ភ្នំពេញ ៖ មុខសញ្ញាលួចមានស្ថានទម្ងន់ទោសនិងទទួលផលចោរកម្មក្របួចកអាវគំរាមយកទូរស័ព្ទក្នុងថ្នាក់រៀននៅក្នុងសាលាបឋមសិក្សាឬស្សីកែវ ត្រូវបានប៉ូលិសឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីវេលាម៉ោង១០ដល់ម៉ោង១កន្លះរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦។
ប៉ូលិសនិយាយថា ក្រោយពីទទួលព័ត៌មានពីឪពុកជនរងគ្រោះកម្លាំងផ្នែកជំនាញខណ្ឌ និងប៉ុស្តិ៍ឬស្សីកែវបានចុះទៅដល់កន្លែងកើតហេតុរួចធ្វើការស្រាវជ្រាវកំណត់បានអត្តសញ្ញាណជនសង្ស័យឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់នៅម៉ោង១១ និង៣០នាទីចំណុចវិទ្យាល័យឬស្សីកែវ ក្នុងខណ្ឌឫស្សីកែវ។
ប៉ូលិសបន្តថា ជនសង្ស័យទី១-ឈ្មោះ អៀម ពៅ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅមុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ វ៉ាន់ ជីវ័ន្ត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរទីលំនៅមិនពិតប្រាកដ ទី៣-ឈ្មោះ សុខ ស៊ីថា ហៅអាឆ្អឹង ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ មុខរបរមិនពិតប្រាកដ និងទី៤-ឈ្មោះ សុក ពី ហៅអាងោ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅមុខរបរមិនពិតប្រាកដ។
ក្រោយពេលឃាត់បានជនសង្ស័យ៤នាក់ហើយផ្នែកជំនាញខណ្ឌប៉ុស្តិ៍បានបន្តយកមុខសញ្ញាទទួលផលចោរកម្មនៅម៉ោង១ និង២០នាទីរសៀលថ្ងៃដដែលឈ្មោះ តំ ស៊ីខេ ហៅណង់ ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅផ្ទះលេខ៧៣០ ផ្លូវបេតុងក្រុមទី១០ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ាច វិសាល ភេទប្រុស អាយុ១៣ឆ្នាំ មានទីលំនៅផ្ទះ១១៣ក ផ្លូវរថភ្លើង ក្រុមទី៧ ភូមិមិត្តភាពសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរសិស្ស។ ទូរស័ព្ទដែលជនសង្ស័យគំរាមយកម៉ាកណូគារ១២.៨០មួយគ្រឿង។
បច្ចុប្បន្នជំនាញខណ្ឌប៉ុស្តិ៍កំពុងសាកសួរបំពេញនិតិវិធីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
