adverise with khmeread Da66eb38 8593 4efe bc5d e7115748e69b

ព័ត៌មាន​បន្ថែម​ស្តីពី​បើករថយន្ត​បុក​ម៉ូតូ​ផ្ទុះ​ឆេះ​ទាំងពីរ ស្លាប់​២​នាក់​និង​របួស​៤​នាក់​

     ភ្នំពេញ ៖ បុរស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​៤​នាក់​ទៀត​រងរបួស​ធ្ងន់ ដោយសារ តែ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោគជាំ​បាន​បើករថយន្ត​ហាយ​ប្រ៊ី​ដ​ក្នុង​ល្បឿន​យ៉ាង​លឿន បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ពេញទំហឹង បណ្តាលឱ្យ​រថយន្ត​និង​ម៉ូតូ​១​គ្រឿងផ្ទុះ​ឆេះ​យ៉ាង​ស​ន្ធោ​ស​ន្ធៅ​ បង្ក​ការភ្ញាក់ផ្អើល​រថយន្ត​ព​ន្លត់​អគ្គីភ័យ​ជាច្រើន​គ្រឿង​មក​អន្តរាគមន៍​មក​បាញ់​ពន្លត់។​

     ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បានកើត ឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​១៥​នាទី​យប់​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​៦០​ម៉ែត្រ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

     យុវជន​បង្ក​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ រ៉ា​ត វី​រះ​តា​រូ អាយុ​២៥​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន Skin Care ខាងក្រោយ​វិទ្យាល័យ​បាក់​ទូក បច្ចុប្បន្ន​ស្នាក់នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល។​

     ចំណែក​ជនរងគ្រោះ​ទី​១-​ឈ្មោះ សុក ថាំ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង និង​ជនរងគ្រោះ​ទី​២ មិនទាន់​ស្គាល់​អត្ត​ស​ញ្ញណ​នៅឡើយ​។​

     ប្រភពព័ត៌មាន​ជុំវិញ​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ម៉ាក​កាមរី​ហាយ​ប្រ៊ី​ដ ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6797 បើកបរ​ដោយ​យុវជន​ម្នាក់​ស្រវឹងស្រា​ជោកជាំ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ពី​ស្ថានីយ៍​ប្រេង​ឥ​ន្ឋ​នៈ​សូគីម៉ិច​ច្រមុះជ្រូក​ក្បាលថ្នល់​សំដៅទៅ​ចាក់អង្រែ​ក្រោម។​

     ពេលមកដល់​ចំណុចកើតហេតុ​បាន​បុក​រះ​ម៉ូតូ​២​គ្រឿង​ពីក្រោយ​ពេញទំហឹង ១​គ្រឿង​ម៉ាក​ស៊ុយ​សុ​គី​ស្មាស ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-2075 និង​ម៉ូតូ​ស៊ុយ​សុ​គី​ស្មាស ពណ៍​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BY-6466 ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​ជិះ​ឌុប​គ្នា​៣​នាក់​ដូចគ្នា បណ្តាល​​​ឱ្យ​បុរស​ម្នាក់១​ផ្លោង​បោក​ក្បាល​ នឹង​កង់​លូ​ស្លាប់ និង​១​ទៀត​បោក​ក្បាល​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ និង​៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។​

     ក្រោយមក​រថយន្ត​បង្ក​និង​ម៉ូតូ​១​គ្រឿង​អូស​ជាប់​គ្នា ហើយ​រថយន្ត​បាន​ហូរ​ប្រេង​ផ្ទុះ​ឆាប់​ឆេះ​​ឡើង​យ៉ាង​ស​ន្ធោ​ស​ន្ធៅបង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ មក​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ចំនួន​៣​គ្រឿង​ទើប​រលត់ ប៉ុន្តែ​រថយន្ត​និង​ម៉ូតូ​១​គ្រឿង​បាន​ឆេះ​ខ្ទេច​ទាំងស្រុង​ទៅហើយ។​

     ចំណែក​យុវជន​ដែលជា​អ្នកបើករថយន្ត​បង្ក​បាន​ព្យាយាម​រត់គេចខ្លួន ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បានមក​វិញ ហើយ​រថយន្ត​បង្ក​និង​ម៉ូតូ​ជនរងគ្រោះ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ជាមួយ​អ្នកបើករថយន្ត​បង្ក​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​​តាមផ្លូវ​ច្បាប់ ។​

     ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​សាច់ញាតិ ឱ្យមក​ទទួល​យក​ទៅធ្វើ​បុណ្យ​ឯ​ស្រុកកំណើត​តាម​ប្រពៃណី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់