adverise with khmeread 1

​វិធីសាស្ត្រ​លេង​បាល់​បែប​គាបសង្កត់​តាមរបៀប​របស់លោក Luis Enrique

    ​១. ត្រូវ​ដឹង​មូលហេតុ​ជាមុនសិន ចាំ​ដឹង​របៀប​លេង​តាម​ក្រោយ​
​    ​លោក Enrique៖ "​វា​ជាការ​ងារ​របស់​គ្រូបង្វឹក​ដើម្បី​សម្រេច​ពី​ស្ទីល​លេង​របស់​ក្រុម ថា​តើ​ពួកគេ​ប្រយុទ្ធ​និង​ការពារ​យ៉ាងដូចម្តេច​។ ពួកគេ​ត្រូវតែមាន​ប្រសិទ្ធភាព​នៅ​ចុង​ទីលាន​ទាំងសងខាង​។ ប្រសិនបើ​ក្រុម​ធ្វើការ​ប្រយុទ្ធ​បាន​យ៉ាង​ល្អ​ប៉ុន្តែ​ការពារ​អន់ ពួកគេ​មិនមែន​កំពុង​ធ្វើ​កិច្ចការ​របស់​ពួកគេ​ឡើយ​។ វិធី​ការពារ​ដ៏​ល្អ​បំផុត​គឺ​ត្រូវតែមាន​បាល់​ជាប់ជើង​នៅ​ទីតាំង​ពាក់កណ្តាល​តារាង​របស់​គូប្រកួត និង​ព្យាយាម​លេង​បាល់​ឱ្យ​កប់​ទីតាំង​គ្រោះថ្នាក់​របស់​គូប្រកួត ទើប​ក្រុម​របស់​អ្នកនឹង​សម្រេចបាន​ជោគជ័យ​ក្នុង​ដាក់​ការគាបសង្កត់​លើ​គូប្រកួត​។​

​    ​២. ធ្វើឱ្យ​ក្រុម​ជឿជាក់​លើ​ក្បួន​លេង​
​    ​លោក Enrique៖ "​ត្រូវ​ប្រាកដថា ក្រុម​របស់​អ្នក​យល់​អំពី​ស្មារតី​នៃ​ការប្រកួត​បែប​គាបសង្កត់​។ ក្បួន​នេះ​ត្រូវតែ​លេង​ដោយ​កីឡា​ករទាំង ១១ នាក់ បើ​មិន​ដូច្នេះ​ទេ វា​មិន​ដំណើរការ​ឡើយ​។ កីឡាករ​ទាំងអស់​ត្រូវ​តែ​ឱ្យចូល​ក្បួន​ទាំងអស់គ្នា​។ អ្នក​បង្វឹក​ដ៏​អស្ចារ្យ ត្រូវតែ​បញ្ចុះបញ្ចូល​កីឡាករ​របស់ខ្លួន​ឱ្យ​ជឿជាក់​លើ​ទស្សនៈ​បែប​គាបសង្កត់​របស់គាត់​និង​ត្រូវ​ប្រាកដថា កូនក្រុម​ក៏​ជឿជាក់​លើ​វា​ដែរ​។ ប្រសិនបើ​កីឡាករ​ធ្វើ​តាមតែ​សម្តី​គ្រូបង្វឹក វា​មិនល្អ​សោះឡើយ ដូច្នេះ​កីឡាករ​ត្រូវតែ​ជឿជាក់​ក្នុង​ចិត្ត​ថា​អាច​ធ្វើបាន​ដូចគ្នា ទើប​ទៅរួច​"​។​

