adverise with khmeread 84a27ada efc9 4038 b4c1 3b072b699bcd

បញ្ជូន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទៅ​តុលាការ​ថ្ងៃស្អែក​

    ភ្នំពេញ ៖ ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​៥​នាក់​ដែល​អាវុធហត្ថ​បង្ក្រាបបាន​នឹង​ទៅ​តុលាការ​ថ្ងៃស្អែក​ទី​៣០​មេសា​នេះ ចាត់ការ​តាម​នី​​តិ​វិធី ដោយ​ចោទប្រកាន់​តាម​បទល្មើស​២​ចំណុច​គឺ​ទី​១-​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន និង ទី​២-​បទ​ក្រុម​ជនប្រដាប់អាវុធ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា តាម​អ្នកបច្ចេកទេស​ទៅពិនិត្យ​ផ្ទះ​ជនល្មើស​គឺ​មេក្លោង​បាន​ចាក់​គ្រឿងញៀន​ចូល​ក្នុង​បង្គន់ និង បាន​ដុត​វត្ថុតាង​អស់​នៅ​សេសសល់​តែ​សម្បក ហើយ​បើតាម​ការប៉ាន់ស្មាន​និង​យក​ទឹក​នៅ​សេសសល់​មក​វិភាគ គ្រឿងញៀន​ដែល​ពួកវា​កម្ទេច ចោល​រាប់​សឹ​ប​គីឡូក្រាម ហើយ​មុខរបរ​ជ្រូក​ខ្វៃ ទាខ្វៃ របស់​មេក្លោង គ្រាន់តែ​ជា​លេស​បិទបាំង​មុខ​ប៉ុណ្ណោះ។ ចំណែក រថយន្ត​អូ​ឌី​ពាក់​ស្លាក​លេខ​ន​-​ប​គឺជា​មធ្យោបាយ​សម្រាប់​ដឹក​គ្រឿងញៀន​ចែកចាយ​នៅ​ទូទាំងប្រទេស។ ទីតាំង​ចែកចាយ​គ្រឿងញៀន​នៅ​តំបន់​ត្រពាំង​ឈូក​(​មុខ​ពេទ្យ​លោកសង្ឃ​)​គឺជា​ជ្រុង​តូច​មួយ​សម្រាប់​ចែកចាយ​ប៉ុណ្ណោះ។​

    +​មេ​ឧ​ក្រិ​ដ្ខ​ជន​ជា​នរណា ?

    មេ​ឧក្រិដ្ឋជន​ដែល​កង​អាវុធហត្ថ​បាញ់សម្លាប់​ឈ្មោះ​លីម គីម​តេង ភេទ​ប្រុស​កើត​ឆ្នាំ​១៩៨០​ នៅ​ភូមិ​-​ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាលស្ទឹង ខេ​ត្ក​ណ្តា​ល​។ មុនពេល​ចាប់ខ្លួន​ស្នាក់​នៅផ្ទះ​លេខ​១៩​បេ ផ្លូវ​លេខ​៣១BT​សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ មុខរបរ​ជួយ​លក់​ទា​ខ្វៃ​ប្រពន្ធ ឈ្មោះ​លី ជូរ មានកូន​៤​នាក់​។ លីម គីម​តេង​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៧​ ​មេសា​ ឆ្នាំ​២០១៣​នៅ​ដី​ឡូ​តិ៍​មួយ ស្ថិតនៅ​ផ្លូវ​៤៧៦​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​ពីបទ​រក្សា​ទុ​ក និង​ជួញដូរ​គ្រឿងញៀន​។ លីម គីម​តេង​ត្រូវបាន​តុលាការ​ឃុំខ្លួន​នៅ​ថ្ងៃទី​១៩​មេសា​ឆ្នាំ​២០១៣​នៅ​គុក​ព្រៃ​ស។ នៅ​ថ្ងៃទី​១​ មេសា​​ ឆ្នាំ​២០១៤​តុលាការ​បាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ​។ លីម គីម​តេង​ពុំមាន​ក្របខណ្ឌ​ជា​មន្ត្រីប៉ូលិស​ឡើយ ព្រោះ​គាត់​ជា​មុខសញ្ញា​ទើប​ចេញពី​គុក ។​

