13090379 964838320297750 302627889 n

វ៉ៃខ្នោះ​ជនពាល​៥​នាក់​ចាប់​នាងក្រមុំ​បង្ខាំង​ដើម្បី​រំលោភ​

        កំពត​ ៖ ជនសង្ស័យ​៥​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ត្រាច​វ៉ៃខ្នោះ បន្ទាប់ពី​ចាប់​នាងក្រមុំ​អាយុ​១៨​ឆ្នាំ​ម្នាក់​បង្ខាំង​ដើម្បី​ចាប់រំលោភ។​

        ប៉ូលិស​និយាយថា កាលពី​ល្ងាច​ម៉ោង​៤​ថ្ងៃទី២៨ ​មេសា​ ២០១៦ អធិការ​ប៉ូលិស​ស្រុក​កំពង់ត្រាច បានទទួល​បណ្តឹង​ពី​យាយ ប៊ុ​យ គូ អាយុ​៧៧​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំកំពង់ត្រាចខាងកើត ស្រុក​កំពង់ត្រាច ថា​ចៅស្រី​របស់គាត់​ឈ្មោះ គាត ស្រី​នាង អាយុ​១៨​ឆ្នាំ (​នៅផ្ទះ​ជាមួយគ្នា​) បាន​បាត់​ខ្លួន គឺ​ជិះ​កង់​ទៅ​ទិញ​ថ្នាំពេទ្យ​នៅ​ផ្សារ​កំពង់ត្រាច។​

        ក្រោយមក​បាន ទូរ​សព្ទ័​មក​លោកយាយ​ថា "​រូបនាង​ត្រូវបាន​គេ​ចាប់​បង្ខាំង​ទុក "​។ គាត់​សួរថា​នៅឯណា វា​មិនបាន​និយាយ​តប​ទេ។ លុះ​គាត់​ទូរ សព្ទ័​ទៅវិញ មិនឃើញ​ទទួល​សោះ​។ គាត់​គិតថា​មាន​គេ​ចាប់ជំរិត​។​

        ទទួលបាន​បណ្តឹង​នេះ សមត្ថកិច្ច បាន​ជួយ​តាមរក តាម​ដងផ្លូវ​ដែល​ប៉ូលិស​គិតថា​អាច​នាំទៅ​ទាំង​កង់​ផង​។ រយៈពេល​ប្រហែល​ជិត​១​ម៉ោង​ក្រោយមក មាន ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់ត្រាច​ទី​១​ដែរ តែ​នៅ​ជិត​ភ្នំ ខាងជើង​ផ្សារ កំពង់ត្រាច ជូនដំណឹង​មក​ថា "​ឃើញ​ក្មេងស្រី​ម្នាក់​រត់​ចូល​ផ្ទះ​គេ ហើយ​ប្រាប់ថា "​រូបនាង​ត្រូវបាន​គេ​បង្ខាំង​ទុក​ក្នុងផ្ទះ​ចង់​ចាប់រំលោភ​"​។​

        ក្រោយពី​បាន​ដំណឹង​នេះ សមត្ថកិច្ច​បាន​ទៅដល់ គឺ​ជួបនឹង​ក្មេងស្រី​រងគ្រោះ​មែន​(​គាត ស្រី​នាង) ហើយក៏ សួររក​ហេតុផល​ដំបូង។ គាត ស្រី​នាង ប្រាប់ថា ពេល​កំពុង​ជិះ​កង់​ទៅ​ផ្សារ​រក​ទិញ​ថ្នាំពេទ្យ មាន​មនុស្ស​៣​នាក់ ជិះម៉ូតូ​១​គ្រឿង ចាប់​រូបនាង​ដាក់​លើ​ម៉ូតូ រួច​មាន​ម្នាក់​ជិះ​កង់​របស់​នាង ហើយ​យករូបគេ ​និង​កង់​មក​បង្ខាំង​ទុក​ក្នុងផ្ទះ​ឈ្មោះ​ សុខ ​សើ ភេទ​ប្រុស អាយុ២៤​ឆ្នាំ​នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​។​

        ប៉ូលិស​បន្តថា នាពេលនោះ មាន​វត្តមាន ១-​ម្ចាស់ផ្ទះ សុខ សើ  ២-​សោ ហាន ភេទ​ប្រុស អាយុ២៥​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ មក​ផឹកស៊ី​នៅផ្ទះ សុខ សើ ៣- ចាន់ ឆុន ភេទ​ប្រុស អាយុ១៧​ឆ្នាំ នៅ​ភូមិ​កណ្តាល​ទួល ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក កំពង់ត្រាច មក​ផឹកស៊ី​នៅផ្ទះ សុខ សើ ៤-​ម៉ៅ វ៉ាន់ណេត ភេទ​ប្រុស អាយុ១៩​ឆ្នាំ នៅ​ភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច ខាងកើត មក​ផឹកស៊ី​ផ្ទះ សុខ សើ​។​