​    ​៣. ជំនាញ​ល្បឿន​
​    ​លោក Enrique៖ "​ជាមួយនឹង​ក្រុម​ដ៏​ល្អ​មួយ​និង​មាន​កីឡាករ​គ្រប់​ជើង ការគាបសង្កត់​គួរតែ​ចាប់ផ្តើម​ឱ្យ​ឆាប់រហ័ស​នៅពេលដែល​អ្នក​បាត់​បាល់​ទៅឱ្យ​គូប្រកួត ត្រូវ​ស្ទុះ​តាម​ដណ្តើមយក​មកវិញ​ភ្លាម​។ ខ្ញុំ​ចង់ឱ្យ​ក្រុម​របស់ខ្ញុំ​គ្រប់គ្រង​បាល់ ១០០% ប្រសិនបើ​អាច​។ ប្រសិនបើ​ក្រុម​របស់​អ្នករៀបចំ​ទីតាំង​សម្រាប់​កីឡាករ​ត្រឹមត្រូវ ប្រសិនបើ​អ្នកមាន​បាល់​នៅ​ជើង គូប្រកួត​នឹង​ហត់​នឹង​ដណ្តើម​បាល់​។ នៅពេលដែល​អ្នកបង្កើន​ភាគរយ​គ្រប់គ្រង អ្នកត្រូវការ​គុណភាព​ក្នុងការ​គ្រប់គ្រង​បាល់ បើ​មិន​ដូច្នេះ​ទេ វា​នឹង​ភ្លាត់​ពី​ជើង​របស់​អ្នក​និង​អាច​បាត់បង់​ទៅឱ្យ​គូប្រកួត​"​។​

​    ​៤. ឱ្យ​អ្នកចាំទី​ចេញ​ក្រៅ​ប្រអប់​
​    ​លោក Enrique៖ "​ខ្ញុំ​ចូលចិត្ត​ឱ្យ​ក្រុម​របស់ខ្ញុំ​គាបសង្កត់​! វា​ជា​វិធី​ដើម្បី​បង្ខំ​ឱ្យ​គូប្រកួត​បង្កើត​កំហុស​។ ប៉ុន្តែ​ប្រសិនបើ​កីឡាករ​ម្នាក់​មិន​ចូលរួម​ការគាបសង្កត់ ព្រមទាំង​អ្នកចាំទី​ផងដែរ អ្នក​នឹងមាន​បញ្ហា​ធំ​។ គូប្រកួត​ប្រហែលជា​គេច​ផុតពី​អន្ទាក់​របស់​អ្នក​ជាមួយ​គុណភាព​វាយបក​របស់​ពួកគេ​ឬក៏​ដោយ​ការលេង​បាល់​វែងៗ ដូច្នេះ​អ្នកចាំទី​របស់​អ្នក​ត្រូវតែ​ចេញមក​ខាងក្រៅ​ប្រអប់​និង​ត្រៀមខ្លួន​ដើម្បី​ឆាឆៅ​គូប្រកួត​"​។​

​    ​៥. កៀបសង្កត់​ពី​ដើម​រហូតដល់​ចប់​នាទី​
​    ​លោក Enrique៖ "​ក្រុម​ដែល​លេង​ចេញពី​ក្រោម ជាទូទៅ​ចេញពី​អ្នកចាំទី​ទៅ​ខ្សែការពារ​កណ្តាល​ទៅ​ខ្សែការពារ​ស្លាប​។ កុំ​ទុកឱ្យ​ពួកគេ​លេង​បែបនេះ ឆាប់​ឆាឆៅ​ភ្លាម​ដោយ​ចាប់ផ្តើម​ពី​កីឡាករ​ដែល​នៅ​ជិត​គូប្រកួត​។ ធ្វើបែបនេះ​រយៈពេល ៩០ នាទី​ច្បាស់​ជា​ហត់ ប៉ុន្តែ​អ្នក​មិនអាច​ត្រឡប់​ថយក្រោយ​និង​ឈរ​បិទ​នោះទេ​។ វា​ជា​កំហុស​នៅពេលដែល​ក្រុម​កំពុង​ឈ្នះ ១-០ ហើយ​ផ្លាស់ប្តូរ​វិធី​លេង​។ ប្រសិនបើ​អ្នក​កំពុង​ឈ្នះ ១-០ អ្នក​ចង់បាន ២-០! ហេតុអ្វី​ត្រូវ​លេង​បិទ​?"៕

adverise with khmeread
ប្រភព៖ ៤៤២

មតិយោបល់