Aircraft

យន្តហោះលឿនបំផុតទាំង ១០ ក្នុងប្រវត្តិសាស្ត្រ

យន្តហោះដឹកអ្នកដំណើរដូចជា Airbus A320 ឬ Boeing 777 ជាដើមអាចហោះបានដល់ល្បឿនជាង ៩០០ គីឡូម៉ែត្រក្នុងមួយម៉ោង ជាល្បឿនមួយលឿនខ្លាំងណាស់ដែលអាចឲ្យវាហោះឆ្លងកាត់ប្រទេសនានា និងសូម្បីទ្វីបនានាក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប៉ុន្តែមានយន្តហោះមួយចំនួនជាក់លាក់ដែលអាចហោះបានលឿនជាងនេះទៅទៀត។ ទោះយ៉ាងណា យន្តហោះទាំងនោះគេរក្សាទុកសម្រាប់តែប្រើក្នុងប្រតិបត្តិការរបស់យោធា និងរដ្ឋាភិបាលប៉ុណ្ណោះ ហើយពួកវាអាចហោះបានក្នុងល្បឿនដល់ទៅជាង ៧០០០ គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។  

១០- យន្តហោះទម្លាក់គ្រាប់បែក F-111 Aardvark 
យន្តហោះទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លាធុន F-111 Aardvark នេះគឺជាយន្តហោះដែលទាហានអាមេរិកនិយមប្រើបំផុតក្នុងប្រវត្តិសាស្ត្រ និងល្បីល្បាញខាងការវាយច្បាស់ចំគោលដៅពេលហោះក្នុងល្បឿនលឿនបំផុត។ យន្តហោះនេះចេញដំបូងក្នុងឆ្នាំ ១៩៦៤ និងមានល្បឿន ២៦៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ កងទ័ពអាកាសអាមេរិកបានប្រើយន្តហោះនេះសឹងតែគ្រប់សមរភូមិតាំងពីទសវត្សរ៍ ១៩៧០ ដល់ ១៩៩០។ 

៩- យន្តហោះចម្បាំង F-15 Eagle
យន្តហោះចម្បាំងអាមេរិកនេះចេញហោះលើកដំបូងក្នុងឆ្នាំ ១៩៧២ និងអាចហោះក្នុងល្បឿន ២៦៦៥ km/h។ យន្តហោះនេះធ្លាប់ត្រូវបានចាត់ទុកជាយន្តហោះចម្បាំងល្អដាច់គេរបស់ពិភពលោករហូតដល់ការមកដល់នៃយន្តហោះ Su-27 របស់រុស្ស៊ី។ សព្វថ្ងៃ យន្តហោះធុន F-15 គឺជាយន្តហោះចម្បាំងដ៏សំខាន់ ប្រើប្រាស់ដោយទ័ពអាកាសអាមេរិក ជប៉ុន អ៊ីស្រាអែល កូរ៉េខាងត្បូង សិង្ហបុរី និងអារ៉ាប៊ីសាអូឌីត។ 

៨- យន្តហោះដឹកអ្នកដំណើរ Tupolev Tu-144
ក្រៅពីយន្តហោះ Concorde (ល្បឿន ២២០០ km/h) យន្តហោះល្បឿនលឿនជាងសម្លេងមួយទៀតគឺយន្តហោះ Tupolev Tu-144 ផលិតឡើងក្នុងអតីតសហភាពសូវៀត។ យន្តហោះនេះហោះបានរយៈពេលខ្លីប៉ុណ្ណោះនៅចន្លោះឆ្នាំ ១៩៧៥ និង ១៩៧៩ និងមិនយូរប៉ុន្មានត្រូវបានដកចេញលែងឲ្យហោះហើរដើម្បីហេតុផលសុវត្ថិភាព។ យន្តហោះនេះមិនដែលបានធ្វើប្រតិបត្តិការពេញលេញម្តងណាទេ និងមានបញ្ហាច្រើនណាស់ពេលចាប់ផ្តើមប្រតិបត្តិការ។ យន្តហោះនេះអាចដឹកអ្នកដំណើរបាន ១៦៧ នាក់ និងអាចហោះបានដល់ល្បឿន ២៨៧៨ km/h។ 

៧- យន្តហោះចម្បាំង MIG-31
ជាយន្តហោះស្នងត្រកូលពីយន្តហោះធុន MIG-25 យន្តហោះរុស្ស៊ីធុន MIG-31 ពិតជាមិនបានធ្វើឲ្យអ្នកជំនាន់មុនបាក់មុខនោះទេ។ វាអាចហោះក្នុងល្បឿន ៣០៣០ km/h និងមានរ៉ាដាខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រភេទយន្តហោះចម្បាំងទាំងឡាយ ដោយវាអាចចាប់សញ្ញាយន្តហោះផ្សេងទៀតនៅចម្ងាយជាង ៤០០ គីឡូម៉ែត្រ។ យន្តហោះនេះចេញក្នុងឆ្នាំ ១៩៧៥ ហើយសព្វថ្ងៃត្រូវបានប្រើដោយកងទ័ពអាកាសរុស្ស៊ី និងកាហ្សាក់ស្ថាន។ 

