adverise with khmeread 1ca6a81f facf 4c1a 822b 9e53e0f3550e

យប់​ដើមខែ​១​ឧសភា ៖ ក្នុងពេល​តែ​១​មាន​ករណី​ប្លន់​២​កន្លែង​ផ្សេងគ្នា​ក្នុង​សង្កាត់​បឹងកក់​១ និង​សង្កាត់​បឹង​ព្រលឹត​

     ភ្នំពេញ ៖ នៅក្នុងពេល​តែ​១​មាន​ករណី​ប្លន់​២​កន្លែង​ផ្សេងគ្នា គឺ​ក្នុង​ទឹកដី​សង្កាត់​បឹងកក​ទី​១ ខណ្ឌទួលគោក ដោយមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ប្រើ​បំពង់​ទីប​ដែក​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៦ ពី​ប្តី​ប្រព​ន្ឋ​២​នាក់ និង​ក្នុង​សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មករា ​ជនសង្ស័យ​២​នាក់​ប្រដាប់ ​កាំភ្លើងខ្លីភ្ជង់​ និង​វាយ​ប្លន់​យក​ម៉ូតូ Zoomer-X បានសម្រេច​​ដូចគ្នា ដែល​ករណី​ប្លន់​ទាំង​២​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៦។

     ករណី​ទី​១-​វាយ​ប្លន់​យក​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥ សេរី​ឆ្នាំ​២០១៦ គឺ​ដំបូង​បុរស​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ពី​ស្ទឹងមានជ័យ បំណង​មក​យក​ប្រព​ន្ឋ​ដែល​មកជួយ​លក់ដូរ​ម្តាយមីង​។ ពេលមកដល់​កន្លែង​ដែល​ប្រព​ន្ឋ​ឈរ​ចាំ​ខាងក្រោយ​សណ្ឋាគារ​ឡុង​ប៉ិច តាម​បណ្តោយ​ផ្លូវ​លេខ​៥២៨ កែង​ផ្លូវ​លេខ​៣១៣ ស្រាប់​តែមាន​ជនសង្ស័យ​៣​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​មក​កៀរ ​និង​ធាក់​ផ្តួល​ជនរងគ្រោះ រួច​បាន​បំពង់​ទីប​ដែក​វាយ​មកលើ​ជនរងគ្រោះ បណ្តាលឱ្យ​រងរបួស​ដៃ។​

     ពេលនោះ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​ពេក​ក៏បាន​រត់ចោល​ម៉ូតូ ហើយ​ជនសង្ស័យ​ក៏បាន​លើក​ម៉ូតូ​យកទៅ​បាត់​តែម្តង ដោយ​មិនមាន​នរណាម្នាក់​ហ៊ាន​ជួយ​នោះទេ បើទោះបីជា​ប្រព​ន្ឋ​ជនរងគ្រោះ​ស្រែក​ឱ្យគេ​ឯង​ជួយ​ក៏ដោយ។​

     ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​សួរនាំ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹងកក់​ទី​១ ដើម្បីឱ្យ​សមត្ថកិច្ច​ងាយស្រួល​កំណ​ត់​មុខសញ្ញា​ជនសង្ស័យ។​

     ករណី​ទី​២-​ភ្ជង់​ប្លន់​យក​ម៉ូតូ Zoomer-X គឺ​ដំបូង​ជនរងគ្រោះ​ប្រុស​ស្រី​៥​នាក់ បាន​ជិះ​ម៉ូតូ​៣​គ្រឿង​មកពី​ដើរលេង​នៅក្នុង​កោះ​ពេជ្រ ពេលមកដល់​មុខ​ខារ៉ាអូខេ​គិរី​រម្យ ពួកគេ​ក៏បាន​បែកផ្លូវ​គ្នា​ដោយ​នារី​រងគ្រោះ​បាន​ជិះ​ម៉ូតូ ម៉ាក ​Zoomer X ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ FT-9671 បំណង​ឌុប​មិត្ត​ភក្ត្រ​ទៅផ្ទះ​នៅ​ម្តុំ​ផ្សារ​អូរ​ស្សី ដោយ​ជិះ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥។​

     ខណៈ​មកដល់​ចំណុច​កែង​ផ្លូវ​លេខ​១៨២ ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក Zoomer X ព​ណ៍ស មិន​ចាំ​ស្លាក​លេខ ជិះ​មកពី​ក្រោយ​បាន​កៀរ​នារី​រងគ្រោះ​ឱ្យ​ឈប់ រួច​ជនសង្ស័យ​ក៏បាន​ដក​កាំភ្លើងខ្លី​ចេញពី​ចង្កេះ ភ្ជង់ ​និង​វាយ​នារី​រងគ្រោះ​២-៣​កំភ្លៀង រួច​ក៏​យក​ម៉ូតូ​ទៅ​បាត់​តែម្តង។​

     ក្រោយមក​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​សួរនាំ និង​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ព្រលឹត ដើម្បីឱ្យ​សមត្ថកិច្ច​ងាយស្រួល​កំណ​ត់​មុខសញ្ញា​ជនសង្ស័យ។​

     យ៉ាងណាក៏ដោយ​ភ្លាមៗ​នោះ សមត្ថកិច្ច​មិនទាន់បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​ទាំង​២​នាក់​នៅឡើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់