        សមត្ថកិច្ច​សួរ ម្ចាស់ផ្ទះ សុខ សើ គេ​ឆើ្ល​យ​ថា​មិនដឹង​រឿង គឺ​ឆើ្ល​យ​លាក់បាំង ព្រោះ​ប៉ូលិស​ឃើញ​កង់​ជនរងគ្រោះ​នៅក្នុង​ផ្ទះ​ឈ្មោះ​ សោ ហាន ម្ចាស់​ម៉ូតូ ដែល​ជនល្មើស​ជិះ​គេចចេញ គេ​ថា​មិន​ស្គាល់ អ្នក​ខ្ចី​ម៉ូតូ​នោះទេ​។​

        ដោយសារ​គ្មាន​ការសហការ​យ៉ាងនេះ ទើប​ប៉ូលិស​ឃាត់​អ្នក​ទាំង​៤​នាក់ និង​ដំណើរ​ការឆែកឆេរ ដក ហូត​យក​កង់​ជនរងគ្រោះ​។ ក្នុងការ​ឆែកឆេរ​ប៉ូលិស​ពិនិត្យឃើញ មាន​ប្រដាប់​សម្រាប់​ជក់​គ្រឿងញៀន បន្សល់ទុក​ក្នុងផ្ទះ​នេះ​។​

        ប៉ូលិស​បន្តថា  បន្ទាប់​ពីនេះ​ប៉ូលិស​ឃាត់​បាន​ម្នាក់ទៀត ឈ្មោះ​ព្រីង ឡា ភេទ​ប្រុស ១៥​ឆ្នាំ នៅ​ភូមិ​កំពូល​មាស ឃុំ​ប្ញ​ស្សី ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ឃាត់​បាន​ពី​ផ្ទះ​អ្នក​ក្បែរ​នោះដែរ ។ ជននេះ ជាដើម​ចម​នៃ​រឿង គឺជា​អ្នក​ទាក់ទង នាំ​នារី​រងគ្រោះ​មក​លាក់ទុក​ក្នុងផ្ទះ របស់​សុខ សើ ហើយ​ជា​អ្នកជិះ​ម៉ូតូ​គេចចេញ ពេល​ឃើញ​សមត្ថកិច្ច មកដល់​ច្រើន ។ ប៉ូលិស​ឆែក​នៅក្នុង​ខ្លួន គឺ​ឃើញ​ទូរ​សព្ទ័​នារី​រងគ្រោះ លាក់ទុក​ក្នុង​ខោ​។​

        ក្រោយពី​សួរនាំ​រឿងហេតុ ព្រីង ឡា ថា​មិនបាន​ចាប់​ទេ គ្រាន់តែ​បាន​ទាក់ទង​ហៅ ហើយ​នារី​គាត ស្រី​នាង ជិះ​កង់​មក​ដោយ​ខ្លួនឯង។ រីឯ​ទូរ​សព្ទ័  គឺ​នារី​គាត ស្រី​នាង ប្រគល់ឱ្យ​ទុក​ទេ​។​

        ចំពោះ​នារី គាត ស្រី​នាង នៅតែ​ចោទប្រកាន់ថា ក្រុម​នេះ ចាប់​រូបគេ​យកមក​បង្ខាំង​ទុក ប្រុង​ប្រព្រឹត្ត​អំពើអាក្រក់ លើ​រូបនាង​ដដែល​។​

        សរុបមក​ប៉ូលិស​ឃាត់ខ្លួន​៥​នាក់ៈ​១-​សុខ សើ ភេទ​ប្រុស អាយុ ២៤​ឆ្នាំ ម្ចាស់ផ្ទះ​២- សោ ហាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ៣-​ចាន់ ឆុន  ភេទ​ប្រុស ១៧​ឆ្នាំ​៤-​ម៉ៅ វ៉ាន់ណេត ភេទ​ប្រុស ១៩​ឆ្នាំ​និង​៥-​ព្រីង ឡា ភេទ​ប្រុស ១៥​ឆ្នាំ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕


   

អ្នកនឹងចូលចិត្ត

មតិយោបល់