្វើឱ្យ​ខ្ញុំ​បញ្ចេញ​សមត្ថភាព​ឱ្យអស់​។ ខ្ញុំ​ចូលចិត្ត​ស្តាប់​ចង្វាក់​ហ៊ី​ប​ហប់​និង​ចង្វាក់ Reggae"​។​

​    ​៤. បង្កើន​សមត្ថភាព​លេង​ជាមួយ​របប​អាហារ​សម្បូរ​ថាមពល​
​    ​Ronaldo៖ "​ខ្ញុំ​ប្រយ័ត្ន​របប​អាហារ​របស់ខ្ញុំ​ណាស់​! បរិភោគ​អាហារ​ដែល​ល្អ​ដល់​សុខភាព​និង​ចៀសវាង​អាហារ​ដែល​មិនល្អ​សម្រាប់​ខ្ញុំ​ដូចជា ការសេព​គ្រឿង​ស្រវឹង ចៀសវាង​ភេសជ្ជៈ​មាន​ជាតិ​ស្ក​និង​អាហារ​កែច្នៃ​។ ខ្ញុំ​ផ្តោតលើ​ការបរិភោគ​អាហារ​សាមញ្ញ​ដូចជា ផ្លែឈើ​ស្រស់​និង​បន្លែ គ្រាប់​ធញ្ញជាតិ​និង​ប្រូតេអ៊ីន​។ ខ្ញុំ​ពិតជា​ចូលចិត្ត​ត្រី​ស្រស់​ហើយ​ខ្ញុំ​ព្យាយាម​ទទួលយក​ប្រូតេអ៊ីន​ជាច្រើន​ពី​វា​។ ខ្ញុំ​ក៏​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ជាមួយនឹង​ភេសជ្ជៈ ដែល​ផ្តល់​ថាមពល​ឱ្យ​ខ្ញុំ​សម្រាប់​ហ្វឹកហាត់​និង​ការប្រកួត​។ វា​មានការ​ផ្សំ​នូវ​កាបូន​អ៊ី​ដ្រា​ត​ដែល​ជំរុញ​ដល់​ការ​ស៊ូទ្រាំ​និង​មាន​ជាតិ​ស្ករ​តិចជាង​ភេសជ្ជៈ​កីឡា​ផ្សេងទៀត​។ វា​ក៏​ផ្ទុក​ផងដែរ​នូវ​សារធាតុ​អេឡិចត្រូលីត​ដើម្បី​ជួយ​រក្សា​ជាតិ​ទឹក និង​វីតាមីន B12 ដែល​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​អស់កម្លាំង​"​។​

​    ​៥. សម្រាក​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​យក​កម្លាំង​មកវិញ​
​    ​Ronaldo៖ "​ការ​ដេក​គ្រប់គ្រាន់​គឺ​ពិតជា​សំខាន់​ដើម្បី​ទទួលបាន​ផល​នៅពេល​ហ្វឹកហាត់​។ ខ្ញុំ​ចូលដេក​ពី​ក្បាល​ព្រលប់​និង​ងើប​ពី​ព្រលឹម ជាពិសេស​មុន​ការប្រកួត​។ ការ​ដេក​ជួយ​សាច់ដុំ​របស់ខ្ញុំ​ងើបឡើង​វិញ ដែល​វា​ពិតជា​សំខាន់​ណាស់​។ ការហ្វឹកហាត់​និង​ការហាត់​ប្រាណ​គឺ​សំខាន់ ប៉ុន្តែ​ការរស់នៅ​បែប​បន្ធូរ​អារម្មណ៍​ជួយ​ដល់​រាងកាយ​និង​ស្មារតី​។ ខ្ញុំ​ចំណាយ​ពេលទំនេរ​ជាមួយ​គ្រួសារ​របស់ខ្ញុំ​និង​មិត្តភក្តិ​ដែល​ជួយ​ខ្ញុំ​ឱ្យ​ធូរស្រាល​ក្នុង​ចិត្ត​និង​គិត​វិជ្ជមាន​"៕

adverise with khmeread
ប្រភព៖ ៤៤២

អ្នកនឹងចូលចិត្ត

មតិយោបល់