    ចំណែក​បក្ខពួក​៥​នាក់​ទៀត​ដែល​សមត្ថកិច្ច​ចាប់បាន​មាន​១-​ឈ្មោះ​លី វីរៈ ​អាយុ​៣៧​ឆ្នាំ​ចាប់បាន​នៅ​តំបន់​ត្រពាំង​ឈូក​ដកហូត​ថ្នាំញៀន​ចំនួន​២០៦​គ្រាប់ (​ទទួលយក​ថ្នាំ​ពី​ឈ្មោះ​លីម គីម​សេង​ទៅ​លក់​)២-​ឈ្មោះ ស៊ុន ដា​រ៉ា អាយុ​២៣​ឆ្នាំ​,៣-​ឈ្មោះ​ទី អៀង អាយុ​៤៥​ឆ្នាំ ៤, ឈ្មោះ​លី កុក​ហ៊ុយ​ ហៅ​ប៉ា​ហ្គិ​ច អាយុ​៦៥​ឆ្នាំ និង​៥-​ឈ្មោះ​ត្រាវ រិ​ទ្ធា​រ៉ា អាយុ​១៨​ឆ្នាំ។​

    +​រថយន្ត​អូ​ឌី ពាក់​ស្លាក​លេខ​ន​.​ប ជា​របស់​នរណា ?

    រថយន្ត​អូ​ឌី​ AudiQ7​ ពណ៌​ស​ស្លាក​លេខ​នគរបាល​ 2-0622​ គឺជា​រថយន្ត​របស់លោក​ឧ​ត្ត​ម​សេនីយ៍ រស់ ឧស្សាហ៍ អគ្គាធិការរង នៃអគ្គាធិការដ្ឋាន​កិច្ចការ​នយោបាយ រដ្ឋបាល​និង​នគរបាល​នៃ​ក្រសួងមហាផ្ទៃ។ រថយន្ត​នេះ​បើកបរ​ដោយ​ឈ្មោះ​ខេង ម៉េង ភេទ​ប្រុស ​អាយុ​៤៧​ឆ្នាំ​ មុខរបរ​ជា​មន្ត្រីប៉ូលិស និង ជា​ជំនួយការ​លោក​រស់ ឧស្សាហ៍ ស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ ឈ្មោះ​ ខេង ម៉េង​ ត្រូវបាន​ប៉ូលិស​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​សៀ​ល​ថ្ងៃទី​២៨ ​មេសា ​ឆ្នាំ​២០១៦ ដើម្បី​សាកសួរ។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍​ រស់ ឧស្សាហ៍ ខាង​មហាផ្ទៃ​កំពុង​ឃាត់​សាកសួរ។ មន្ត្រីប៉ូលិស​បញ្ជាក់ថា ស្លាក​លេខ​រថយន្ត​អូ​ឌី​គឺជា​ស្លាក​លេខ​ពិត។ ពាក់ព័ន្ធ​ទៅនឹង​ក្រុម​ឧក្រិដ្ឋជន​ប្រើប្រាស់​រថយន្ត​នេះ​ដើម្បី​ចែកចាយ​គ្រឿងញៀន  សមត្ថកិច្ច​នៅ​មិនទាន់​បញ្ជាក់​នៅឡើយ។​

    + ប្រតិបត្តិ​ការបង្ក្រាប​គ្រឿង​ញៀន​ជាង​២​ម៉ោង​មានរឿង​អ្វីខ្លះ​កើតឡើង?

    រយៈពេល​ជាង​២​ម៉ោង​តាំងពី​វេលា​ម៉ោងជាង​៤​ និង​៥​នាទី​ល្ងាច​ រហូតដល់​ម៉ោង​៦ ​និង​២០​នាទី​យប់​ថ្ងៃទី​២៧ ​មេសា​ ឆ្នាំ​២០១៦​ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បើក​ប្រតិ​ប​ត្ត​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​មួយ ធ្វើ​ឲ្យ​កក្រើក​រាជធានី​ភ្នំពេញ​ ដោយ​ចាប់ខ្លួន​មេក្លោង​និង​បក្ខពួក​សរុប​៥​នាក់ ​និង​បាញ់​ស្លាប់​ម្នាក់ ខណៈពេល​បាញ់​តដៃ​គ្នា​ដូច​ក្នុង​សមរភូមិ​ជាមួយ​សមត្ថកិច្ច នៅផ្ទះ​លេខ​៣៧ យិ​ហោ​"​លី កុក​ហ៊ុយ​ខ្វៃ​ជ្រូក​"​ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក។​

