adverise with khmeread 72e656e2 1093 4096 827d b62d6391b6d8

ដកតំណែង​ទីប្រឹក្សា​ក្រសួង ដូច​ដក​ស្ពៃ

      ភ្នំពេញ ៖ ប្រភពព័ត៌មាន​បានដឹង​ថា​កាលពី​រសៀល​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បញ្ជា​ដល់​រដ្ឋលេខាធិការ​នៃ​ក្រសួង​នេះ ឲ្យ​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ដើម្បី​ដកតំណែង​លោក ចេង ដារ៉ាវុធ ចេញពី​ទីប្រឹក្សា​អម​ក្រសួង​។​

      ទាក់ទង​និង​ប្រភពព័ត៌មាន​នេះ​អ្នកយកព័ត៌មាន​បាន​ទាក់ទង​ទៅ​លោក ចេង ដារ៉ាវុធ ដោយ​សួរថា លោក​បានដឹង​រឿង​គេ​ប្រជុំ​ដកតំណែង​លោក​ដែរ ឬ​អត់​? លោក​បាន​ឆ្លើយថា មិនទាន់​ដឹង​ទេ ហើយ​មិន​ប្រាកដថា យ៉ាងណា​នោះដែរ។ 

      ក្នុងករណីនេះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦​អ្នកព័ត៌មាន​បាន​ទូរស័ព្ទ​សួរ​លោក យី យ៉ូន រដ្ឋលេខាធិការ​នៃ​ក្រសួង​នេះ​ថា លោក​បានដឹង​រឿង ប្រជុំ​ដកតំណែង​លោក ចេង ដារ៉ាវុធ ដែរ ឬទេ? លោក​បាន​បញ្ជាក់ថា "​ខ្ញុំ​អត់​ដឹង​ទេ សូម​សួរ​ទៅខាង​ប្រតិកម្ម​រហ័ស​ចុះ រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​"។​

      លោក ម៉ែន សូ​ចិត្រ នៅ​ខុទ្ទកាល័យ​បាន​ឲ្យ​ដឹង​ដែរ​ថា​" ក្នុងករណីនេះ លោក​មិនទាន់​ដឹង​ច្បាស់​ទេ ហើយ​សូម​អភ័យទោស ព្រោះ​កំពុង​ជាប់​ប្រជុំ​"​។ 

      ដោយឡែក​លោក មុត ខៀវ រដ្ឋលេខាធិការ​ក្រសួង​នេះ លោក​ក៏បាន​បញ្ជាក់ថា "​ខ្ញុំ​អត់​បានដឹង​រឿងនេះ​ទេ ហើយ​ខ្ញុំ​ក៏​មិនបាន​ចូលរួម​ប្រជុំ​ដែរ​"។ 

      បន្ទាប់មក​លោក ហាច ហ៊ាន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា រឿងនេះ សូម​ឲ្យ​ខាង​កាសែត​សួរ​ទៅ​អ្នកនាំពាក្យ​របស់​ក្រសួង​ទើប​ដឹង​រឿង។ លោក រឿន រិ​ទ្ធា​រ័ត្ន មន្ត្រី​ខុទ្ទកាល័យ​នៃ​ក្រសួង​នេះ ក៏បាន​ឆ្លើយ​ដោះសា​រដែ​រថា "​ខ្ញុំ​អត់​ដឹង​ទេ "​។​

      ទាក់ទង​ការដកតំណែង​លោក ចេង ដារ៉ាវុធ ចេញពី​ទីប្រឹក្សា​អម​ក្រសួង​លោក តូច ច​ន្នី អគ្គនាយកដ្ឋាន​បច្ចេក​ទេស​បាន​ឲ្យ​ដឹងថា រឿង​លោក ចេង ដារ៉ាវុធ គឺ​ក្រសួង​បាន​ប្រជុំ​មែន ហើយ​ក្រសួង​នៅតែ​សន្តោស​ប្រណី​លោក ចេង ដារ៉ាវុធ រហូត ព្រោះ​កន្លងមក​ក្រសួង​មើលឃើញថា លោក វុ​ធ មាន​កំហុសឆ្គង។ ដូច្នេះ​ការប្រជុំ​ដោះស្រាយ គឺ​សូម​ឲ្យ​លោក ​វុ​ធ សរសេរ​លិខិត​សុំទោស​លោក​រដ្ឋមន្ត្រី វង សូត​ ប៉ុន្តែ​លោក វុ​ធ មិនបាន​សុំទោស​នោះទេ។ 

