adverise with khmeread Game

វីដេអូហ្គេមជួយមនុស្សត្រៀមខ្លួនសម្រាប់ឆាកជីវិតតាមរបៀបចំនួន ៦ យ៉ាង

ប្រសិនបើអ្នកកំពុងអានអត្ថបទនេះ ឱកាសគឺមានខ្ពស់ណាស់ថាអ្នកធ្លាប់លេងវីដេអូហ្គេមនៅគ្រាណាមួយនៃជីវិតរបស់អ្នក។ ហ្គេមឥឡូវមិនមែនសម្រាប់តែក្មេងលេងទៀតនោះឡើយ អ្នកលេងហ្គេមបច្ចុប្បន្នមានវ័យជាមធ្យមគឺ ៣១ ឆ្នាំ ហើយពួកគេចូលចិត្តលេងហ្គេមតាមប្រភេទខុសៗគ្នា។ ខណៈពីមុនគេថាហ្គេមគឺជាការខ្ជះខ្ជាយពេលវេលា តែឥឡូវគេបានទទួលស្គាល់វាយ៉ាងទូលំទូលាយថាជាការកម្សាន្តដ៏ពិតប្រាកដមួយ។ អ្វីដែលយើងមិនបានចាប់អារម្មណ៍នោះគឺថាការកម្សាន្តតាមរយៈហ្គេមអាចជួយយើងត្រៀមខ្លួនសម្រាប់ពិភពលោកពិតប្រាកដតាមវិធីផ្សេងៗគ្នាជាច្រើនដូចខាងក្រោម។ 

១- ហ្គេមជួយអ្នកឲ្យចេះចេះកលល្បិច
នៅក្នុងវីដេអូហ្គេមគឺពោរពេញដោយល្បិចស្នៀតជាច្រើន ដែលអនុញ្ញាតឲ្យអ្នកពូកែលេងហ្គេមអាចយកប្រៀបឈ្នះតាមរបៀបមិនយុត្តិធម៌។ តួយ៉ាងក្នុងឆាកជីវិតពិតប្រាកដវិញ ហ្គេមអាចនឹងបង្រៀនមនុស្សឲ្យចេះប្រើល្បិចកលដើម្បីយកប្រៀបឈ្នះលើអ្នកដទៃតាមរបៀបឈរខ្សែលើផងដែរ។ 

២- ហ្គេមជួយមនុស្សឲ្យចេះដើររុករក និងផ្សងព្រេង
តាំងពីហ្គេមល្បីជំនាន់មុនឈ្មោះថា Legend of Zelda ចេញដំបូងក្នុងទសវត្សរ៍ ១៩៨០ មក វីដេអូហ្គេមនានាចាប់ផ្តើមតម្រូវឲ្យអ្នកលេងចេះដើររុករកក្នុងពិភពលោកប្រឌិតដើម្បីស្វែងរកអាថ៍កំបាំងនៅក្នុងនោះ។ សូម្បីតែហ្គេម Super Mario Bros ក៏មានវគ្គផ្សងព្រេងគួរឲ្យចាប់អារម្មណ៍ផងដែរ។ តើនេះមិនមែនជាអ្វីដែលជីវិតមនុស្សចង់បានទេឬ? ទោះបីពិភពលោកមានផែនទីសម្គាល់ក៏ដោយ ក៏នៅតែមានកន្លែងអាថ៍កំបាំងរាប់មិនអស់ជាច្រើនទៀតត្រូវរុករកផងដែរ។ ហើយការតបស្នងចំពោះការស្វែងរកឃើញនូវអ្វីដែលថ្មីគឺពិតជាមានភាពអស្ចារ្យខ្លាំងជាងការរំលងទៅលេងវគ្គ ៨ ទៅទៀត មិនអ៊ីចឹង? 

