adverise with khmeread Blank

ចោរយកកាំភ្លើងខ្លីវាយក្បាលជនរងគ្រោះ ប្លន់យកម៉ូតូហើយជ្រុះបង់កាំភ្លើង

    ភ្នំពេញ ៖ កម្មកររោងចក្រម្នាក់ត្រូវបានក្រុមចោរប្រដាប់អាវុធ២នាក់ធ្វើសកម្មភាពយកកាំភ្លើងខ្លីវាយក្បាលបែកឈាម ប្លន់យកម៉ូតូមួយគ្រឿងទៅបាត់ ហើយពួកចោរបានជ្រុះបង់កាំភ្លើងនិងគ្រាប់៥គ្រាប់នៅកន្លែងកើតហេតុ។
    អំពើប្លន់ប្រដាប់អាវុធខាងលើនេះកើតឡើងកាលពីវេលាម៉ោង៧កន្លះយប់ថ្ងៃទី១៩ធ្នូឆ្នាំ២០១៥នៅចំណុចផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
   ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះរុន នី ភេទប្រុសអាយុ២២ឆ្នាំមុខរបរកម្មកររោងចក្រAVC ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រងរបួសរយះក្បាលពីក្រោយដេរ៤ថ្នេរ។បាត់បង់ម៉ូតូម៉ាកហុងដា សេ ១២៥ពណ៌ខ្មៅ ស៊េរី ២០១៥ពុំទាន់ធ្វើស្លាកលេខ ។
    រុន នី បានរៀបរាប់ប្រាប់ប៉ូលិសថា ដំបូងគាត់បានខ្ចីម៉ូតូពីឈ្មោះឈុន វុធភេទប្រុស អាយុ៣២ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ដើម្បីជិះទៅលេងមិត្តភ័ក្ត្រនៅក្នុងបុរីអ័កគីដេ ។ លុះជិះដល់ចំណុចខាងលើ ស្រាប់តែមានចោរ២នាក់ជិះម៉ូតូមួយគ្រឿងមកកៀរទន្ទឹមគ្នាស្រែកឲ្យឈប់ ហើយអាចោរម្នាក់ដែលជិះពីក្រោយបានដកកាំភ្លើងខ្លីវ៉ៃក្បាលបែកឈាម បណ្តាលឲ្យដួលម៉ូតូហើយពួកវាដណ្តើមយកម៉ូតូទៅបាត់តែម្តង។
    ប៉ូលិសបានចុះភ្លាមៗដល់កន្លែងកើតហេតុ ហើយបានរកឃើញបង់កាំភ្លើងម៉ាកK59ចំនួន១និងគ្រាប់៥គ្រាប់ទុកជាភស្តុតាង ៕

adverise with khmeread

មតិយោបល់