      ករណីនេះ លោក ចេង ដារ៉ាវុធ ក៏​ប្រតិកម្ម​ដែរ​ថា "​ឲ្យ​ខ្ញុំ​សរសេរ​លិខិត​សុំទោស ម៉េច​​កើត បើ​ខ្ញុំ​គ្មាន​កំហុស​ផង​ហ្នឹង។ អ៊ីចឹង​ហើយ រឿង​ខ្ញុំ​នេះ មានតែ​សម្ដេចនាយក​រដ្ឋមន្ត្រី​ទេ ដែល​ហ៊ាន​អារកាត់ នឹង​រក​យុត្តិធម៌​ដល់​ខ្ញុំ​បាន ព្រោះ​ខ្ញុំ​ជាម​ន្ត្រី​សកម្ម​ការងារ មាន​ផែនការ យុទ្ធសាស្ត្រ​ល្អ ក្នុង​នាយកដ្ឋាន​សុខុមាលភាព​មនុស្ស​ចាស់ ដូច្នេះ​ខ្ញុំ​ជឿថា រឿងនេះ​សម្ដេច​តេ​ជោ នឹង​សើរើ រួច​ប្រគល់​តួនាទី និង​ភារកិច្ច​ដល់​ខ្ញុំបាទ​វិញ​ជាក់​ជាមិនខាន​ឡើយ​"។​

      លោក ចេង ដារ៉ាវុធ បាន​បន្តថា "​អ្នកដោះស្រាយ​នៅក្នុង​ក្រសួង​នេះ មិនអាច​រក​យុត្តិធម៌​ដល់​គាត់​បានទេ ព្រោះ​នៅក្នុង​ក្រសួង​នេះ សុទ្ធតែ​បក្ខពួក​របស់លោក សួង ម៉េង​ឡុង អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ទាំងអស់ ដូច្នេះ​ពួកគេ​មិន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន​​ឡើយ​"​។​

      លោក ចេង ដារ៉ាវុធ បានបញ្ជាក់​ជា​ចុងក្រោយ​ថា ប្រសិនបើ​សម្ដេច​មិន​រក​យុត្តិធម៌​ដល់​លោក​ទេ គឺ​មួយជីវិត​នេះ លោក​ខំធ្វើការ​ជាង​៣០​ឆ្នាំ អត់​ប្រយោជន៍​អ្វី​ទាំងអស់ ព្រោះ​មនុស្ស​មាន​សមត្ថភាព ត្រូវគេ​ប៉ែង​ជើង និង​ដកចេញ​ដូច​ស្ពៃ។ 

      ទោះជា​យ៉ាងណាក្ដី លិខិត​ជុំវិញ​ករណី​លោក ចេង ដារ៉ាវុធ តវ៉ា​មិន​សុខចិត្ត ដែល​ដក​លោក​ចេញពី​ប្រធាន​នាយកដ្ឋាន​ស្ដីទី ហើយ​ឲ្យ​ទៅធ្វើជា​ទីប្រឹក្សា​អម​ក្រសួង​នោះ បានដាក់​ដល់​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ហើយ តែ​មិនទាន់​ដឹងថា លោ​មាន​ចំណាត់ការ​បែប​ណា​នោះទេ ព្រោះ​មិនអាច​ទំនាក់ទំនង​លោក ហូ សិទ្ធី នាយក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បានទេ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៦៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់