adverise with khmeread 0

ស្វែងយល់ពី​វិធី​ការពារ​តាមរបៀប​របស់​កីឡាករ Nemanja Vidic

​    ​១. វាយតម្លៃ​ការគំរាមកំហែង​
​    ​Vidic៖ "​តើ​អ្នក​ធាក់​កីឡាករ​ម្នាក់​ដែល​កំពុង​បណ្តើរ​បាល់​សំដៅ​មកពី​មុខ​អ្នក​យ៉ាងដូចម្តេច​? អ្នក​ត្រូវ​ធាក់​ជង្គង់​របស់គាត់​! ហើយ​មុននឹង​អ្នកធ្វើ​បែបនេះ អ្នក​ត្រូវ​ដាល់​គាត់ឱ្យ​ចំពោះ​ផងដែរ​! ប៉ុន្តែ​គួរ​ការពារ​បែបនេះ​មែន​ទេ​? អ្នក​ត្រូវតែ​សម្រេចចិត្តថា​តើ​ត្រូវធ្វើ​អ្វី​ដើម្បី​ទប់ស្កាត់​ពួកគេ ហើយ​វា​អាស្រ័យ​លើ​ទីតាំង​ដែល​អ្នក​កំពុង​ស្ថិតនៅ​។ វា​អាស្រ័យថា​តើ​ពួកគេ​នៅ​ឆ្ងាយ​ពី​អ្នក​ប៉ុនណា តើ​ពួកគេ​មានការ​គ្រប់គ្រង​បាល់​បានល្អ​ប៉ុនណា ហើយ​ជួនកាល វា​អាស្រ័យ ទៅលើ​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ថា​តើ​ប៉ិន​ធ្វើ​ពុត​ដួល​ប៉ុនណា​។ ប្រសិនបើ​មាន​អ្នក​ចាំ​បិទគូថ អ្នក​អាច​ចូល​ដណ្តើម​បាល់​បាន ប៉ុន្តែ​ប្រសិន​គ្មាន​វិញ អ្នក​ត្រូវ​ព្យាយាម​ពាំង​ពីមុខ​រ៉េ​ចុះឡើង​កុំឱ្យ​រូបគេ​មានឱកាស​ញាក់​ផុត​។ កុំ​លូក​ជើង​ចូល​ដាច់ខាតព្រោះ​ប្រសិនបើ​អ្នក​លូក​អត់​បាន​បាល់ គូប្រកួត​នឹង​បណ្តើរ​បាល់​ផុត​អ្នក​ហើយ​ស៊ុត​ទម្លាយ​សំណាញ់​តែម្តង​។​

​    ​២. ត្រូវ​បញ្ឈប់​អ្នក​បណ្តើ​របាល់ ឬ បាល់​
​    ​Vidic៖ "​នៅពេលដែល​អ្នកធ្វើការ​ស្លាយ​ដើម្បី​ស្កាត់​យក​បាល់ គេ​មាន​ក្បួនច្បាប់​ដ៏​សាមញ្ញ​មួយ​គឺ អនុញ្ញាតឱ្យ​បាល់​ឆ្លងកាត់​ខ្សែការពារ ឬក៏​អនុញ្ញាតឱ្យ​គូប្រកួត​ឆ្លងកាត់ខ្សែការពារ​។ ប៉ុន្តែ​ប្រសិនបើ​គូប្រកួត​និង​បាល់​ឆ្លងកាត់​ខ្សែការពារ​ដំណាលគ្នា អ្នក​នឹងមាន​បញ្ហា​។ អ្នក ត្រូវតែ​បញ្ឈប់​បាល់​ឬក៏​គូប្រកួត ហើយ​ត្រូវ​ចាំ​ថា មិនត្រូវ​ឱ្យ​បាល់​និង​គូប្រកួតឆ្លងកាត់​បាន​ដំណាលគ្នា​ទេ​។ វា​ផ្លាស់ប្តូរ​គ្រប់​ស្ថានការណ៍ ប៉ុន្តែ​ក្បួនច្បាប់​សម្រាប់​ទីតាំង​ដែល​អ្នក​ត្រូវ​ឈរ គឺ​ប្រហែល​ជាមួយ​ជំហាន​ពីក្រោយ​គូប្រកួត​នៅពេលដែល​ពួកគេ​បែរ​ខ្លួនព្រោះ​បន្ទាប់មក​អ្នកមាន​ជម្រើស​ដើម្បី​ជ្រើសរើស​អ្វីដែល​ត្រូវធ្វើ​។ កុំទៅ​កៀក​ពេក​"​។​

​    ​៣. រក្សា​លំនឹង​កុំឱ្យ​ដាច់​ចង្កេះ​
​    ​Vidic៖ "​នៅពេល​អ្នក​តទល់​មួយ​ស្មើ​ជាមួយ​កីឡាករ​ណា​ម្នាក់ វា​ជា​ការល្អ​បំផុត​ដែល​ត្រូវ​រក្សា​ជំហរ​ខ្លួន​បែរ​ចំហៀង ព្រោះ​វា​នឹង​ផ្តល់​ពេលវេលា និង​កន្លែង​ទំនេរ​ដើម្បី​ធ្វើការ សម្រេចចិត្តថា​ត្រូវធ្វើ​អ្វី​បន្ទាប់​ទៀត​។ ប្រុងប្រៀប​ក្នុង​ជំហរ​បែប​នឹង អនុញ្ញាតឱ្យ​អ្នក​បាន​មើលឃើញ​គូប្រកួត​ហៀបនឹង​ធ្វើ​អ្វីខ្លះ​។ ជំហរ​បែបនេះ​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​អ្នក ផ្តេកខ្លួន​ធាក់​ដណ្តើមយក​បាល់​។ ប៉ុន្តែ​វា​ជា​ជម្រើស​ចុងក្រោយ​ប៉ុណ្ណោះ ប្រសិនបើ​អ្នក​ប្រាកដថា​នឹង​ដណ្តើមយក​បាល់​បាន​។ ប្រសិនបើ​មិនអាច​ទេ ត្រូវ​រក្សា​ជំហរ​បែរ​ចំហៀង ប្រុងប្រៀប​ដដែល​"​។​

