adverise with khmeread 1ddf5113 aa0f 43ec 8edd 42d2a0ffaeb9

សព​លោក​ទៀន កុរ​ណា​ត្រូវបាន​ដង្ហែរ​ទៅ​បូជា​នៅ​វត្ត​វត្ត​ន​ន្ទ​មុន្នី​

    ភ្នំពេញ ៖ សព​លោក​ទៀន កុរ​ណា​ត្រូវបាន​ដង្ហែរ​ទៅ​បូជា​នៅ​វត្ត​វត្ត​ន​ន្ទ​មុន្នី ស្ថិត​ក្នង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពី​រសៀល​ថ្ងៃទី​៣០ ​មេសា​ ឆ្នាំ​២០១៦​ដោយមាន​មន្ត្រី​អាវុធហត្ថ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលរួម។​

    ក្នុង​ពិធី​បូជាសព​លោក​ ទៀន កុរ​ណា ត្រូវបាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​អញ្ជើញ​ជា​អធិបតី និង ប្រទាន​ភ្លើង​បូជាសព​លោក ជា​លើកចុងក្រោយ។​

    សូមបញ្ជាក់ថា លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​បាន​អះអាង​នៅ​ចំពោះមុខ​ក្រុមគ្រួសារ​សព​លោក​ ទៀន កុរ​ណា ដែល​កំពុង​ដំកល់​ធ្វើបុណ្យ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៨ ​មេសា​ កន្លងទៅ​ថា លោក​និង​អាវុធហត្ថ​ក្រុង​នឹង​ទទួលខុសត្រូវ​ទាំងស្រុង​ទៅលើ​ជីវភាព​រស់នៅ​របស់​ក្រុមគ្រួសារ​សព​លោក​ទៀន កុរ​ណា ជា​រៀងរហូត។​

    លោក ​រ័ត្ន ស្រ៊ាង ដែលជា​មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បន្តថា​ការរៀបចំ​ធ្វើ​ពិធី​បុណ្យសព​លោក​ ទៀន កុរ​ណា គឺ​លោក​ទទួល​រ៉ាប់រង​ទាំងស្រុង។ បន្ទាប់មក​ការរៀបចំ​ធ្វើបុណ្យ​៧​ថ្ងៃ​នៅផ្ទះ​លោក​ ទៀន កុរ​ណា​ ក៏​លោក​ទទួល​រ៉ាប់រង​ទាំងស្រុង​ផងដែរ។ ចំណែក​បច្ច័យ​ដែល​សប្បុរសជន​ចូល​បុណ្យ​លោក​ប្រគល់ឱ្យ​ភរិយា​សព​លោក​ ទៀន កុរ​ណា ​ទាំងអស់​សម្រាប់​ដោះស្រាយ​ជីវភាព​រស់នៅ​និង​ចិញ្ចឹម​កូន​២​នាក់​ស្រី​ម្នាក់​និង​ប្រុស​ម្នាក់​ដែល​កំពុង​នៅ​រៀន។​

    លោក​រ័ត្ន ស្រ៊ាង បន្តថានៅពេល​កូនលោក ​ទៀន កុរ​ណា រៀន​ចប់​ហើយ​មានបំណង​ចង់​បម្រើ​ជា​កងរាជអាវុធហត្ថ លោក​នឹង​ស្នើសុំ​ទៅ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ សុខា ដើម្បី​បញ្ចូល​ពួកគេ​ក្នុង​ក្របខណ្ឌ​កងរាជអាវុធហត្ថ​បន្ត​ពី​ឪពុក​របស់​ពួកគេ។​

    លោក​អនុសេនីយ៍ឯក ទៀន កុរ​ណា នាយរង​ការិយាល័យ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ពលី​ជីវិត​កាលពី​ល្ងាច​ថ្ងៃទី​២៧ ​មេសា ឆ្នាំ​២០១៦ បន្ទាប់ពី​បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​សម្បុក​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​នៅផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក ហើយ​មេក្លោង​ជួញដូរ​គ្រឿងញៀន​ត្រូវបាន​កម្លាំង​អាវុធហត្ថ​បាញ់​ស្លាប់​និង​ចាប់ខ្លួនបាន​៥​នាក់។ សព​លោក​ ទៀន កុរ​ណា ​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ វរៈសេនីយ៍ត្រី ជា​កិ​ច្ចប​ច្ឆា​មរណៈ។​

    ចំណែក​សព​មេ​ឧក្រិដ្ឋជន​គ្រឿងញៀន ដែល​អាវុធហត្ថ​បាញ់សម្លាប់ ត្រូវបាន​អ្នក​ភ្លុក​បូជា​ហើយ នៅ​វត្ត​ឬ​ស្សី​សាញ់ កាលពី​រសៀល​ថ្ងៃទី​២៨​ មេសា ឆ្នាំ​២០១៦ ​ដោយ​គ្មាន​សាច់ញាតិ​ណា​ម្នាក់​ចូលរួម​ឡើយ។ ពលរដ្ឋ​បាន​លើកឡើងថា"​សព​មេ​គ្រឿងញៀន​ត្រូវបាន​ដុត​ដូច​ខ្មោច​ឆ្កែ​"។​

    ចំណែក​សព​មន្ត្រី​អាវុធហត្ថ​លោក​វរៈសេនីយ៍ត្រី ទៀន ករុណា ត្រូវបាន​អ្នកធំ​អ្នកតូច​និង​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​ចូលទៅ​គោរព​និង​ចូល​បច្ច័យ។ មិនតែប៉ុណ្ណោះ​មាន​ពលរដ្ឋ​មួយចំនួន​បាន​ប្រសិទ្ធ​នាម​លោក ​ទៀន កុរ​ណា ថា" ជា​វីរៈជន​"ទៀតផង៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់