adverise with khmeread 1

​បន្ទាប់ពី Leicester ឈ្នះ BPL លោក Ranieri ថា ចង់​ធ្វើឱ្យ Leicester ដូច​ឆ្នាំនេះ​ទៀត​គឺ "​មិនអាច​កើតឡើង​ឡើយ​"

    ​លោក Claudio Ranieri បាន​និយាយថា ការដែល​ចង់ឱ្យ Leicester បន្តធ្វើ​ល្អ​ដូច​ឆ្នាំនេះ​ទៀត​ក្នុង​ក្របខ័ណ្ឌ Premier League នៅ​រដូវ​កាល​ក្រោយ​គឺ "​មិនអាច​ធ្វើបាន​ម្តងទៀត​នោះឡើយ​"​។​

​    ​លទ្ធផល ២-២ រវាង​ក្រុម Chelsea និង Tottenham នៅ​ទឹកដី Stamford Bridge បានអនុញ្ញាត​ឱ្យ​ក្រុម​កញ្ជ្រោង​លើក​ពាន Premier League ជា​លើកដំបូង​ជាមួយ​ការប្រកួត​នៅសល់​ក្នុង​ដៃ​ចំនួន​ពីរ​ប្រកួត ហើយ​លោក Ranieri បាន​ទទួលស្គាល់ថា គាត់​បាន​តាមដាន​ការប្រកួត បើទោះជា​បាន​អះអាងថា គាត់​មិនអាច​មើល​ការប្រកួត​នេះ​បាន ដោយសារ​ជាប់​ហោះហើរ​ពី​ប្រទេស​អ៊ីតាលី​បន្ទាប់​អាហារ​ពេល​ថ្ងៃ​ជាមួយ​ម្តាយ​វ័យ ៩៦ ឆ្នាំ​របស់គាត់​ក៏ដោយ​។​

​    ​លោក Ranieri បាន​ប្រាប់​សារព័ត៌មាន RAI Sport របស់​អ៊ីតាលី​ថា "​នៅពេលដែល​អ្វីមួយ​កើតឡើង​បែបនេះ អ្នក​មិនអាច​ដឹង​ច្បាស់​បានឡើយ​! Tottenham បានឈ្នះ​ក្នុង​តង់​ទីមួយ ដូច្នេះ​ខ្ញុំ​ដូចជា​ខកចិត្ត​បន្តិច​ដែរ​។ បន្ទាប់មក នៅពេលដែល Cahill រកបាន​គ្រាប់​បាល់ ខ្ញុំ​បាន​គិតថា អ្វីមួយ​អាច​កើតឡើង​។ ខ្ញុំ​ពិតជា​បាន​អបអរ​នៅពេលដែល Hazard រក​គ្រាប់​បាល់​តាម​ស្មើ​"​។​

​    ​គាត់​បាន​បន្តថា "​នេះ​គឺជា​ឆ្នាំ​ដែល​មិនអាច​ធ្វើបាន​ម្តងទៀត​! នៅ​ឆ្នាំក្រោយ យើង​សង្ឃឹមថានឹង​ព្យាយាម​ដើម្បី​កំពូល​ទាំង ១០​។ យើង​ត្រូវតែ​បន្ត​អភិវឌ្ឍ​និង​ធ្វើឱ្យ​បានល្អ​"៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់