    ដោយឡែក​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​ជា​នាយរង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿង ញៀន​រាជធានី​ម្នាក់ បាន​ពលី​ជីវិត​ដោយ​គ្រាប់កាំភ្លើង​របស់​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​បាញ់ស្រោច​មកលើ​គឺ​លោក​អនុសេនីយ៍ឯក ​ទៀន កុរ​ណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។​

    មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​បញ្ជាក់ថា ហេតុការណ៍​នេះ ដំបូង​ឡើយ​បាន​ផ្តើមចេញពី កម្លាំង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ប៉ាន់ សុភាព ជា​នាយការិយាល័យ និង​លោក​អនុសេនីយ៍ឯក ទៀន ករុណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់បាន​ជនល្មើស​ជួញដូរ​គ្រឿង ញៀន​ម្នាក់ឈ្មោះ​ លី វីរៈ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​បឹង​ឈូក​ទល់មុខ​ពេទ្យ​លោកសង្ឃ និង​ដកហូត​ថ្នាំញៀន​បាន​២០៦​គ្រាប់​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ម្នាក់នេះ បាន​ប្រាប់​ឱ្យដឹងថា មេក្លោង​ធំ​រប​ស់វា នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ទើប​កម្លាំង​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​សុំ​គោលការណ៍​ពី​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ និង​ព្រះរាជអាជ្ញារង សៀង សុខ ចុះទៅ​បង្ក្រាប​ក្រុម​ជួញដូរ​ថ្នាំញៀន​ទាំងនោះ​ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌទួលគោក​និង​ប៉ូលិស​ខណ្ឌទួលគោក។​

    ពេល​ចុះទៅ​ដល់ផ្ទះ​ជនល្មើស​ដែលមាន​ពីរ​ជាន់ ថ្ម​ក្រោម ឈើ​លាយ​ថ្ម​ខាងលើ សមត្ថកិច្ច​អាវុធហត្ថ​ក៏​សម្រុក​ចូលដល់​ក្នុងផ្ទះ​ជាន់​ខាងក្រោម ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់ និង​បន្ត​ឡើងទៅ​ជាន់​លើ​ឃាត់ខ្លួន​បាន​បក្ស​ពួកវា​ម្នាក់ទៀត។​

    ភ្លាមៗ​នោះ​ជនល្មើស ដែលជា​មេក្លោង​ធំ​របស់​ពួកវា​បាន​ចេញមក​បាញ់ប្រហារ លើ​កម្លាំង​សមត្ថកិច្ច​បណ្តាលឱ្យ​អាវុធហត្ថ​ម្នាក់​ត្រូវ​១​គ្រាប់ ហើយ​សមត្ថកិច្ច​អាវុធហត្ថ​បាន​បាញ់​តបត ដើម្បី​រំដោះ​អ្នករបួស​យកទៅ​មន្ទីរពេទ្យ។ តែ​ជា​អកុសល​ត្រូវបាន​ពលី​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​។​

    ប្រភព​បន្តថា បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​ភ្លាម​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍​ទៅដល់​កន្លែងកើតហេតុ​ដោយផ្ទាល់ តែ​ដោយ​ផ្ទះ​របស់​ជនល្មើស​ចាប់​កា​ម៉ា​រ៉ា​គ្រប់​ទីកន្លែង ធ្វើ​ឲ្យ​កម្លាំង​ប្រតិបត្តិ​ការមិនអាច​ចូលទៅក្នុង​ផ្ទះ​បាន ហើយ​ជនល្មើស​បាន​បាញ់​សង្គ្រប់​មកលើ​សមត្ថកិច្ច​ជា​បន្តបន្ទាប់​មិនតិចជាង​៥០​គ្រាប់ ទើប​លោក រ័ត្ន ស្រ៊ាង បញ្ជា​ឲ្យ​កម្លាំង​របស់លោក បាញ់កម្ទេច​កាមេរ៉ា​ចោល​មួយចំនួន និង​សម្រុក​ចូលទៅ​បាញ់ប្រហារ​តបត ជាមួយ​ជនល្មើស​ដែលជា​មេក្លោង​ធំ​នោះ បណ្តាល​ឲ្យ​ងាប់​នៅក្នុង​បន្ទប់ដេក​របស់​វា​ដែលមាន​ដាក់​កាមេរ៉ា​តែម្តង​។​