​    ​៤. ការ​ស្លាយ​ជា​ជម្រើស​ចុងក្រោយ​
​    ​Vidic៖ "​ប្រសិនបើ​អ្នក​ត្រូវតែ​ស្លាយ អ្នក​ត្រូវ​ប្រាកដថា អ្នក​ច្បាស់​ជា​ប៉ះបាល់​បាន​មុន​។ អា​ថ៍កំ​បាំង​នៃ​ការ​ធាក់​ស្លាយ​នេះ​គឺ​ស្ថិតនៅលើ​ពេលវេលា​! វា​ត្រូវតែ​ឥតខ្ចោះ​ដើម្បីប្រាកដថា អ្នក​ស្លាយ​បាន​បាល់​មុន មិនមែន​កីឡាករ​នោះទេ​។ វា​មិន​សំខាន់​ទេ​ប្រសិនបើ​អ្នក​ប៉ះបាល់​ដោយ​ចុងជើង​ឬក៏​ធ្វើ​ឱ្យចេញ​ក្រៅ​ទីលាន អ្វីដែល​សំខាន់​នោះ​គឺ​ស្លាយ​បាល់បាន​មុន​។ ប៉ុន្តែ​ដូចដែល​ខ្ញុំ​បាន​និយាយ​អ៊ីចឹង ការ​ស្លាយ​នេះ​គឺជា​ជម្រើស​ចុងក្រោយ​សម្រាប់​ខ្សែការពារ​"​។​

​    ​៥. ធាក់​នៅ​តំបន់​ស្លាប​
​    ​Vidic៖ "​វា​អាស្រ័យទៅលើ​ក្រុម​ដែល​គ្រូបង្វឹក​នឹង​រំពឹង​ឱ្យ​អ្នកធ្វើ​អ្វីខ្លះ​! ប្រសិនបើ​គូប្រកួត​មាន​អ្នក​ពូកែ​វាយ​កាត់ និង​ខ្សែប្រយុទ្ធ​ពូកែ​តែ​ត អ្នក​ត្រូវតែ Block ការ​វាយ​កាត់នោះ​ឱ្យបាន​ជាមុន​។ ប៉ុន្តែ​វា​ក៏​មិនសូវ​សំខាន់​ផងដែរ​នៅពេលដែល​អ្នក​បង្អាក់​ការ​វាយ​កាត់​របស់​គូប្រកួត ប្រសិនបើ​ពួកគេ​មាន​ខ្សែប្រយុទ្ធ​ទាប ដូច្នេះ​ឱ្យ​ពួកគេ​វាយ​កាត់​តាម​សម្រួលក៏បាន ព្រោះ​អ្នក​ប្រហែលជា​អាច​តែ​តបាល់​ចេញ​បាន​។ គូប្រកួត​កាន់តែ​គ្រោះថ្នាក់​នៅពេលដែល​អ្នក​ប​ង្ហា​ញ​ពួកគេ​នូវ​ផ្ទៃក្នុង​របស់​អ្នក ហើយ​អនុញ្ញាតឱ្យ​ពួកគេ​លេង​ថយក្រោយវិញ​។ នៅពេលនោះ​ហើយ​ដែល​អ្នក​ត្រូវតែ​ស្លាយ​ដណ្តើមយក​បាល់​មកវិញ​ជាដាច់ខាត​។​

​    ​៦. ផ្តោតលើ​ការលេង​កាចៗ​
​    ​Vidic៖ "​នៅពេលដែល​អ្នកធ្វើការ​ធាក់ អ្នក​ត្រូវតែមាន​ស្មារតី​ផ្តោតទៅលើ​បាល់​។ អ្នក​ត្រូវតែ​លេង​កាច​រាល់​ការ​ធាក់​ទាំងអស់ ដោយ​កំណត់ថា អ្នកនឹង​បាន​បាល់តែ​មិនមែន​ជើង​គូប្រកួត​ទេ​។ ដោយ​រួមផ្សំ​ការផ្តោត​នេះ​ជាមួយនឹង​ភាព​កាច វា​គឺជា​កូនសោ​នៃ​ការការពារ​! មិនមែន​ត្រឹមតែ​ការពារ​ល្អ​នោះទេ ហើយ​អ្នក​ក៏​ធាក់​ដោយ​បច្ចេកទេស​និងមិនបាន​កាត​ទៀតផង ប៉ុន្តែ​វា​ជាការ​ការពារ​ដ៏​ល្អជា​ទូទៅ​ទៅហើយ​។ ការ​ធាក់​ដោយ​បច្ចេកទេស​ប៉ុន្មាន​លើក​ប៉ុន្មាន​សារ អាច​គ្រប់គ្រាន់​ដើម្បី​ធ្វើឱ្យ​ខ្សែប្រយុទ្ធ​គូប្រកួត​បែក​កង់ និងធ្វើឱ្យ​គាត់​បាត់ស្រមោល​ពី​ការប្រកួត​របស់គាត់​។ ចំពោះ​រឿងនេះ វា​គួរតែ​ជា​គោលដៅ​ចម្បង​នៅពេល​ចាប់ផ្តើម​ការប្រកួត​"៕

 

adverise with khmeread
ប្រភព៖ ៤៤២

អ្នកនឹងចូលចិត្ត

មតិយោបល់