៣- ហ្គេមជួយឲ្យមានមនុស្សភាពអំណត់
អ្នកលេងហ្គេមពិតប្រាកដច្បាស់ជាមានហ្គេមសំណព្វចិត្តណាមួយ ដែលខ្លួនគេលេងរហូតដល់ថ្នាក់បិទភ្នែកពីរបីនាទីក៏អាចលេងបានដែរ។ តែនេះគឺដោយសារតែពួកគេបានឆ្លងវគ្គដដែលៗរាប់ភ្លេចទៅហើយ។ តែពួកគេមិនអាចឈប់លេងបានទេ ព្រោះត្រូវតែឆ្លងវគ្គលំបាកៗឲ្យរួចដើម្បីឆ្លងវគ្គថ្មីឲ្យទាល់តែបាន។ ក្នុងជីវិតពិតវិញ មានតែអ្នកដែលធ្លាប់ជោគជ័យពិតប្រាកដទេដែលហ៊ានងើបឡើងវិញ បន្ទាប់ពីដួលម្តងហើយម្តងទៀត និងបន្តប្រឹងប្រែងរហូតពួកគេសម្រេចគោលដៅរបស់ខ្លួន។ ចំពោះអ្នកធ្លាប់ឆ្លងកាត់ការលេងហ្គេមងប់ច្បាស់ជាមានភាពអំណត់បែបនេះនៅក្នុងចិត្ត។ 

៤- ហ្គេមជួយមនុស្សបង្កើនការចុះសម្រុងក្នុងសង្គម
អ្នកលេងហ្គេមអនឡាញជាពិសេសប្រភេទហ្គេម Final Fantasy ពូកែណាស់ខាងជជែកគ្នាជាមួយតួអង្គនីមួយៗនៅក្នុងហ្គេម។ ចំពោះឆាកជីវិតពិតវិញ ពួកអ្នកលេងហ្គេមហាក់ដូចជាពុំមានការលំបាកអ្វីទេក្នុងការប្រាស្រ័យទាក់ទងមនុស្សម្នានៅក្នុងសង្គម។ 

៥- ហ្គេមជួយមនុស្សឲ្យចេះពង្រឹងចក្ខុវិស័យ
ក្នុងប្រភេទហ្គេមខ្លះគឺគេតម្រូវឲ្យអ្នកលេងជ្រើសរើសតួអង្គក្នុងហ្គេមដើម្បីលេងទៅដល់វគ្គចុងក្រោយដោយជោគជ័យ។ វាជួយឲ្យអ្នកលេងចេះពិចារណា គិតគូវែងឆ្ងាយណាស់មុននឹងជ្រើសតួអង្គណាមួយដើម្បីនាំខ្លួនទៅរកវគ្គចុងក្រោយ។ ដោយឡែកក្នុងជីវិតពិតវិញ វាក៏ជួយមនុស្សឲ្យមានផ្នត់គំនិតធ្វើអ្វីមួយប្រកបដោយទស្សនៈវិស័យ និងចក្ខុវិស័យផងដែរ។ 

៦- ហ្គេមបង្រៀនអ្នកឲ្យចេះយល់អារម្មណ៍អ្នកដទៃ
គេថាបណ្តាញផ្សព្វផ្សាយមានឥទ្ធិពលមិនធម្មតាលើអារម្មណ៍របស់មនុស្ស តែវីដេអូហ្គេមឯណោះវិញទេដែលមានឥទ្ធិពលខ្លាំងលើអារម្មណ៍របស់មនុស្ស។ នៅពេលអ្នកលេងហ្គេមកាន់តែយូរទៅៗ អ្នកនឹងកាន់តែមានទំនាក់ទំនងជាមួយនឹងតួអង្គក្នុងហ្គេមដែលអ្នកកំពុងបញ្ជានោះ។ សូម្បីអ្នកលេងហ្គេមវ័យក្មេង ដែលមិនធ្លាប់ជួបប្រទះការបាត់បង់ក្នុងជីវិតពិត ក៏អាចចាប់ផ្តើមយល់អំពីអារម្មណ៍របស់តួអង្គ និងដឹងពីរបៀបដោះស្រាយជាមួយនឹងឆាកជីវិតរបស់តួអង្គក្នុងហ្គេមដែរពេលតួអង្គជួបការលំបាកក្នុងវគ្គនីមួយៗ។ វីដេអូហ្គេមមិនត្រឹមតែបង្រៀនអ្នកយ៉ាងច្រើនអំពីពិភពលោកប៉ុណ្ណោះទេ តែវាថែមទាំងប្រៀនអ្នកឲ្យស្គាល់ពីខ្លួនអ្នកកាន់តែច្រើនផងដែរ៕ 

adverise with khmeread

មតិយោបល់