តារារបស់តោខៀវ Chelsea កីឡាករ Eden Hazard ជឿថា ទម្រង់លេងដ៏អន់របស់គាត់នឹងត្រូវបានបំភ្លេច ប្រសិនបើគាត់រះនៅព្រឹត្តិការណ៍យ៉ូរ៉ូ ២០១៦ ជាមួយជម្រើសជាតិបែលហ្ស៊ិក។
កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានជួបការលំបាកយ៉ាងខ្លាំងជាមួយ Chelsea ក្នុងរដូវកាលនេះ ដោយរកបានត្រឹមតែពីរគ្រាប់ និង Assist បានបីប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Premier League។
ទោះជាយ៉ាងនេះក្តី Hazard បានប្រាប់ទូរទស្សន៍ Canal+ ថា "ខ្ញុំសង្ឃឹមថា ខ្ញុំនឹងវិលត្រឡប់ទៅទម្រង់លេងកំពូល។ ខ្ញុំដឹងថា ប្រសិនបើខ្ញុំលេងបានល្អនៅយ៉ូរ៉ូ រដូវកាលដ៏អាក្រក់របស់ខ្ញុំនឹងត្រូវបានបំភ្លេច"។
គាត់ក៏បាននិយាយថា កាយសម្បទារបស់គាត់មិនទាន់ពេញលេញ ១០០ ភាគរយនៅឡើយទេ ហើយអាចនឹងវិលមកស្ថានភាពល្អវិញនៅពេលដែលរដូវកាលនេះបញ្ចប់៕