    ក្នុង​ប្រតិបត្តិការ​សម្រុកចូល​នោះ ជនល្មើស​ក៏បាន​បាញ់ប្រហារ​ត្រូវ​កម្លាំង​អាវុធហត្ថ​២​នាក់​ទៀតផង​ដែរ គឺ​ម្នាក់​ត្រូវ​ក្បាល​គ្រាប់​បៀម​ជាប់​អាវ​ក្រោះ​ត្រង់​ដើមទ្រូង និង​ម្នាក់ទៀត​ត្រូវចំ​ទូរស័ព្ទ Iphone ​ពីរ​គ្រឿង នៅក្នុង​ហោប៉ៅ​ខោ​ត្រង់​ភ្លៅ​ឆ្វេង បណ្តាល​ឲ្យ​កំពិត​ទូរស័ព្ទ​ទាំងពីរ​គ្រឿង។​

    ពេល​សមត្ថកិច្ច​ចូលទៅ​ឆែកឆេរ​ក្នុង​បន្ទប់​របស់​ជនល្មើស បាន​រកឃើញថា​ជន​នោះបាន​ចាក់​គ្រឿងញៀន​ចោល​ចូលទៅក្នុង​បង្គន់​ទាំងអស់ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រមូល​បានតែ​កំទេចកំទី​ថ្នាំញៀន​មួយចំនួន​ដែល​វា​ធ្វើឱ្យ​កំពប់​ប៉ុណ្ណោះ ហើយ​ជនល្មើស​បាន​ដុតបំផ្លាញ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​អាវុធហត្ថ​មិនទាន់​អាច​កំណត់​អត្តសញ្ញាណ​មេក្លោង​ធំ​នេះ​បាន​នៅឡើយ​។​

    +​លទ្ធផល​នៃ​កិច្ច​ប្រតិ​ប​ត្ត​ការ ៖

    ក្រោយ​ប្រតិបត្តិការ​អស់​ប្រហែល​ជាង​២​ម៉ោង សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​គ្រប់គ្រង​សភាពការណ៍​ទាំងស្រុង ដោយ​ឃាត់ខ្លួន​ជនល្មើស​សរុប​បាន​៥​នាក់ បាញ់​ងាប់​១​នាក់ ដកហូត​បាន​អាវុធ​វែង​ខ្លី​០៦​ដើម (​អាវុធខ្លី​៥​ដើម អាវុធ​វែង​AK១​ដើម​) រថយន្ត​២​គ្រឿង គឺ​Luxus RX300 មួយគ្រឿង ស្លាក​លេខ ភ្នំពេញ 2AF-1549 និង​រថយន្ត AudiQ7 មួយគ្រឿង ស្លាក​លេខ​នគរបាល​​ 2-0622,​ម៉ូតូ​០៤​គ្រឿង ហើយ​ពលី​កម្លាំង​អាវុធហត្ថ​ម្នាក់​គឺ​លោក អនុសេនីយ៍ឯក ទៀន ករុណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​រាជ ធានី​ភ្នំពេញ តម្កល់​ធ្វើបុណ្យ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​នឹង​ដង្ហែ​ទៅ​បូជា ថ្ងៃ​សៅរ៍ វេលា​ម៉ោង​២​រសៀល​នៅ​វត្ត​ន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ​។ លោក​អនុសេនីយ៍ឯក ទៀន ករុណា អាយុ​៤៦​ឆ្នាំ​(​កើត​នៅ​ថ្ងៃទី​១០​កញ្ញា​១៩៧០-២៧​មេសា​ឆ្នាំ​២០១៦)​។​