៦- យន្តហោះទម្លាក់គ្រាប់បែក XB-70 Valkyrie
យន្តហោះទម្លាក់គ្រាប់បែករបស់អាមេរិកធុន XB-70 Valkyrie ជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកគំរូ ដែលហោះក្នុងឆ្នាំ ១៩៦៤ និងមានល្បឿនផុតលេខ ៣៣០០ km/h។ បន្ទាប់ពីមានបញ្ហាជាច្រើននៅក្នុងកម្មវិធីផលិតយន្តហោះនេះ ក្នុងនោះរួមមានបញ្ហាកញ្ចប់ថវិកាធំហួសការស្មាន និងឧប្បទ្ទវហេតុធ្ងន់ធ្ងរមួយរួចមក គម្រោងនេះក៏ត្រូវបានលុបចោល។ សព្វថ្ងៃ យោធាអាមេរិកនៅតែព្យាយាមផលិតយន្តហោះដែលមានទំហំ និងល្បឿនប្រហាក់ប្រហែលយន្តហោះ XB-70 Valkyrie នេះដដែល។ 

៥- យន្តហោះចម្បាំង Bell X2
វាជាយន្តហោះគំរូអាមេរិក ដែលគេផលិតឡើងដើម្បីសាកល្បងល្បឿហោះហើរប៉ុណ្ណោះ។ ចេញដំបូងក្នុងឆ្នាំ ១៩៥៥ វាអាចហោះក្នុងល្បឿន ៣៣៧០ km/h។ មេរៀនដែលគេរៀនចេញពីគម្រោងផលិតយន្តហោះនេះត្រូវបានអនុវត្តក្នុងយន្តហោះជាច្រើនប្រភេទ ដែលផលិតក្នុងសហរដ្ឋអាមេរិកនាជំនាន់ក្រោយៗមក។ 

៤- យន្តហោះចម្បាំង MIG-25
ជាយន្តហោះចម្បាំងគួរឲ្យខ្លាចបំផុតរបស់អតីតសហភាពសូវៀត យន្តហោះ MIG-25 ហោះលើកដំបូងក្នុងឆ្នាំ ១៩៦៤ និងបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាមួយនឹងល្បឿន ៣៤០០ km/h របស់វា ហើយសព្វថ្ងៃវាជាយន្តហោះលឿនជាងគេបំផុតដែលកំពុងធ្វើប្រតិបត្តិការក្នុងពិភពលោក។ យន្តហោះនេះនៅប្រើយ៉ាងសកម្មនៅក្នុងកងកម្លាំងអាល់ហ្សេរី អាស៊ែបៃហ្សង់ និងស៊ីរី។ 

៣- យន្តហោះបង្វែងដានសត្រូវធុន YF-12
យន្តហោះបង្វែងដានសត្រូវធុន YF-12 របស់ក្រុមហ៊ុន Lockheed នេះគឺជាប្រភេទយន្តហោះគំរូរបស់កងទ័ពអាកាសអាមេរិក ដែលអាចហោះក្នុងល្បឿន ៣៦៦១ km/h។ គម្រោងផលិតត្រូវបានលុបចោលវិញដោយសារតែការចំណាយប្រតិបត្តិការធំធេងពេក។ 

២- យន្តហោះស៊ើបការណ៍ SR-71
យន្តហោះធុន SR-71 របស់ក្រុមហ៊ុន Lockheed ដែលមានរហស្សនាមថាបក្សីខ្មៅនេះគឺជាប្រភេទយន្តហោះស៊ើបការណ៍ ដែលហោះក្នុងល្បឿន ៣៥៤០ km/h។ ដាក់ឲ្យហោះដំបូងក្នុងឆ្នាំ ១៩៦៤ ដោយកងទ័ពអាកាសអាមេរិក យន្តហោះនេះក្រោយមកក៏ត្រូវបានប្រគល់ឲ្យអង្គការ NASA ដែលបានប្រើវារហូតដល់ឆ្នាំ ១៩៩០ សម្រាប់ធ្វើតេស្តល្បឿននៅនីវ៉ូដ៏ខ្ពស់មួយ។ 

១- យន្តហោះចម្បាំងធុន X-15
ជាយន្តហោះលឿនបំផុតក្នុងប្រវត្តិសាស្ត្រ យន្តហោះគំរូធុន X-15 របស់អាមេរិកមួយនេះអាចហោះបានក្នុងល្បឿនដ៏មិនគួរឲ្យជឿ ៧២៧៣ km/h ក្នុងឆ្នាំ ១៩៦៧។ យន្តហោះនេះគឺជាគម្រោងរួមគ្នារវាងកងទ័ពអាកាសអាមេរិក និងអង្គការ NASA ដែលស្រាវជ្រាវរួមគ្នាដើម្បីស្វែងរកវិធីថ្មីដើម្បីឲ្យយន្តហោះអាចហោះបានល្បឿនលឿនមិនគួរឲ្យជឿ។ ដើម្បីហោះបាន យន្តហោះនេះត្រូវដាក់ឲ្យហោះចេញពីយន្តហោះទម្លាក់គ្រាប់បែក B-52 បន្ទាប់មកទើបវាអាចបញ្ឆេះម៉ាស៊ីនវាបាន។ បន្ទាប់ពីហោះរួច ពីឡុតអាចបញ្ជាយន្តហោះគំរូនេះឲ្យចុះចតដូចយន្តហោះធម្មតាផ្សេងទៀតដែរ៕ 

មតិយោបល់