    + មេបញ្ជាការ​អាវុធហត្ថ​ធានារ៉ាប់រង​ដល់​ជីវភាព​គ្រួសារ​សព​លោក​ ទៀន កុរ​ណា ៖

    មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​អះអាង​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​សព​លោក ​ទៀន កុរ​ណា ដែល​កំពុង​ដំកល់​ធ្វើបុណ្យ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨​មេសា​នេះ​ថា លោក​និង​អាវុធហត្ថ​ក្រុង​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​ជីវភាព​រស់ នៅ​របស់​ក្រុមគ្រួសារ​សព​លោក​ទៀន កុរ​ណា ជា​រៀងរហូត។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​និង​ជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្តថា ខណៈ​ពេលនេះ​ការរៀបចំ​ធ្វើ​ពិធី​បុណ្យ សព​លោក ​ទៀន កុរ​ណា គឺ​លោក​ទទួល​រ៉ាប់រង​ទាំងស្រុង។ បន្ទាប់មក​ការរៀបចំ​ធ្វើបុណ្យ​៧​ថ្ងៃ​នៅផ្ទះ​លោក​ទៀន កុរ​ណា​ក៏​លោក​ទទួល​រ៉ាប់រង​ទាំងស្រុង​ផងដែរ។ ចំណែក​បច្ច័យ​ដែល​សប្បុរសជន​ចូល​បុណ្យ​លោក​ប្រគល់ឱ្យ​ភរិយា​សព​លោក​ ទៀន​ កុរណា ​ទាំងអស់​សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​និង​ចិញ្ចឹម​កូន​២​នាក់​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ដែល​កំពុង​នៅ​រៀន។​

    លោក​រ័ត្ន ស្រ៊ាង បន្តថា នៅពេល​កូនលោក​ ទៀន កុរ​ណា រៀន​ចប់​ហើយ​មានបំណង​ចង់​បម្រើ​ជា​កងរាជអាវុធហត្ថ លោក​នឹង​ស្នើសុំ​ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ សុខា ដើម្បី​បញ្ចូល​ពួកគេ​ក្នុង​ក្របខណ្ឌ​កងរាជអាវុធហត្ថ​បន្ត​ពី​ឪពុក​របស់​ពួកគេ។​

    សូមបញ្ជាក់ថា លោក​អនុសេនីយ៍ឯក ទៀន កុរ​ណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿង ញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពលី​ជីវិត​កាលពី​ល្ងាច​ថ្ងៃទី​២៧ ​មេសា ឆ្នាំ​២០១៦។ ខណៈពេល​នេះ​សព​លោក​ទៀន កុរ​ណា​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ វរៈសេនីយ៍ត្រី ជា​កិ​ច្ចប​ច្ឆា​មរណៈ។ សព​លោក​ទៀន កុរ​ណា​ដែល​នឹង​ដង្ហែ​ទៅ​បូជា ថ្ងៃ​សៅរ៍ វេលា​ម៉ោង​២​រសៀល​នៅ​វត្ត​ន​ន្ទ​មុន្នី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    +​សព​មេ​ឧក្រិដ្ឋជន​ត្រូវបាន​អ្នក​ភ្លុក​ដុតចោល ៖

    សព​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​អាវុធហត្ថ​បាញ់សម្លាប់ ត្រូវបាន​បូជា​ហើយ នៅ​វត្ត​ឬ​ស្សី​សាញ់ កាលពី​រសៀល​ថ្ងៃទី​២៨​មេសា ឆ្នាំ​២០១៦​ដោយ​គ្មាន​សាច់ញាតិ​ណា​ម្នាក់​ចូល រួម​ឡើយ។ ពលរដ្ឋ​បាន​លើកឡើងថា "​សព​មេ​គ្រឿងញៀន​ត្រូវបាន​ដុត​ដូច​ខ្មោច​ឆ្កែ​"។​

    ចំណែក​សព​មន្ត្រី​អាវុធហត្ថ​លោក​វរៈសេនីយ៍ត្រី ទៀន ករុណា ត្រូវបាន​អ្នកធំ​អ្នកតូច​និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលទៅ​គោរព​និង​ចូល​បច្ច័យ។ មិនតែប៉ុណ្ណោះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​ប្រសិទ្ធ​នាម​លោក ​ទៀន កុរ​ណា ថា " ជា​វីរៈជន​" ទៀតផង៕                                   (​កត់ត្រា​ដោយ ៖ Khmeread)


 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់